• 2018-10-07 10:20:24
  • ព័ត៌មាន

អ្នកស្រី​ ស្រ៊ាត​ មុំសោភា៖ "នារី​បម្រើ​លើ​​យន្ត​ហោះ​​មិនមែន​ត្រឹម​ជា​អ្នក​លើក​ទឹក​ជូន​ភ្ញៀវ​ទេ​"

  • 2018-10-07 10:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​អតីត​​អ្នក​ធ្លាប់​បម្រើ​ការងារ​លើ​យន្ត​ហោះ​​ នៅ​​ក្រុម​ហ៊ុន​ឯនជន​មួយ​អស់​ពេល​ជិត​១០ឆ្នាំ​កន្លង​មក​​ អ្នកស្រី​ ស្រ៊ាត មុំ​សោភា បាន​ថ្លែង​ឱ្យ​ដឹង​ថា អ្នកបម្រើ​ការងារ​លើ​យន្តហោះ​មិន​មែន​ត្រឹម​ជា​អ្នក​លើក​ទឹក​ និង​អាហារ​ជូន​ឱ្យ​ភ្ញៀវ​នោះ​ទេ​។ ​ក្រៅ​ពី​មាន​សម្រស់​​ស្រស់​ស្អាត​​ អ្នក​ទាំង​នោះ​ត្រូវ មាន​​គុណ​សម្បត្តិ​ចំនួន ៤​យ៉ាង​​បន្ថែម​ទៀត​។

អ្នកស្រី ស្រ៊ាត មុំសោភា

ទី​១ ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​​

បន្ទាប់​ពី​ធ្វើ​តេស្ត​សមត្ថភាព​ ជាប់​ជា​អ្នក​បម្រើ​ការងារ​លើ​យន្ត​ហោះ​​(flight-attendants)​ហើយ​​ អ្នក​ទាំង​នោះ​ចាំ​បាច់​ត្រូវ​តែ​ទទួល​​ការ​បណ្ដុះបណ្ដាល​ ដែល​មាន​រយៈពេល​យ៉ាង​តិច​ក៏​ពីរ​ខែ។ ការ​បណ្ដុះបណ្ដាល ​ដែល​មាន​ការ​​ទទួល​ស្គាល់​ពី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា និង​ក្រុមហ៊ុន​អន្ត​រ​ជាតិ​​គឺ​ផ្ដោត​លើ​​របៀប​នៃ​ការ​បដិសណ្ឋារកិច្ច ការ​ជួយ​សង្គ្រោះ​បឋម​ ការ​ហែល​ទឹក​ និង​ចិត្តវិទ្យា​ជាដើម។ចិត្ត​វិទ្យា ដែល​​ត្រូវ​សិក្សា ​​គឺ​​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​អារម្មណ៍​ភ្ញៀវ និង​ខ្លួន​យើង​ផ្ទាល់​ពេល​មាន​បញ្ហា​។ ការ​បណ្ដុះបណ្ដាល​ នេះ​ក៏​ត្រូវ​ភ្ជាប់​ទៅ​នឹង​ការអនុវត្ត​ជាក់​ស្ដែង​នៅ​ពេល​ហោះ​ហើរ​ផងដែរ។

រូបភាព​ដកស្រង់ពី Air-Asia

ទី២​ ធានា​​សុវត្ថិភាព​ និង​ភាព​កក់​ក្ដៅ​ដល់​ភ្ញៀវ

បើ​ទោះ​មិនមែន​ជា​អ្នក​កាន់​ចង្កូត​បើក​បរ​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នកបម្រើ​ការងារ​លើ​យន្ត​ហោះ​(​​​flight-attendants​)គឺជាតួ​អង្គ​សំខាន់​បំផុត​ ក្នុង​ការ​ធានា​ដល់​សណ្តាប់​ធ្នាប់ សុវត្ថិភាព​ និង​ភាព​កក់ក្តៅ​អ្នក​ដំណើរ។ ពួក​គាត់​គឺជា​អ្នក​​ត្រួត​ពិនិត្យ​ និង​ផ្សព្វផ្សាយ​ពី​គោលការណ៍​​សុវត្ថិ​ភាព​ទៅដល់​ភ្ញៀវ​អំឡុង​ពេល​ធ្វើ​ដំណើរ។ ​អាច​​ជា​អ្នក​គ្រូពេទ្យ​ជួយ​សង្រ្គោះ​ដល់​អ្នក​ជំងឺ​ អាច​ជា​អ្នក​ពន្លត់​អគ្គីភ័យ​ និង​ជា​អ្នក​សម្របសម្រួល ​ដោះស្រាយបញ្ហា​ដ៏​ប៉ិនប្រសព្វ​​​ពេល​អ្នក​ដំណើរ មាន​ជម្លោះ​ និង​បញ្ហា​ផ្សេងៗ ។

ទី៣ ជា​អ្នក​ស្គាល់​គ្រប់​កន្លុកកន្លៀត​នៅ​លើ​យន្ត​ហោះ

អ្នកបម្រើ​ការងារ​លើ​យន្ត​ហោះ​ ត្រូវតែ​ស្គាល់​​គ្រប់​កន្លុកកន្លៀត​​ទាំង​អស់​​​នៅ​លើ​យន្តហោះ​ តួយ៉ាង​ដូចជា ទ្វា​មាន​ប៉ុន្មាន? បើក​របៀប​ណា?​ ឧបករណ៍​សង្គ្រោះ​បឋម​នៅ​កន្លែងណា និង​មាន​មុខងារ​អ្វីខ្លះ​? បើ​ករណី​ភ្លើង​ឆេះ​នៅ​ក្នុង​បន្ទប់​ទឹក​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?និង​ត្រូវ​ដឹង​ពី​ភាសា​សញ្ញា​រវាង​គ្នា​នឹង​គ្នា ភ្លើង​សញ្ញា ​និង​​កណ្ដឹង​រោទ៍​ជាដើម។ នេះ​គឺជា​វិធីមួយ​ ដែល​អាច​ឱ្យ​​​​អ្នក​បម្រើ​ការងារ​លើ​យន្ត​ហោះ​​អាច​គ្រប់​គ្រង​ស្ថាន​ការ​បាន​ ពេល​មាន​បញ្ហា​ ឬ​អាសន្ន​ផ្សេងៗ។ ​

ទី៤ ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​​ម៉ោង​ពេល

ជា​អ្នកបម្រើ​ការងារ​លើ​យន្ត​ហោះ​គឺ​មាន​ភាព​តឹង​រឹង​ និង​ប្រាកដប្រជា​ខ្លាំង​ណាស់​ចំពោះ​ម៉ោង​ពេល។ ឧទាហរណ៍​ថា ត្រូវ​ចូល​ធ្វើការ​ម៉ោង​ពី​រ ប្រសិន​បើ​យើង​ទៅ​ដល់​ម៉ោង ​២​៖១នាទី​ គេ​ចាត់​ទុក​ថា យើង​មក​យឺត​ហើយ ព្រោះ​ឧបទ្ទវហេតុ​អាក្រក់ គឺ​​អាច​កើត​មាន​​ឡើង​នៅ​ត្រឹម​តែជាង ១០វិនាទី​ប៉ុណ្ណោះ​ យន្តហោះ​អាច​ផ្ទុះ​​គ្រប់ពេលវេលា។ ​​​

​អ្នកស្រី​ ស្រ៊ាត​ មុំសោភា​ បាន​បន្ថែម​ថា ការ​ជ្រើស​រើស​​អ្នកបម្រើ​ការងារ​លើ​យន្ត​ហោះ​ គឺ​​មាន​ភាព​តឹង​រឹង​ណាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​​ងារ​ផ្សេង។ ​បេក្ខជន​-​បេក្ខ​នារី​ក្រៅ​មាន​រូប​សម្រស់ស្រស់​ស្អាត​ អ្នក​ទាំង​នោះ​ត្រូវតែ​មាន​ចំណេះ​ដឹង​ទូទៅ​ច្រើន​ សុជីវធម៌ គុណ​ធម៌ និង​​អាច​ធ្វើ​​ការងារ​ជា​ក្រុម​បាន​។ ​ក្រុមហ៊ុន​នឹង​ធ្វើ​​​តេស្ត​សាកល្បង​សមត្ថភាព​មួយ​ឆ្នាំ​ម្តង​ពាក់ព័ន្ធ​នឹង​ការងារ​ប្រតិបត្តិ ការណ៍​​ប្រចាំថ្ងៃ ដែល​អាច​ឆ្លុះ​បញ្ចាំង​ថា អ្នកបម្រើ​ការងារ​លើ​យន្ត​ហោះ​ត្រូវ​តែ​មាន​ភាព​​រហ័សរហួន និង​អាច​បត់​បែន​បាន​​គ្រប់​កាលៈទេសៈ៕

អត្ថបទ៖ សុផល

មតិយោបល់