• 2019-02-02 07:23:28
  • ការអប់រំ

យុវជន​ម្នាក់​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​ស្ម័គ្រចិត្ត​​ សម្រាប់​និស្សិត​ស្នើសុំ​អាហារូបករណ៍​នៅ​ចិន​​

  • 2019-02-02 07:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​អតីត​និស្សិត​អាហារូបករណ៍​នៅ​ប្រទេស​ចិន​ថ្មី​ៗ​នេះ​ យុវជន​ ឆិល ភីរុន ត្រូវ​បាន​វិទ្យាស្ថាន​បច្ចេកទេស​ធំ​មួយ​នៅ​ប្រទេស​ចិន​ ជ្រើសរើស​​ជា​អ្នក​សម្របសម្រួល​ប្រចាំ​ប្រទេស​​កម្ពុជា​ ដើម្បី​ជួយ​ដល់​យុវជន​ខ្មែរ​ ដែល​មាន​បំណង​ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។ វិទ្យាស្ថាន​នោះ​មាន​ឈ្មោះ​ថា Beijing Institute Of Technology ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​ទី​​​ក្រុង​ប៉េកាំង​ប្រទេស​​ចិន​។

លោក ឆិល ភីរុន

មែន​ទែន​​ទៅ​សាលា​ហ្នឹង Level គេ​ខ្ពស់​ណាស់​បង​។ ទាំង​ប្រព័ន្ធ​អប់រំ និង​បច្ចេកទេស ​នៃ​ការ​បង្រៀន​ ​គឺ​ទំនើប​មែន​ទែន​​ ហើយ​មូល​ហេតុ​ ដែល​​គេ​រើស​ខ្ញុំ​ជា​អ្នក​សម្របសម្រួល​ដល់​អ្នកស្នើ​សុំ​អាហារូបករណ៍ ដោយសារ​កន្លងមក​ មាន​និស្សិត​ជាច្រើន​នាក់​បាន​ចូល​រៀន​នៅ​សាលា​នេះ​តាមរយៈ​ខ្ញុំ ។​ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ ដែល​បាន​ធ្វើ​ការងារ​សង្គម​​”។ ភីរុន និយាយ​។  

ភីរុន គឺជា​អតីត​និស្សិ​ត​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ Beijing university of Technology​ និង​បាន​បញ្ចប់​ការ​សិក្សា​កាលពី​ឆ្នាំមុន​ ហើយ​​បាន​ប្រលូក​ក្នុង​ការងារ​ជា​អ្នក​សម្របសម្រួល​ ដោយ​មិន​គិត​ប្រាក់​កម្រៃ​ដល់​និស្សិត​ខ្មែរ ដែល​មាន​បំណង​ទៅ​រៀន​នៅ​ប្រទេស​ចិន​តាំង​ពី​ខ្លួន​រៀន​ឆ្នាំ​ទី ១​មក​។ គិត​មក​ដល់​ពេល​នេះ​ ភីរុន និង​មិត្តភក្ដិ​បាន​ជួយ​និស្សិត​ខ្មែរ​ ទៅ​សិក្សា​នៅ​ប្រទេស​ចិន​មិន​តិច​ជាង​ខ្ទង់​រយ​នាក់​ឡើយ​។

នេះ​ជា​បន្ទុក​ការងារ​ជួយ​សង្គម​កាន់តែ​ច្រើន​បង ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ចូលរួម​ជួយ​ដល់​សង្គម​តាម​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​ទៅ​បាន  ព្រោះ​បើ​រំពឹង​លុយ​ដើម្បី​ជួយ​ខ្ញុំ​គ្មាន​ទេ  មាន​តែ​កម្លាំង និង​ចំណេះ​ដឹង​ខ្លះៗ​ដើម្បី​ជួយ។ និយាយ​ទៅ​មុន​នឹង​គេ​សម្រេច​ឱ្យ​យើង​ធ្វើ​ជា​អ្នក​សម្របសម្រួល​គេ​មើល​ឃើ​ញ​លទ្ធផល​របស់​យើង​ដែរ ទើប​​​គេ​មាន​ទំនុកចិត្ត។ អញ្ចឹង​នៅ​ស្រុក​ខ្មែរ​មាន​តែ​ខ្ញុំ​តែ​ម្នាក់​ទេ​ជា​អ្នក​តំណាង​​នៅ​សាលា​ហ្នឹង​តែ​ម្តង​”។

ទោះ​យ៉ាង​ណា​ ភីរុន បាន​បន្ថែម​ ការងារ​ជា​អ្នក​សម្រប​សម្រួល​នេះ​ត្រូវ​ព្យាយាម​ខ្លាំង អំណត់​អត់​ធ្មត់​ច្រើន  ហើយ​ឆ្លើយ​ចម្លើយ​ជូន​អ្នក​សួរ​ឲ្យ​បាន​ច្បាស់​លាស់​និង​មាន​ភាព​ជាក់ច្បាស់​មិន​អាច​ចេះតែ​ឆ្លើយ​យក​រួច​តែ​ខ្លួន​នោះ​ទេ  បើ​ឆ្លើយ​ឲ្យ​តែ​រួច អ្នក​សួរ​គ្នា​មិន​អាច​យ​ក​ទៅ​អនុវត្ត​បាន​ឡើយ​។ ដូច្នេះ​បើ​ដាក់​ចិត្ត​ថា​ធ្វើ​ការងារ​នេះ  ត្រូវ​លះបង់​ពេល​វេលា​ខ្លួន​ឯង  និង​ធ្វើ​ការ​ដោយ​ភាព​រីករាយ មិន​រំពឹង​ផល​តប​ស្នង​មក​វិញ  ទើប​ការងារ​នេះ​អាច​ទៅ​មុខ​បាន​ដោយ​រលូន។ លើស​ពី​នេះ​ គឺ​ភាព​ម៉ត់​ចត់​នឹង​ការងារ​ស្មោះត្រង់​ជាមួយ​ការងារ ​ធ្វើការ​ក្នុង​ភាព​អង់​អាច ហើយ​ធ្វើ​ការ​ជាមួយ​បរទេស ជាពិសេស​គ្រូ​ចិន​គេ​មិន​សូវ​ស្គាល់​បរិបថ​ការងារ​ប្រទេស​កម្ពុជា​ទេ។ ត្រូវ​ព្យាយាម​រក​ដំណោះស្រាយ​ឲ្យ​ខាង​ចិន​ និង​ខាង​កម្ពុជា​អាច​យល់​គ្នា​បាន។  

ក្រៅ​ពី​វិទ្យាស្ថាន​ខាងលើ នៅ​មាន​សាកលវិទ្យាល័យ​ពីរ ឬ​បី​ទៀត​មាន​​បំណង​ឱ្យ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ដែរ ពិសេស​សាកលវិទ្យាល័យ​ Beijing university of Technology​ ដែល​​លោក​ធ្លាប់​​រៀន​ និង​មានបំណង​បើក​ការិយាល័យ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​។

ភីរុន ក៏​ស្វាគមន៍​បង​ប្អូន​ទាំង​អស់ ពិសេស​និស្សិត​អាហារូបករណ៍​ធ្លាប់​សិក្សា​នៅ​ប្រទេស​ចិន​ចូលរួម​ក្នុង​កិច្ច​ការងារ​នេះ​ ដើម្បី​​អា​ច​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​ទាំង​អស់​គ្នា ​កុំ​ប្រកាន់​ការងារ​រដ្ឋ ការងារ​ឯកជន សំខាន់​រស់​លើ​ទឹក​ដី​កំណើត ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​បាន​រីក​ចម្រើន​ទៅ​មុខ​ជានិច្ច។

លោក ភីរុន ឱ្យ​ដឹង​ទៀត​ថា ការងារ​នេះ​ខ្លួន​​មិន​រំពឹង​ផល​ប្រយោជន៍​មក​តប​ស្នង​វិញ​ឡើយ ​សំខាន់​យុវជន​មាន​ចិត្ត​ធ្វើ​អំពើ​ល្អៗ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​ជា​ការ​ប្រសើរ​បំផុត​។ កម្ពុជា​សម្បូរ​ទៅ​ដោយ​អ្នក​ចេះ​អ្នក​ដឹង​ប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា  នោះ​សង្គម​កម្ពុជា​នឹង​ដើរ​ទៅ​មុខ​ជានិច្ច​ប្រកប​ដោយ​ភាព​ល្អ​ផូរផង់​សម្រាប់​សង្គម​កម្ពុជា​ទាំង​មូល​។ ការ​វិនិយោគ​ដែល​ឈាន​ទៅ​មុខ​ឥត​ឈប់ឈរ មិន​ចេះ​រីង​ស្ងួត  គឺ​ការ​វិនិយោគ​ជាមួយ​ការ​សិក្សា ជាមួយ​និស្សិត​បញ្ញវន្ត​ប្រកប​ដោយ​គន្លង​ធម៌៕        

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម