- 2019-03-05 07:37:45
- ព័ត៌មាន
លោកឧកញ៉ា ពុង ឃាវសែ ទម្លាយរយៈពេលសាងសង់ព្រលានយន្តហោះថ្មី
- 2019-03-05 07:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកឧកញ៉ា ពុង ឃាវសែ ទម្លាយរយៈពេលសាងសង់ព្រលានយន្តហោះថ្មី
ចន្លោះមិនឃើញ
រយៈពេលសាងសង់ព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាល ស្ទឹង និងខេត្តតាកែវត្រូវបាន លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានទម្លាយឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៨ ខែមីនា កន្លងមកនៅក្រសួងដែនដី។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺត្រូវចំណាយពេលសាងសង់ចន្លោះពី ៥ ឆ្នាំទៅ ១០ ឆ្នាំ ទើបសាងសង់រួចជាស្ថាពរ។ នេះបើតាមលោក លោកឧកញ៉ា ពុង ឃាវសែ។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលផ្ដល់ទំនុកទុកចិត្តឱ្យទទួលកិច្ចការដ៏ធំសម្បើម និងជាប្រវត្តិសាស្ត្រនេះ បើទៅជាលោកមានវ័យកាន់តែច្រើនយ៉ាងណាក្ដី។
“ពេលចុះ Mou ខ្ញុំអាយុ ៧០ ឆ្នាំ ឥឡូវ ៧១ឆ្នាំ ហើយការសាងសង់ព្រលានយន្តចំណាយពេលពី ៥ ឆ្នាំទៅ១០ ឆ្នាំ។ អញ្ចឹងពេលធ្វើរួចខ្ញុំអាយុ ៨០ឆ្នាំ ។ ការងារនេះជាកិត្តិយសខ្ញុំខ្លាំងណាស់ សម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំ”។ លោក ឧកញ៉ា បន្ថែមដូច្នេះ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត ៤F នឹងត្រូវសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា ចន្លោះខេត្តកណ្ដាល និងខេត្តតាកែវ។ ការសម្រេចនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំអន្ដរក្រសួង នៅទីស្ដីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដែលមានឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំលើកទី១ ដោយមានការចូលរួមពី ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានគណៈកម្មការ , ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ រួមទាំង សមាជិកគណៈកម្មការទាំងអស់ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក។ កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ។
គម្រោងព្រលានយន្តហោះ ដែលគ្រោងវិនិយោគទឹកប្រាក់ ១ ៥០០លានដុល្លារអាមេរិក រាជរដ្ឋាភិបាលបានកាន់កាប់១០% ឯក្រុមហ៊ុនលោកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០% ។ ការចំណាយថវិកាទាំង ១ ៥០០លានដុល្លារនេះ បានមកពីកម្ចីធនាគារបរទេស ១ ១០០ លានដុល្លារ ២៨០ លានដុល្លារជារបស់ក្រុមហ៊ុន OCIC និង ២៨០លានដុល្លារទៀត សម្រាប់ចុះបញ្ជីពាណិជ្ជកម្ម៕