• 2019-01-02 09:00:00
  • ការអប់រំ

ឆ្នាំថ្មី មាន៣ចំណុចនេះ ជួយខ្លួនឯងឲ្យជោគជ័យ ជីវិតកាន់តែរីករាយ មិនឡេះឡោះដូចក្មេងទៀត

  • 2019-01-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរៀបចំ​សកម្មភាព​ជីវិត​ទុក​ដោយ​ចាប់​ផ្ដើម​តាំង​ពី​​ដើម​ឆ្នាំ​ថ្មី​ទៅ គឺ​ជា​មធ្យោបាយ​ដែល​អាច​ជួយ​យើង​មាន​ពេល​គ្រប់គ្រាន់ ធ្វើ​រឿង​ល្អ​ៗ​សម្រាប់​ជីវិត​ ដើម្បី​ស្វាគមន៍​ភាព​ជោគជ័យ និង​រស់នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​តែ​រីករាយ​បំផុត ពីឆ្នាំ ២០១៩​នេះទៅ។ ​

មានគន្លឹះ៣ ដែល​អាច​ជា​គំនិត​ងាយៗ ដើម្បី​ជួយ​លោក​អ្នក​ឈាន​ទៅ​សម្រេច​គោលដៅ​ទាំង​នោះ​តាម​បំណង​។

១. ដំណោះស្រាយពេលមានបញ្ហា កុំឲ្យឡេះឡោះ​

គិត​បែប​នេះ មិនមែន​ជា​រឿង​អវិជ្ជមាន​អី​ទេ តែ​ផ្ទុយ​ទៅ​វិញ​ជា​រឿង​ល្អ។ ការ​ត្រៀម​ខ្លួន​ជា​ស្រេច​គ្រប់​ស្ថានការណ៍ គឺ​ជា​កត្តា​ល្អ និង​ជា​ទម្លាប់​របស់​បុគ្គល​ជោគជ័យ​តែង​និយម​ធ្វើ។ មុន​ជោគជ័យ​បាន គឺ​វា​ជា​ត្រូវ​ឆ្លង​កាត់​រឿង​ពិបាក​ជាច្រើន មិនមែន​នៅ​សុខ​ៗ ទទួល​បាន​វា​ងាយ​ៗ​ទេ។ សូម​ត្រៀម​ចិត្ត ត្រៀម​កាយ​ជា​មុន កុំ​ចាំ​បញ្ហា​សម្រុក​ចូល​មក​ទើប​ឡេះឡោះ មិន​ដឹង​ចាប់​អី​ទុក​អី​ឲ្យ​សោះ។ ជា​ការ​ពិត​បញ្ហា ឬ​ឧបសគ្គ​ខ្លះ​ពិត​ជា​ពិបាក​សឹង​តែ​ឆ្លង​មិន​ផុត។

រូបតំណាង

វា​សឹង​តែ​រាំង​ខ្ទប់​យើង​ឲ្យ​ឈប់ ឬ​លែង​ចង់​បន្ត​ដើរ​ទៅ​មុខ​ក៏​មាន។ បើ​យើង​បាន​ត្រៀម​ចិត្ត​ទុក​មុន នោះ​យើង​នឹង​មិន​ទាល់​ច្រក​ឡើយ ហើយ​មិនថា​មាន​រឿង​អ្វី​កើត​មាន គឺ​យើង​តែង​មាន​ដំណោះស្រាយ​ទប់ទល់​សមស្រប​ជានិច្ច។

២. ចាប់​ផ្ដើម​ធ្វើ​ឥឡូវ​នេះ សូម​ឈប់​និយាយ​ថា ចាំ​សិន!

រូបតំណាង

ធម្មតា​ឱកាស​ល្អ គឺ​វា​មិន​ដែល​មាន​ច្រើន​ទេ សំខាន់​យើង​ចេះ​ស្វះស្វែង​ចាប់​ទុក​កម្រិត​ណា។ ដូច្នេះ សូម​ឈប់​និយាយ​ពាក្យ​ថា ចាំ​សិន ចាំ​ស្អែក ឬ​ចាំ​នេះ ចាំ​នោះ​ទៀត បើ​មិន​ចង់​ឲ្យ​រឿង​ល្អ​ៗ ឬ​ឱកាស​មាស ឱកាស​ពេជ្រ​ប៉ើង​ទៅ​បាត់ ហើយ​តាំង​មក​អង្គុយ​ស្ដាយ​នោះ ឬ​ធ្វើ​ដូច​តួ​កម្សត់​នោះ។ អ្នក​អាច​រៀន​ចាប់​ផ្ដើម​ទម្លាប់​ថ្មី រៀន​អ្វី​ថ្មី​ៗ តាម​វិធី​ ៣​នេះ​បាន​ ដោយ​គ្មាន​ភាព​ខ្មាស​អៀន និង​ស្ដាយ​ក្រោយ ដើម្បី​ជា​ចំណែក​ជួយ​សម្រេច​គោលដៅ​ជោគជ័យ​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។

រូបតំណាង
  • សូម​ចាប់​ផ្ដើម​សរសេរ​គោលដៅ​របស់​អ្នក​ជា​ប្រចាំ៖​ មិន​ថា​សកម្មភាព​រាល់​ថ្ងៃ ឬ​ខែ​ទេ​ សូម​កត់​ទុក​ទាំង​អស់ រួច​ដាក់​មួយ​ដុំ តែ​ហាម​គប់​ចោល។ បន្ទាប់មក សូម​បើក​មើល​ជា​ប្រចាំ​ផង នោះ​អ្នក​នឹង​ដឹង​ថា​ អ្នក​បាន​ធ្វើ​អ្វីខ្លះ ជោគជ័យ ឬ​បរាជ័យ​ប៉ុន្មាន​ដែរ? ហើយ​អាច​កែ​កុន​វា​យ៉ាង​ម៉េច បើ​រឿង​ខ្លះ​ដែល​អ្នក​ធ្វើ​មិន​ទាន់​បាន​ល្អ។

  • ទម្លាប់​បង្កើន​ជំនឿ​ជាក់​ឲ្យ​ខ្លួនឯង​រីករាយ៖ សូម​ជឿ​ថា មាន​តែ​ខ្លួន​អ្នក​ទេ ដែល​ដឹង​ច្បាស់​ពី​អ្នក​ផ្ទាល់។ ដូច្នេះ សូម​មាន​ទម្លាប់​មួយ ដែល​អាច​ជួយ​លើក​ទឹកចិត្ត ជាជាង​ស្ដី​បន្ទោស​ខ្លួន​ឯង។ សូម​រីករាយ និង​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ មុន​ធ្វើ​រឿង​ល្អ​បាន​លទ្ធផល​ជោគជ័យ។

រូបតំណាង
  • ផ្ដើម​វិនិយោគ​ឲ្យ​ខ្លួន​ឯង៖ អាច​ធ្វើ​បាន​តាម​រយៈ​ការ​សិក្សា ឬ​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​តូច​ៗ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម​ក៏​បាន។ វិធី​នេះ​ អាច​ឲ្យ​អ្នក​ចេះ​ធ្វើ​ការ​ជា​ក្រុម ព្រោះ​ថា​អ្នក​ជោគជ័យ​ទៅ​បាន​ក៏​ទាម​ចេះ​ធ្វើការ​ជា​ក្រុម​ដែរ មិនមែន​អ្នក​អាច​នៅ​តែ​ឯង​ៗ​ទេ។ ចំណុច​នេះ ក៏​នឹង​ជួយ​​ពង្រឹង​សមត្ថភាព​ធ្វើ​ការងារ​ក្រុម​ដ៏​ល្អ និង​ជួយ​អ្នក​អាច​រៀន​រក​ចំណូល​ខ្លួនឯង​បន្ថែម​មួយ​ផ្នែក​ផង​ដែរ។
រូបតំណាង

៣. ចាត់​អាទិភាព​ការងារ និង​រក្សា​ជំហរ​ដ៏​រឹងមាំ

រូបតំណាង

នេះ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ បើ​មិន​ចង់​ឲ្យ​ធ្វើ​អ្វី​វ៉ល់​ៗ រញ៉េរញ៉ៃ​ដូច​បាយឡុកបាយឡ​ក្មេង​លេង។ រឿង​ចុង​ក្រោយ​នេះ អ្នក​ត្រូវ​ដឹង​បន្ថែម ហើយសូម​ចំណាំ​ថា បើ​អ្នក​ចង់​ធ្វើអ្វី​បាន​សម្រេច​ អ្នក​ត្រូវ​ចេះ​ចាត់​អាទិភាព​ការងារ​។ មិន​ថា​រឿងតូច ឬ​ធំ​ បើ​មិន​ដូច្នេះ​ទេ ការងារ​គឺ​ឆៅ មិន​អាច​ច្បាស់​អ្វី​១​ល្អ​ឡើយ។

រូបតំណាង

មនុស្ស​គ្រប់​គ្នា មិន​អាច​មាន​ពេល​លើស​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​ទេ ដូច្នេះ​បើ​រឿង​ណា​ដែល​សំខាន់​ ចាំ​បាច់​ធ្វើ​មុន​គេ បន្ទាប់​មក​ទើប​ចាប់​ផ្ដើម​គិតរឿង​បន្តបន្ទាប់។ មិនមែន​ធ្វើ​តាម​ចង់ ឬ​ធ្វើ​តាម​ចិត្ត គ្មាន​អាទិភាព ឬ​ផែនការ​ច្បាស់​លាស់​ទេ។

ប្រភព៖ lifehack ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់