• 2018-10-01 03:13:55
  • ព័ត៌មាន

រមណីយដ្ឋាន៥កន្លែង ទេសភាពស្អាត ដើរលេងសប្បាយខ្លាំង មានវត្តអារាមបានធ្វើបុណ្យទៀត

  • 2018-10-01 03:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ភ្ជុំបិណ្ឌ មក​ដល់​ម្ដង​ៗ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្រួសារ តែង​​ធ្វើ​បុណ្យ​​សាង​កុសល នៅ​តាម​ទីវត្ត​អារាម​នានា ហើយ​ក៏​ជា​ឱកាស​ជួប​ជុំ​គ្នា​ដើម្បី​ដើរ​លេង​កម្សាន្ត។ ថ្ងៃ​នេះ​ Sabay សូម​នាំ​ប្រិយ​មិត្ត​ទៅ​តំបន់​ទេសចរណ៍​បែបធម្មជាតិ និង​វប្បធម៌​ ប្រវត្តិសាស្ត្រ ​និង​ជា​កន្លែង​សក្ការ​ដ៏​សំខាន់ ៥​កន្លែង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តើ​តំបន់​ទេសចរណ៍​ទាំង​នោះ​មាន​ទីតាំង​នៅ​ឯណា​ខ្លះ? តោះ​ទៅ​ដើរ​លេង​ទាំង​អស់​គ្នា!

១.​រមណីយដ្ឋាន​ភ្នំសំពៅ

ភ្នំសំពៅ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ ប្រកប​ដោយ​ទេសភាព​ស្រស់​បំព្រង ហ៊ុម​ព័ទ្ធ​ដោយ​វាល​ស្រែ​ខៀវ​ស្រងាត់​ មាន​ប្រវែង​ប្រមាណ​១៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។ នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ ពុទ្ធបរិស័ទ​អាច​ឆៀង​ចូល​វត្ត​ភ្នំសំពៅ​នៅ​ក្បែរ​នោះ ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ រួច​ហើយ​បង្ហួស​ទៅ​លេង​ភ្នំសំពៅ​តែម្ដង។

ភ្ញៀវទេសចរ​អាច​នៅ​រង់ចាំ​ទស្សនាប្រចៀវ​រាប់​លាន​ល្បាល​នៅ​ពេល​ល្ងាច និង​ទស្សនា​ព្រះអាទិត្យ​ហៀប​លិច​ដ៏​ស្រស់​ស្អាត​នៅ​លើ​កំពូល​ភ្នំ​សំពៅ និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅ​ជើង​ភ្នំ ក៏​ដូចជា​ម្ហូប​អាហារ នំ​ចំណី​ដ៏​សម្បូរ​បែប​ទៀត​ផង។

២. រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ភ្នំបាណន់

ភ្នំបាណន់​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ខេត្ត​បាត់ដំបង មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត។ ក្រៅ​ពី​បាន​ទៅ​ធ្វើ​បុណ្យ​រាប់​បាត្រ នៅ​វត្ត​ភ្នំបាន់​ហើយ នៅ​ទីនោះ​មាន​ទេសភាព​ស្អាត មាន​ភ្នំ​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់​បំព្រង មាន​ទឹក​បឹង​ធម្មជាតិ​ដ៏​ថ្លា​ឈ្វេង​ក្បែរ​ជើង​ភ្នំ។ ភ្ញៀវ​ទេសចរ​អាច​អ៊ុំទូក​លេង​កម្សាន្ត​ទស្សនា​ព្រៃ​លិច​ទឹក ពិសា​ម្ហូប​អាហារ​ឆ្ងាញ់ៗ ដែល​មាន​ក្យូស​អង្គុយ​សម្រាក​លម្ហែ​កាយ​តម្រៀប​គ្នា​ហូរហែ​នៅ​ប្រប​នឹង​មាត់​បឹង។

ពិសា​បាយ​ថ្ងៃ​ត្រង់​ជុំ​គ្រួសារ​រួចរាល់ អាច​បន្ត​ទៅ​ជិះ​ឡូរី​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ត​ទៀត​ផង ដោយ​ចំណាយ​តែ​ម្នាក់​មួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ ដើម្បី​ទស្សនា​ព្រៃព្រឹក្សា​នៅ​ក្បែរ​ជើង​ភ្នំ និង​ទេសភាព​វាល​ស្រែ​ដ៏​ស្រស់​បំព្រង​នៅ​ទីនោះ។

៣. ភ្នំ​ប្រុស​ភ្នំ​ស្រី

ភ្នំ​ប្រុស​ភ្នំ​ស្រី គឺ​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​ក្នុង​ភូម​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់​សៀម មាន​ចម្ងាយ​ប្រមាណ​ ៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ចាម និង​ចម្ងាយ​ប្រមាណ ១១៤​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ។ វត្ត​ភ្នំ​ប្រុស​មាន​ឈ្មោះ​ជា​ផ្លូវការ​ហៅ​ថា "វត្ត​សុវណ្ណ​គិរី​រតនៈ​ភ្នំ​ប្រុស"។ នៅ​ចំ​ទិស​ខាង​ជើង​​ចម្ងាយ​ប្រមាណ​ ១០០០​ម៉ែត្រ​គេ​អាច​មើល​ឃើញ​ភ្នំ​មួយ​ទៀត​ដែល​មាន​កំពូល​ស្រួច​ឈ្មោះ​ថា​ "ភ្នំ​ស្រី"។ ចំណែក​នៅ​ផ្នែក​ខាង​ជើង​ភ្នំ​ស្រី​ មាន​ជួរ​ភ្នំ​រកេតរកូត​ជា​ច្រើន​ទៀត​​មាន​ឈ្មោះ​ថា ភ្នំ​ដង​រែក ភ្នំ​លី ភ្នំ​ឈូក។

មិន​ត្រឹម​តែ​ជា​តំបន់​ទេសចរ​មួយ​ដ៏​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ មាន​ប្រវត្តិ​រឿងរ៉ាវ​ជា​ច្រើន ​អាច​សិក្សា​រៀន​សូត្រ​ ទាក់​ទង​នឹង​ប្រពៃ​ណី​ស្ដី​ដណ្ដឹង​កូន​ចៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​ទៀត​ផង។ ​ចំណែក ពុទ្ធ​បរិស័ទ​ទាំង​អស់​ក៏​អាច​ធ្វើ​បុណ្យ​ដាក់​ទាន អុជ​ធូប​សុំ​សេចក្ដី​សុខ នៅ​ក្នុងវត្ត​អារាម​លើ​កំពូល​ភ្នំ ហើយ​ក៏​ជា​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​លម្ហែ​កាយ​នា​រដូវ​បុណ្យ​ទាន​នេះ។

៤. ភ្នំ​ជីសូរ្យ

ខេត្ត​តាកែវ​ជា​ទឹក​ដី​ប្រវត្តិសាស្ត្រ ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​សក្ដានុពល​ទេសចរណ៍​មិន​ចាញ់​ខេត្ត​ផ្សេងៗ​នោះ​ទេ។ ជាក់​ស្ដែង ភ្នំ​ជីសូរ្យ គឺ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​​ពេញ​និយម​មួយ​ស្ថិត​នៅ​ក្នុង ភូមិ​ស្លា ​ឃុំ​រវៀង​ ស្រុក​សំរោង មាន​ចម្ងាយ​ប្រហែល ៦២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​​​​ភ្នំពេញ​។

ឡើងទៅ​ដល់​កំពូល​ភ្នំ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ នឹង​ភ្លាំង​ភ្លឹក​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គ្រប​ដណ្ដប់​ដោយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ។ ជា​ពិសេស​នោះ​បង​ប្អូន​ទេសចរ​ នឹង​បាន​ទស្សនា​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ថា "ប្រាសាទ​ភ្នំ​ជីសូរ្យ" កសាង​ឡើង​ដោយព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ តាំង​ពី​សតវត្ស​ទី​១១​មក​ម្ល៉េះ។ សម្រស់​ធម្មជាតិ បន្ថែម​ដោយ​ក្បូរក្បាច់​រចនា​ដ៏​ល្អ​វិចិត្រ​នៅ​លើ​តួ​ប្រាសាទ បាន​ធ្វើ​ឱ្យ​ទីតាំង​មួយ​នេះ រំលេច​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព​គយគន់​មិន​ចេះ​ជិន​ណាយ។

៥.​រមណីយដ្ឋាន​កំពង់ត្រាច

ធ្វើដំណើរ​ចម្ងាយ​ប្រមាណ​ជា ៣៨គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត​នៃ​ក្រុង​កំពត តាមផ្លូវ​ជាតិ​លេខ៣៦ គេ​នឹង​ទៅដល់​រមណីយដ្ឋាន​មួយកន្លែង​មានឈ្មោះ​ថា «ល្អាង​កំពង់ត្រាច» ដែល​ស្ថិតនៅក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។ ល្អាង​កំពង់ត្រាច​មិន​ត្រឹមតែ​គេ​ស្គាល់​ថា​ជា​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​ជា​កន្លែង​សក្ការៈបូជា​ថែមទៀត​ផង។

ភ្នំ​កំពង់ត្រាច​បាន​ទាក់ទាញ​ប្រជាជន​ជិត​ឆ្ងាយ​ទាំង​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា និង​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ។

ភ្នំ​កំពង់ត្រាច​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​របស់​ទឹកដី​ខេត្តកំពត​ដែល​ប្រជាជ​ខ្លះ​ហៅថា «ភ្នំ​បាក់» ដោយសារតែ​ភ្នំ​នោះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ភ្នំ​ដទៃ​ត្រង់​នៅ​ចំ​កណ្តាល​ភ្នំ​មាន​វាល​ធំ​ដែលមាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល ដែល​ហាក់​ប្លែក​ពី​ល្អាង​ធម្មតា។ ភ្នំ​កំពង់ត្រាច​មាន​បរិមាត្រ​ប្រមាណ​ជា៤គីឡូម៉ែត្រ និង​កម្ពស់​ប្រមាណ​ជា២០០ម៉ែត្រ ហើយ​ក្បែរ​ភ្នំ​នោះ​ក៏មាន​វត្ត​មួយ​ហៅថា «វត្ត​គិរី​សិ​សា»៕

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់