• 2019-02-24 05:58:52
  • ព័ត៌មាន

តុលាការ​ឥណ្ឌា​បណ្ដេញ​កុលសម្ព័ន្ធ​ជិត​១​លាន​នាក់​​ពី​លំនៅឋាន ព្រោះហេតុផលគួរឲ្យសរសើរ១

  • 2019-02-24 05:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​កំពូល​ឥណ្ឌា​បាន​បញ្ជា​ឱ្យ​មនុស្ស​ជិត​១ លាន​នាក់​ ចាកចេញ​ពី​លំនៅឋាន​ក្នុង​ព្រៃ​របស់​ពួកគេ​ បន្ទាប់​ពី​សកម្មជន​បាន​ចោទ​ប្រកាន់​ថា​ពួកគេ​បាន​គំរាមកំហែង​ដល់​សត្វព្រៃ។ នេះ​បើ​តាម​ Dailymail ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍។

តុលាការ​កំពូល​ឥណ្ឌា​បាន​បញ្ជា​ឱ្យ​មនុស្ស​ជិត​១ លាន​នាក់​ ចាកចេញ​ពី​លំនៅឋាន​ក្នុង​ព្រៃ​របស់​ពួកគេ​ បន្ទាប់​ពី​សកម្មជន​បាន​ចោទ​ប្រកាន់​ថា​ពួកគេ​បាន​គំរាមកំហែង​ដល់​សត្វព្រៃ

ប្រជាជន​កុលសម្ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន​របស់​ខ្លួន ព្រោះ​តែ​​មិន​មាន​លិខិត​បញ្ជាក់​កម្មសិទ្ធិ ខណៈ​ដែល​ ក្រុម​សកម្មជន​សិទ្ធ​មនុស្ស​បាន​រិះគន់​សេចក្ដី​សម្រេច​ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ថា​ជា "ការ​កាត​ទោស​ប្រហារ​ជីវិត​មនុស្ស​រាប់​លាន​នាក់" ។

វា​បាន​កើត​ឡើង​នៅ​ពេល​មាន​ញត្តិ​មួយ​បាន​ចោទ​ប្រកាន់​មនុស្ស​រាប់​លាន​នាក់​ ថា​បាន​រំលោភ​បំពាន​ដោយ​ខុស​ច្បាប់​លើ​តំបន់​ការពារ និង គំរាម​កំហែង​សត្វព្រៃ​តាមរយៈ​ការ​ធ្វើ​កសិកម្ម និង ការ​កាប់ឆ្ការ​ព្រៃឈើ។

តុលាការ​បាន​ចេញ​ដីកា​សម្រេច​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ហើយ​បាន​និយាយ​ថា​ការ​បណ្ដេញ​ចេញ​ត្រូវ​តែ​អនុវត្ត​ក្នុង​រយៈពេល ៥ ខែ។

ប្រជាជន​កុលសម្ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន​របស់​ខ្លួន ព្រោះ​តែ​​មិន​មាន​លិខិត​បញ្ជាក់​កម្មសិទ្ធិ

​ច្បាប់​ស្ដីពី​សិទ្ធិ​ព្រៃឈើ​របស់​ឥណ្ឌា​អនុញ្ញាត​ឱ្យ​ក្រុម​កុលសម្ព័ន្ធ​រស់​នៅ​លើ​ដី​ព្រៃ​បាន លុះ​ត្រា​ណា​តែ​ពួកគេ​បាន​កាន់កាប់​ដី​នោះ​បី​ជំនាន់​ គិត​មុន​ឆ្នាំ ២០០៥។

សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​សប្ដាហ៍​នេះ បាន​បញ្ជា​ឱ្យ​បណ្ដេញ​គ្រួសារ​ដែល​ទាមទារ​ការ​កាន់កាប់​​ដី​ធ្លី ហើយ​ត្រូវ​បាន​បដិសេធ​​ដោយ​ច្បាប់។

ប៉ុន្តែ​ក្រុម​កុលសម្ព័ន្ធ​បាន​និយាយ​ថា​ដី​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដកហូត​ដោយ​ច្បាប់​នេះ គឺ​ជា​ដី​ដែល​ពួកគេ​បាន​​ធ្វើ​ចម្ការ​អស់​រាប់​ជំនាន់ ហើយ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រៃ​ទេ។

ក្រុម​សកម្មជន​កុលសម្ព័ន្ធ​បាន​និយាយ​ថា​ ការសម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន និង អ្នក​អភិរក្ស​ព្រៃឈើ​ប៉ុណ្ណោះ។

កាសែត Times of India បាន​រាយការណ៍​ថា​ក្រសួង​កិច្ចការ​​កុលសម្ព័ន្ធ នឹង​ជួប​ជាមួយ​មន្ត្រី​មក​ពី​រដ្ឋ​ចំនួន ១៦ ក្នុង​ចំណោម​រដ្ឋ​ឥណ្ឌា​ចំនួន ២៩ ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ពិភាក្សា​អំពី​របៀប​ដោះស្រាយ​បញ្ហា​បណ្ដេញ​ចេញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់