- 2019-01-29 10:42:43
- ព័ត៌មាន
កម្ពុជានឹងយកទម្រង់រឿងទាំង៥នេះ ទៅបង្អួតលើព្យុះហយាត្រាដ៏ធំនៅប្រទេសសិង្ហបុរី
- 2019-01-29 10:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងយកទម្រង់រឿងទាំង៥នេះ ទៅបង្អួតលើព្យុះហយាត្រាដ៏ធំនៅប្រទេសសិង្ហបុរី
ចន្លោះមិនឃើញ
ក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី ឈ្មោះថា ឈីងហ្គេ នឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី ។ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សម្បើមនេះបានអញ្ចើញកម្ពុជាចូលរួម និងផ្ដល់ឱកាសបង្ហាញវប្បធម៌សិល្បៈដ៏ប្រពៃ និងវិសេសដែលជាមោទកភាពជាតិ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ក្បួនដង្ហែនេះផងដែរ។
ក្រោមការដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងកិច្ចសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជានឹងនាំយកនូវទស្សនីយភាព សិល្បៈប្រពៃណី និងរបាំសហសម័យ ចំនួន៥ទម្រង់ រួមបញ្ចូលគ្នាក្រោមប្រធានបទ ភាពសុខដុម (HARMONY) ដែលនឹងបង្ហាញនូវភាពសុខដុមរបស់ជាតិសាសន៍ ប្រជាជាតិខ្មែរ តាមរយៈការរួបរួមគ្នា ការពារស្នាដៃដូនតា និងកសាងសមិទ្ធផលនានាបន្ថែម ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ សិល្បៈ ៥ ទម្រង់ ដែលនឹងត្រូវយកទៅសម្តែងរួមមាន៖
(១) របាំម្ករ៖ គឺជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និងជ័យជំនះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។ ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដងខ្លួនដូចជានាគ ដែលនៅក្នុងជំនឿខ្មែរចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។
(២) ឈុតព្រះថោងនាងនាគ៖ គឺជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នារវាង មនុស្សជាតិ ជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និង ជំនឿសាសនាដែលនាំឱ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និងភាពសម្បូរសប្បាយ។
(៣) ឈុតកូរសមុទ្រទឹកដោះ៖ គឺបង្ហាញពីការរួមគ្នា សហការគ្នា ចូលរួមយ៉ាងសស្រាក់សស្រាំ និងស្មើភាពគ្នារវាង ទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធផលដែលបម្រើដល់ផលប្រយោជន៍រួម។
(៤) របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ ៖ បង្ហាញពីការអត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់នៃគុណល្បុក្កតោ។
(៥) ក្បាច់ផ្ការំដួល៖ ផ្ការំដួល គឺជាផ្កាអត្តសញ្ញាណជាតិខ្មែរ។ ចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាលនៃជាតិសាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ជុំវិញព្រឹត្តិការណ៍ ឯកឧត្តម សុខ សប្បាយណា សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា៖ អ្វីដែលជាការំពឹងទុករបស់យើងនោះគឺ ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជនខ្មែរ ក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយតាមលទ្ធភាពផ្សេងៗដែលអាចធ្វើបាន។ លើសពីនោះថែមទៀត ការចូលរួមក្នុងព្រឹត្តិការណ៍ ឈីងហ្គេ ក៏ជាឱកាសដែលគណៈប្រតិភូកម្ពុជាទាំងអស់ អាចកសាងទំនាក់ទំនងល្អ ជាមួយមិត្តអន្តរជាតិ ហើយរួមគ្នានាំមកនូវភាពសុខដុមនៃវប្បធម៌ មនុស្សជាតិ និងប្រទេសជាតិ។
ឯកឧត្តមបញ្ជាកបន្ថែមថា កម្ពុជានឹងនាំយកល្ខោនខោល ទៅសម្ដែងលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ក្បួនដង្ហែរនាឱកាសនេះនៅថ្ងៃទី១៧ កុម្ភៈ ២០១៩ ដើម្បីបង្ហាញប្រជាជាតិបរទេសផងដែរ៕
រូបភាពផ្ដល់ឲ្យ