• 2018-11-26 08:30:00
  • ព័ត៌មាន

នារី​ខ្មែរ​ម្នាក់​ច្នៃ​ធុង​សំរាម​ពី​សំបក​កង់​រថយន្ត​ទទួល​បាន​ចំណូល​ផង និង​ជួយ​សង្គម​ផង

  • 2018-11-26 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង​ សឿង សុថារី ម្ចាស់​សិប្បកម្ម​ផលិត​ធុង​សំរាម​បរិស្ថាន កែ​ច្នៃ​ពី​សំបក​កង់​រថយន្ត​ចាស់​ៗ បាន​ចាប់​យក​របរ​នេះ​ជិត​ដប់​ឆ្នាំ​ហើយ​គិត​មក​ទល់​ពេល​នេះ​។ ត្បិត​ថា​ ការងារ​នេះ​ មាន​ការ​លំបាក​ច្រើន តែ​អ្នក​នាង​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា​ព្រោះ​នាង​ស្រលាញ់​បរិស្ថាន និង​ទទួល​បាន​ចំណូល​ជា​បង្គួរ​សម្រាប់​ចិញ្ចឹម​ជីវិត​។

អ្នកនាង សឿង សុថារី

ធុង​សំរាម​មួយ​សម្រាប់​តម្លៃ ១សែន​២ពាន់​រៀល ហាក់​ដូច​ជា​ថ្លៃ​បន្តិច។ មិន​ជំទាស់​ថា​ថ្លៃ ម្ចាស់​សិប្បកម្ម​នេះ​ក៏​យល់​ឃើញ​ថា​ វា​ថ្លៃ​ជាង​ធុង​សំរាម​ជ័រ​​ចេញ​ពី​រោង​ចក្រ​ដូច្នេះ​ដែរ តែ​អ្នក​នាង​បាន​ពន្យល់​ថា ធុង​សំរាម​កែ​ច្នៃ​ចេញ​ពី​សំបក​កង់​រថយន្ត​នេះ​ មាន​គុណសម្បត្តិ និង​គុណភាព​ខ្ពស់​ជាង​ធុង​សំរាម​ជ័រ ឬ​កញ្ឆេរ​​ឫស្សី​សឹង​តែ​១០​ដង​ឯណោះ​។ ចោរ​មិន​លួច សត្វ​មិន​ហែក​កកាយ មិន​ខ្លាច​បែក​បាក់ មាន​គម្រប​ត្រឹមត្រូវ និង​មាន​សណ្ដាប់ធ្នាប់​។

សិប្បកម្ម​ធុង​បរិស្ថាន​មួយ​នេះ ក្រៅ​ពី​ជួយ​កែច្នៃ​សំណល់​រឹង​ឲ្យ​ទៅ​ជា​របស់​ប្រើ​ការ​បាន​ក្នុង​ការ​ទុក​ដាក់​សំរាម​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​អនាម័យ​នោះ វា​បាន​ដើរ​តួ​ ក្នុង​ការ​ទាញ​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បន្ថែម​ពី​ការងារ​ស្រែ​ចម្ការ​ប្រចាំ​ថ្ងៃ​។ កម្មករ​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់​ចំណូល ​៤​ម៉ឺន​រៀល​ដែរ​ ក្នុង​មួយ​ថ្ងៃ​។

សព្វថ្ងៃ​សិប្បកម្ម​កែ​ច្នៃ​សំបក​កង់​រថយន្ត​ទៅ​ជា​ធុង​បរិស្ថាន​របស់ ​អ្នក​នាង​ សុថារី មាន​តែ​ពី​កន្លែង​ប៉ុណ្ណោះ មួយ​នៅ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប និង​មួយ​កន្លែង​ទៀត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ អ្នក​នាង​ក៏​គ្រោង​សាងសង់​រោង​សិប្បកម្ម​នេះ​មួយ​កន្លែង​ទៀត ​ដែល​មាន​ទី​តាំង​នៅ​ជិត​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ ដែល​កំពុង​កើន​ឡើង៕

អត្ថបទ ឈិន ធារ៉ាត់

មតិយោបល់