- 2018-11-27 09:56:00
- ព័ត៌មាន
មន្រ្តីប្រាប់ទៅកម្មករ រឿងការងារ បើមិនទាន់ដោះស្រាយ សូមផ្ញើមកហ្វេសប៊ុកផ្លូវការ ២នេះ
- 2018-11-27 09:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីប្រាប់ទៅកម្មករ រឿងការងារ បើមិនទាន់ដោះស្រាយ សូមផ្ញើមកហ្វេសប៊ុកផ្លូវការ ២នេះ
ចន្លោះមិនឃើញ
មន្ត្រីជំនាញ១រូប នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ប្រសិនបើកម្មករមានបញ្ហាពាក់ព័ន្ធនឹងផ្នែកការងារ ហើយមិនទាន់មានចំណាត់ការ អាចផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកផ្លូវការ២នេះ។
លោកលើកឡើងបែបនេះ ខណៈមន្ត្រីនៃតំណាងស្ថាប័នការងារ១ បានលើកឡើងពីវិវាទការងារ ការបំពានលក្ខខណ្ឌនានាលើកម្មករ និងចំណាត់ការយឺតយ៉ាវ នាពេលកន្លងទៅ។
លោក អាន រ៉ាម៉ា មន្ត្រីសម្របសម្រួលប្រចាំតំបន់ របស់សហភាពការងារ ឬហៅកាត់ថា CLC បានលើកឡើងពីវិវាទការងារ រួមមានការឲ្យកម្មករធ្វើការលើសម៉ោង និងការបង្ខំឲ្យធ្វើការខុសជំនាញ រួមនឹងបញ្ហាដទៃទៀត ដែលមិនទាន់មានដំណោះស្រាយសមស្រប នៅតាមតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ។
ចំណុចនេះ ត្រូវបានលោក លោក ប៉ុល ចាន់ដារ៉ា អគ្គនាយករងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបដិសេធថាមិនមានការបំពានសិទ្ធិទាំងនោះ កើតមានចំពោះកម្មករទេ។ ប៉ុន្តែលោកបានបន្ថែមថា ប្រសិនបើបងប្អូនមានបញ្ហាពិត អាចផ្ញើមកទំព័រហ្វេសប៊ុកផេកចំនួន២ ដែលរង់ចាំទទួលគ្រប់បញ្ហាការងារ របស់បងប្អូនកម្មករ ដើម្បីដឹងលឺដល់ថ្នាក់ដឹកនាំជួយដោះស្រាយឲ្យបានលឿន។
លោកបានបញ្ជាក់ថា ការផ្ញើមកហ្វេសប៊ុក២នេះ ករណីកម្មករបានប្ដឹង ឬជូនដំណឹងទៅតាមមន្ទីរការងារ ឬស្ថាប័នពាក់ព័ន្ធហើយ តែអត់ទាន់មានអ្នកចាត់ការ។ ដូច្នេះកម្មករទាំងអស់ មិនថាតែអ្នកនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុទេ នឹងទទួលបានដំណោះស្រាយលឿន ហើយនឹងបានទៅដល់ដៃថ្នាក់ដឹកនាំផងដែរ។
លោក ប៉ុល ចាន់ដារ៉ា បានបញ្ជាក់ថា ទី១. គឺទំព័រហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឈ្មោះជាភាសាអង់គ្លេស (Samdech Hun Sen, Cambodian Prime Minister) ដែលមានក្រុមការងារពិសេសចាំទទួលគ្រប់ព័ត៌មានទាំងអស់ រួចបញ្ជូនទៅជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចនឹងចាត់ជំនាញការដោះស្រាយបន្ទាន់ជូន។
ទី២. ទំព័រហ្វេសប៊ុក សរសេរជាភាសាខ្មែរ ឈ្មោះថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានក្រុមការងារចាំទទួលភ្លាមៗរាល់សាររបស់បងប្អូន រួចបញ្ជូនទៅកាន់អ្នកជំនាញនិមួយៗ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា តួលេខកម្មករសរុបឆ្នំាំ ២០១៨នេះ មានចំនួនប្រមាណ ២លាននាក់។ ក្នុងនោះកម្មករប្រមាណ៨០ម៉ឺននាក់កំពុងធ្វើការក្នុងវិស័យកាត់ដេរ និងប្រមាណ ១លាន ២សែននាក់ ដែលមកពីវិស័យនានា។ នេះបើតាមរបាយការណ៍ពីលោក ប៉ុល ចាន់ដារ៉ា អគ្គនាយករងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។