• 2018-11-17 07:29:32
  • ព័ត៌មាន

ការងារ​ជំនាញ​ផ្នែក​បច្ចេកទេស​ជួសជុល​រថយន្ត​កំពុង​ខ្វះ​កម្លាំង​ពលកម្ម

  • 2018-11-17 07:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រៀន​ចប់​បច្ចេកទេស​ជួសជុល​រថយន្ត​ភាគច្រើន​មិន​ខ្វះ​ការងារ ខណៈ​តួលេខ​នៃ​យានជំនិះ​កើន​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​ប្រកាស​ថា​ការងារ​ជំនាញ​ផ្នែក​ជួសជុល​រថយន្ត​កំពុង​សម្បូរ​ទីផ្សារ​នេះ ធ្វើ​ឡើង​នៅ​ឯ​ពិធី​ប្រគល់​អាហារូបករណ៍​ និង​ពិធី​អបអរ​សាទរ​នៃ​ការ​បញ្ចប់​ថ្នាក់​អាហារូបករណ៍​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​របស់​សិស្ស​ក្រីក្រ​ជំនាន់​ទី៥ នៅ​សណ្ឋាគារ​សាន់វេ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨​នេះ។

សូមចុចអាន៖ ជំនាញ​បច្ចេកទេស​រថយន្ត ធ្លាក់​ឬ​ជាប់បាក់ឌុប​ក៏​អាច​ចូល​រៀន​បាន​

លោក ស៊ឹម សុរិន្ទ នាយក​សាលា​ ហ្ស៊ី វ៉េ សេ (JVC) បាន​និយាយ​នៅ​ក្នុង​អង្គ​សន្និសីទ​ថា សិស្សានុសិស្ស​ដែល​រៀន​ចប់​វគ្គ​ជំនាញ​ភាគច្រើន​ចេញ​មាន​ការងារ​ធ្វើ​ ដែល​អាច​បណ្ដាល​មក​ពី​កំណើន​យានជំនិះ​ផង និង​ សាលា​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​ និង​មាន​ដៃគូ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ "សព្វថ្ងៃ​នេះ​​សិស្ស​រៀន​ចប់​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ហើយ​ឥលូវ​មាន​ដៃគូ​សហការ​កំពុង​នាំ​ចេញ​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ ជាពិសេស​ប្រទេស​ជប៉ុន​ផងដែរ"។

សូមចុចអាន៖ សាលា​​​ដ៏​ល្បី​​មួយ​បើក​ជិត ៣០ ឆ្នាំ មួយ​ឆ្នាំ​រើស​សិស្ស​ចូល​រៀន​តែ ១០០ នាក់

រូបខាងស្ដាំ​ដៃ គឺ លោក ស៊ឹម សុរិន្ទ នាយក​សាលា​ ហ្ស៊ី វ៉េ សេ (JVC)

សាលា​មធ្យម​សិក្សា​បច្ចេកទេស​ហ្ស៊ី វេ សេ បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន TOYOTA បាន​ផ្ដល់​​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ និង​មាន​ការ​ងារ​ធ្វើ។ គិត​មក​ដល់​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ នេះ សិស្ស​អាហារូបករណ៍​របស់​ក្រុម​ហ៊ុន​ តូយ៉ូតា (ខេមបូឌា) មាន​ចំនួន​សរុប​ ៦៦រូប ដែល​ក្នុង​នោះ​សិស្ស​អាហារូបករណ៍​ជំនាន់​ទី១ មាន​១៦រូប សិស្ស​ជំនាន់​ទី២ មាន​១០រូប សិស្ស​ជំននាន់​ទី៣ មាន​ចំនួន ១០រូប សិស្ស​ជំនាន់​ទី​៤ មាន​១០រូប សិស្ស​ជំនាន់​ទី៥ មាន​៩រូប ដែល​ពួកគេ​ទើប​តែ​ប្រលង​បញ្ចប់​ការសិក្សា​ កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ និង​សិស្ស​ជំនាន់​ទី៦ មាន​១១រូប ដែល​ពួកគេ​កំពុង​បន្ត​ការ​សិក្សា​នៅ​សាលា។

លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​បាន​ផ្ដល់​អាហារូបករណ៍​រួមមាន ថ្លៃ​សិក្សា ការ​ស្នាក់​នៅ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ជូន​ដល់​សិស្ស​ក្រីក្រ​ជំនាន់​ទី៧ ចំនួន ១៣រូប ផ្សេង​ទៀត​ ដែល​មក​ពី​បណ្ដា​ខេត្ត​ចំនួន ៨​ផ្សេង​ៗគ្នា ដូចជា ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រចេះ សៀមរាប កំពង់​ស្ពឺ​ តាកែវ កណ្ដាល កំពង់ចាម និង​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​សិក្សា​ និង​ស្នាក់​នៅ សាលា​ហ្ស៊ី វេ សេ។

លោក ឧកញ៉ា គង់ នួន បាន​លើកឡើង​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី៧​ហើយ ដែល​ក្រុមហ៊ុន​ធ្វើ​ការ​ប្រគល់​អាហារូបករណ៍​ជូន​ដល់​សិស្ស​ក្រីក្រ​ ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់​ថ្លៃ​សិក្សា​ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ទទួល​បាន​ចំណេះដឹង​ ចំណេះ​ធ្វើ​ និង​ជំនាញ​មួយ​ច្បាស់​លាស់​ ដែល​ពាក់ព័ន្ធនឹង​បច្ចេក​ទេស​ជួសជុល​រថយន្ត​ ក៏ដូចជា​ដើម្បី​ចូលរួម​ដល់​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ ក្នុង​វិស័យ​យានយន្ត​ និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​វិស័យ​ការងារ​ជំនាញ លោក​ឧកញ៉ា​បាន​សង្កត់​ធ្ងន់​ថា ស្រប​ពេល​ដែល​កំណើន​នៃ​ការ​លក់​រថយន្ត​ និង​តម្រូវ​ការ​ទីផ្សារ​ការងារ​នៃ​ជាង​ជួសជុល​រថយន្ត​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គួរឲ្យ​កត់​សម្គាល់​ផង​នោះ កម្មវិធី​អាហារូបករណ៍​នេះ​ គឺជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​សកម្ម​ ក្នុង​ការ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​យានយន្ត​នៅ​ក្នុង​សង្គម។

លោក ឧកញ៉ា គង់ នួន ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​បញ្ចប់​ការ​សិក្សា​នៅ​សាលា ហ្ស៊ី វេ សេ

បើ​ផ្អែក​តាម​តួលេខ​របស់ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ថា របាយការណ៏​បាន​បន្ត​ថា បើគិតចាប់ពីឆ្នាំ ១៩៩០ រហូត​មក​ដល់​ឆ្នាំ ២០១៨​នេះ កំណើន​មធ្យោបាយ យានយន្ត បាន​កើន​ដល់ ៤ ៦៤៣ ១១៩គ្រឿង ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ និង​កំពុង​ធ្វើ​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ នេះ​មិន​ទាន់​គិត​ពី​យានយន្ត​ដែល​មិន​បាន​ចុះ​បញ្ជី​នោះ​ទេ ។

ដោយ​សារ​តែ​កំណើន​យានយន្ត​កើន​ឡើង​ឥត​ឈប់ឈរ​ពី​១ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ក៏​ជា​ឱកាស​ហុច​ឲ្យ​អ្នក​មាន​ជំនាញ​ផ្នែក​ជួសជុល​យានជំនិះ យុវជន ដុំ ពេជ្រ ដែល​ទើប​រៀន​ចប់​នៅ​សាលា​ហ្ស៊ី វេ សេ ជំនាន់​ទី ៥ មក​ពី​ខេត្ត​តាកែវ​បាន​និយាយ​ថា ក្រោយ​រៀន​ចប់​ភ្លាម​ គឺ​មាន​ការងារ​ល្អ​ធ្វើ​ភ្លាម​នៅ​ក្រុមហ៊ុន ដែល​អាច​រក​ចំណូល​បាន​សមរម្យ​ចិញ្ចឹម​ខ្លួន​ឯង​ផង និង​គ្រួសារ​ផង។ អ្វី​ទាំង​អស់​នេះ គឺ​ផ្ដើម​ចេញ​ពី​ការ​ផ្ដល់​អាហារូបករណ៍​ពី​ក្រុមហ៊ុន​តូយ៉ូតា និង​ ការ​បណ្ដុះ​បណ្ដាល​បាន​ល្អ​ទាំង​ជំនាញ និង​សីលធម៌ នៅ​សាលា​មធ្យម​សិក្សា​បច្ចេកទេស​ហ្ស៊ី វេ សេ៕

ថតរូប​ជុំ​គ្នា ក្រោយ​បញ្ចប់​សន្និសីទ​សារព័ត៌មាន​​ នៃ​ពិធី​ប្រគល់​អាហារូបករណ៍​បច្ចេកទេស​ជួសជុល​រថយន្ត​ជូន​ចំពោះ​សិស្ស​ក្រីក្រ​ជំនាន់​ទី៧ និង ពិធី​អបអរ​សាទរ​ការ​បញ្ចប់​ថ្នាក់​អាហារូបករណ៍​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​របស់​សិស្ស​ក្រីក្រ​ជំនាន់​ទី ៥ នៅសណ្ឋាគារ​ សាន់វេ កាល​ពីព្រឹកមិញ​នេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់