• 2018-10-24 03:14:20
  • សេដ្ឋកិច្ច

ដំណើរការ​អាជីវកម្ម​បាន​ល្អ​សហគ្រិន​ត្រូវ​មាន​កត្តា ៣យ៉ាង

  • 2018-10-24 03:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​សម្រេច​ចិត្ត​ឈាន​ជើង​ចេញ​រក​ស៊ី អ្នក​គួរ​ដាក់​ក្ដី​ស្រមៃ​ឲ្យ​ធំ និង​គិត​ពី​និរន្តរភាព​របស់​អាជីវកម្ម​អ្នក ហើយ​ចាប​ផ្ដើម​ធ្វើ​វា​ពី​ចំណុច​តូច​ៗ​ ជា​មុន​សិន​។ នេះ​ជា​ការ​លើក​ឡើង​របស់​សហគ្រិន ​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម​ជា​ច្រើន​រូប​ ដែល​​ធ្លាប់​បាន​ផ្ដល់​​សម្ភាសន៍​ឲ្យ Sabay កន្លងមក។

សហគ្រិន​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ការ​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​មិន​មែន​​ជា​ការ​លំបាក​ប៉ុន្មាន​ទេ តែ​រឿង​លំបាក​នោះ​គឺ រក្សា​និរន្តរភាព​អាជីវកម្ម​ឲ្យ​បាន​ល្អ និង​ធ្វើ​យ៉ាង​ណា​រក​ឱកាស​ពង្រីក​ខ្លួន​ឲ្យ​ទាន់​តម្រូវ​ការ​ទី​ផ្សារ​។ បើ​មិន​ដូច្នោះ​ទេ​ម្ចាស់​អាជីវកម្ម​នឹង​ប្រឈម​នឹង​ការ​ដួល​ទៅ​វិញ​ជាក់​ជា​មិន​ខាន​។

តែ​យ៉ាង​ណា​ក៏​ដោយ ដើម្បី​​ឈាន​ទៅ​ដល់​ចំណុច​អស់​ទាំង​នោះ​បាន អ្នក​ត្រូវ​មាន​ ៣​ចំណុច​សំខាន់​ៗ ដែល​ជា​កត្តា​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​សហគ្រិន​ដ៏​ឆ្នើម​។

  • ទី​០១, គឺ​ជំនាញ​សរសេរ​គម្រោង។

  • ទី​០២, ​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ។

  • ទី០៣, ​ជំនាញ​ដឹក​នាំ​មនុស្ស​។

បើ​ស្ដាប់​ទៅ​រៀង​ស្មុគស្មាញ​បន្តិច ក៏​ប៉ុន្តែ​តាម​ពិត​វា​មិន​លំបាក​ពេក​នោះ​ទេ​! នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​។ លោក​ តឹក វាសនា ​ដៃគូ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន វីអេសឌីឃេ (VSDK) ដែល​ធ្វើ​ការ​ទៅ​លើ​ការ​ប្រឹក្សា​យោបល់​ផ្នែក​អាជីវកម្ម និង​សវនកម្ម​ប្រាប់​ថា «​ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ជំនួញ​មួយ​បាន យើង​ត្រូវ​ដឹង​ពី Business Activity ថា​មាន​អ្វី​ខ្លះ​។ យើង​ដឹង​ពី Business Activity អ៊ីចឹង យើង​ដឹង​ពី​ធនធាន​មនុស្ស​ដែល​ត្រូវ​យក​មក​ប្រើ​ប្រាស់​»។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ​លោក​ សាឡេះ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ធនធាន​មនុស្ស ​នៃ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​បាន​ប្រាប់​នូវ​គន្លឹះ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​មក​ធ្វើ​ការ «​ត្រូវ​មាន​លក្ខណៈ​ ៣​យ៉ាង ទី​មួយ​ចំណេះ​ដឹង ដែល​បាន​មក​ពី​ការ​សិក្សា​នៅ​សកលវិទ្យាល័យ ទី​ពីរ ជំនាញ ដែល​បាន​មក​ពី​ បទ​ពិសោធន៍​ការងារ និង​ ទី​បី​ ចំណង់​ចំណូល​ចិត្ត​ក្នុង​ការងារ គឺ​បាន​ដល់​ការ​ស្រលាញ់​ចូល​ចិត្ត​ការងារ​ដែល​កំពុង​ធ្វើ​»​។

ពេល​រើស​បាន​ធនធាន​មនុស្ស​ហើយ យើង​ត្រូវ​ធ្វើ​គម្រោង​ការ​ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ទៅ​តាម​ជំនាញ​នីមួយ​ៗ​។ ដើម្បី​ធ្វើ​គម្រោង​ឲ្យ​បុគ្គលិក ដំណើរ​ការ​បាន​ត្រឹមត្រូវ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធសាស្ត្រ​ទី​ផ្សារ​។ លោក​ តឹក វាសនា​ បាន​និយាយ​។

មក​ដល់​ចំណុច​នេះ ​លោក ​យន សុភារិទ្ធ​ លើក​ឡើង​ថា «​ការ​ស្រាវជ្រាវ​ទីផ្សារ (​Marketing research) មាន​ពីរ​វិធី​ធំ​ៗ​ទី​មួយ​គឺ ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​» ត្រង់​នេះ​លោក​ពន្យល់​បន្ថែម​ថា​៖

  • ១. ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ ជា​ការ​ចុះ​ទៅ​សាក​សួរ​អតិថិជន​គោលដៅ​ដោយ​ផ្ទាល់ ស្ទាបស្ទង់ ឬ​សង្កេត​មើល​ថា តើ​តម្រូវ​ការ​ផលិតផល​របស់​យើង​មាន​ច្រើន​ប៉ុណ្ណា​?

  • ២. ការ​ស្រាវជ្រាវ​មិន​ផ្ទាល់ គឺ​សំដៅ​លើ​ការ​ស្រាវជ្រាវ​ដោយ​ប្រភព​ឯកសារ​ផ្សេង​ៗ​ដែល​មាន​ស្រាប់ ពី​ស្ថាប័ន​រដ្ឋ ឬ​ឯកជន ដែល​គេ​បាន​ចង​ក្រង​ទុក និង​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​។

សូមទស្សនាវីដេអូ នៃបទសម្ភាសន៍

ការ​ស្រាវ​ជ្រាវ​ទីផ្សារ​នេះ គេ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ឥរិយាបថ និង​ត្រូវ​ការ​អតិជន និង​សិក្សា​លើ​ចំណុច​ខ្លាំង​ខ្សោយ​របស់​គូ​ប្រកួត​។

បើ​និយាយ​មក​ដល់​រឿង​គ្រប់គ្រង​ហិរញ្ញវត្ថុ​! ចំណុច​សំខាន់​ជាង​គេ ត្រូវ​ចេះ​កត់ត្រា​ចំណូល-​ចំណាយ និង​រក្សា​ទុក​នូវ​ឯកសារ​ជា​ភស្តុតាង​(Support Document)។ ចំណុច​នេះ​មាន​គុណសម្បត្តិ​ពីរ​យ៉ាង ទី១ ជួយ​អ្នក​ងាយ​វិភាគ​ទៅ​លើ​អាជីវកម្ម​ទាំង​មូល ទី២​គឺ​ងាយ​ស្វែង​រក​ទុន​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម។ លោក​តឹក វាសនា​បាន​បង្ហើប​ប្រាប់​។

អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម​រូប​នេះ​បន្ថែម​ថា ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​លុយ​កាក់ ចំណូល​ចំណាយ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ល្មម​ៗ គេ​និយម​ប្រើ​កម្មវិធី Excel ព្រោះ​ថា ​វា​មាន​រូបមន្ត​គណនា​ស្រាប់ និង​មាន​សុក្រឹតភាព​។ ប៉ុន្តែ​បើ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ មាន​ដំណើរការ (Operation) ច្រើន​គេ​ត្រូវ​ការ​ប្រើ​កម្មវិធី​គណនី​ធំ​ៗ ដែល​ត្រូវ​ការ​ជួល​អ្នក​ជំនាញ​មក​ដំណើរការ​។ ក៏​ប៉ុន្តែ​សហគ្រិន​ក៏​អាច​ស្វែង​រក​វគ្គ​សិក្សា​ខ្លី​ៗ​ នៅ​តាម​សកលវិទ្យាល័យ​ពាក់ព័ន្ធ​នឹង​ជំនាញ​នេះ​បាន​ដែរ​។

ប្រិយមិត្ត​ដឹង​ទេ​? ទស្សនៈ​សហគ្រិន​ជោគជ័យ​ជា​ច្រើន​បាន​លើក​ឡើង​ស្រដៀង​ៗ​គ្នា​ថា ផលិតផល មិន​មែន​ជា​ចំណុច​ទី​មួយ ​ដែល​ម្ចាស់​អាជីវកម្ម​គិត​នោះ​ទេ ចំណុច​ចម្បង​ទី​មួយ​ ដែល​ពួក​គាត់​គិត​គឺ ធនធាន​មនុស្ស​។ រើស​មនុស្ស​ឲ្យ​ត្រូវ រក្សា​មនុស្ស​ឲ្យ​នៅ បង្វឹក​មនុស្ស​ឲ្យ​ខ្លាំង ត្រង់​នេះ​ជា​ចំណុច ដែល​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​ត្រូវ​តែ​មាន៕

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់