• 2018-12-07 03:05:29
  • ព័ត៌មាន

ណាត់គ្នាទៅប៉ែកឦសានម្ដង! ៧កន្លែងនៅស្ទឹងត្រែង ដើរលេងចុងឆ្នាំនេះសប្បាយបំផុត

  • 2018-12-07 03:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទឹងត្រែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​​ទេសចរណ៍ ​ខ្លាំង​ជាង​គេ​នៅ​​តំបន់ភាគ​ខាង​ជើង​។ ក្នុង​ខេត្ត​នេះ​មាន​តំបន់​ទេសចរណ៍​​​បែប​វប្បធម៌​ និង​ធម្មជាតិ​ជា​ច្រើន​ដែល​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​គ្រប់​ពេល​វេលា។ Sabay​សូម​បង្ហាញ​តំបន់​ទេសចរណ៍​សំខាន់​ទាំង​៧​ក្នុង​ចំណោម​​ទី​កន្លែង​កម្សាន្ត​ជា​ច្រើន​នៅ​ខេត្ត​ស្ទឹងត្រែង។

១-​ រមណីយដ្ឋាន​ធម្មជាតិ​​អូរ​ច្រឡង់​«ក្រមុំ​ព្រហ្មចារី» នៅ​កណ្តាល​ព្រៃ

ទឹក​ហូរ​​អូរ​​ច្រឡង់​ ឬ​ហៅ​ថា ​អូរ​វែង​​ ដែល​ស្ថិត​នៅ​ចម្ងាយ​​៤៤​គីឡូម៉ែត្រ​ ពី​ក្រុង​ស្ទឹងត្រែង​ ​​​​ប្រៀប​ដូច​ជា​ «ក្រមុំ​​ព្រហ្មចារី» ​នៅ​ក្នុង​ព្រៃ​ស្ងប់ស្ងាត់​ បែប​ធម្មជាតិ​សុទ្ធសាធ ​​ហើយ​​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​​ ​នៅ​​មិន​ទាន់​​ស្គាល់​ ឬ​ទៅ​លេង​ច្រើន​នោះ​ទេ។

សូមទស្សនាវីដេអូ៖

២-​ ជិះ​ទូក​មើល​​ថ្ងៃ​លិច​​នៅ​ស្ពាន​សេកុង​ ​ពិត​ជា​គួរ​ឲ្យ​គយគន់ ​ ព្រះ​អាទិត្យ​រៀប​អស្ដង្គត​​នៅ​ស្ពាន​សេកុង​ ​ក្រុង​ស្ទឹង​ត្រែង​ ​​បាន​ចាំង​ផ្លាត​នៅ​លើ​ផ្ទៃ​ទឹក​ ​​ប្រៀប​នឹង​គ្រាប់​ពេជ្រ​ រំលេច​ជា​ពណ៌​មាស​ ​គួរ​ឲ្យ​គយគន់​មិន​ជិនណាយ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ ស្បើយ​អស់​ទុក្ខ​កង្វល់។ តាម​ធម្មតាម​ភ្ញៀវ​មិន​សូវ​ចាប់​អារម្មណ៍​ ប៉ុន្តែ​ពេល​សាក់​ល្បង​​ម្តង​​នឹង​មាន​អារម្មណ៍​ចង់​ទៅ​ម្តង​ទៀត។

៣-​ រមណីយដ្ឋាន​ធម្មជាតិ​អូរ​ឫស្សី​កណ្ដាល​មាន​ទាំង​ស្ពាន​យោល

រមណីយដ្ឋាន​​ធម្មជាតិ​​អូរ​ឫស្សី​​កណ្ដាល​ ​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​​ទីក្រុង​ស្ទឹង​ត្រែង​​ប្រមាណ​​៣០​គីឡូ​ម៉ែត្រ​​ជា​ទី​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ខេត្ត​ស្ទឹងត្រែង​ និង​ភ្ញៀវ​ពី​ចម្ងាយ។ លេង​ទឹក​អូរ​ថ្លា​ខ្មៅ​លើ​ថ្ម​ គ្រប់​ដោយ​ព្រឹក្សា​លតាវល្លិ៍​ដ៏​ត្រជាក់​​ចិត្ត​ និង​មាន​ស្ពាន​យោល​ថែម​ទៀត​ផង។

៤- ទឹក​ជ្រោះ​ល្បាក់​​​ខោន​ប្រៀប​​​ផ្ទាំង​គំនូរ​ឯក​​នៅ​​ជាប់​ព្រំ​ដែន​ឡាវ​​

ទឹក​ធ្លាក់​លើ​ផ្ទាំង​សិលា​យក្ស​នេះ​មាន​ឈ្មោះ​ដល់​ទៅ​៣​ដែល​ត្រូវ​បាន​អ្នក​ស្រុក​និយាយ​ត​ៗ​ពី​គ្នា​គឺ​​អ្នក​ខ្លះ​ហៅ​ ទឹក​ជ្រោះ​សុភមិត្រ​ ​អ្នក​ខ្លះ​ហៅ​ ល្បាក់​ខោន​ ​ឬ​ក៏​ហៅ​ព្រះ​និម្មិត។ ប៉ុន្តែ​ឈ្មោះ​ដែល​គេ​និយម​ហៅ​ជាង​គេ​គឺ​ល្បាក់​ខោន។ វា​​ស្ថិត​នៅ​ភាគ​ខាង​​ប្រទេស​កម្ពុជា​ដែល​ជាប់​នឹង​ព្រំ​ដែន​ឡាវ។ វា​គឺជា​តំបន់​មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​​ចេញ​ពី​ខ្ពង់រាប​​ធ្លាក់​ចូល​មក​ទន្លេ​មេគង្គ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

ទឹក​ធ្លាក់​ល្បាក់ខោន​ ឬ​ទឹក​ធ្លាក់​សុភមិត្រ​​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះ​រំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​៨០​គីឡូម៉ែត្រ​ពី​ខេត្ត​ស្ទឹងត្រែង ​និង​ស្ថិត​ក្នុង​ភូមិ ​កំពង់​ស្រឡៅ ​ស្រុក​ឆែប ​ដែល​មាន​ចម្ងាយ​ជាង​១០០​គីឡូ​ម៉ត្រ​ពី​ខេត្ត​ព្រះវិហារ។

៥- ​ព្រះ​រំកិល​ជា​​អន្លង់​ផ្សោត​​​នៅ​​ជាប់​ទល់​ដែន​ឡាវ

តំបន់​ព្រះ​រំកិល​ជា​​អន្លង់​ផ្សោត​​ឈើ​ទាល ​​ស្ថិត​នៅ​ព្រំ​ប្រទល់​​​​​​ខ្មែរ​ឡាវ​ ​ក្នុង​ទឹក​ដី​ឃុំ​ព្រះ​រំកិល​ ​ស្រុក​ថាឡាបរិវ៉ាត់​ ​ខេត្ត​ស្ទឹងត្រែង និង​មាន​​ចម្ងាយ​​ប្រហែល​ ៦៩​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ ​ពេល​ទៅ​ដល់​​មាត់​ទន្លេ​មេគង្គ​នៅ​ព្រះ​រំកិល ​​នៅ​ម្ខាង​ទន្លេ​​​មាន​កោះ​​ស្ដាំ ​ស្រុក​ចំប៉ាសាក់ ប្រទេស​ឡាវ រីឯ​កោះ​ខាង​ស្ដាំ​ដៃ​​ឈ្មោះ​ថា «កោះ​ល្ង»​ជា​កោះ​​ខ្មែរ រីឯ​​ប្រជាជន​នៅ​ទីនោះ​​ ក៏​ចេះ​និយាយ​ភាសា​ឡាវ​ច្រើន​ផង​ដែរ។

៦- ល្អាង​​ភ្នំ​ប្រាក់​​ជា​តំបន់​បោះ​ជំរំ​ក្នុង​ព្រៃ​ដ៏​ពិសេស​

ល្អាង​ភ្នំ​ប្រាក់​ ​ស្ថិត​នៅ​ជើង​ភ្នំ​ប្រាក់​ ​មាន​ចម្ងាយ​ប្រហែល​​​១៨​គីឡូម៉ែត្រ​ ​ពី​ឃុំ​​អូរស្វាយ។ ដើម្បី​ទៅ​ដល់​ល្អាង​​ភ្នំ​​​​មួយ​នេះ​ ​​​ភ្ញៀវ​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​​ដោយ​ជិះ​ទូក​​តាម​ដៃ​ទន្លេ​មេគង្គ​ ​រយៈពេល​ប្រហែល​១​ម៉ោង​ ទើប​ដល់​ភូមិ​វឿនសៀន ​រួច​​បន្ត​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬ​ជិះ​គោយន្ត​​​ចូល​ទៅ​​​ព្រៃ​៣​គីឡូម៉ែត្រ​ទៀត។ វា​ស្ថិត​នៅ​​តំបន់​ភ្នំ​ដែល​មាន​ទាំង​រូង​ថ្ម​ និង​ព្រៃ​ឈើ​រាប់​សិប​ហិចតា​ដែល​អាច​ក្លាយ​ជា​កន្លែង​បោះ​ជំរំ​ដ៏​អស្ចារ្យ​បាន។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

៧​- ​ទស្សនា​ព្រៃ​លិច​ទឹក​តាម​ដៃ​ទន្លេ​មេគង្គ​នៅ​អូរ​ស្វាយ​

ព្រៃ​លិច​ទឹក​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ជា​កន្លែង​កម្សាន្ត​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ឃើញ។ ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ រុំាសា​ (​តំបន់​អភិរក្ស​លិច​ទឹក​)​​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​តាម​ដង​ទន្លេ​មេគង្គ​ ​នៅ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបូរិវ៉ាត​ ខេត្ត​ស្ទឹងត្រែង។ តំបន់​​រុំាសា ​(តំបន់​អភិរក្ស​ លិចទឹក) ដែល​មាន​សត្វ​ផ្សោត​តាម​ដង​​ទន្លេ​មេគង្គ​ សត្វ​បក្សា​បក្សី​ សត្វព្រៃ​ ជា​ច្រើន​​ទៀត។​ វា​ប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​ពី​ទឹក​តាម​បណ្ដោយ​ទន្លេ​មេគង្គ​។ ​វា​បាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជម្រក​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់