• 2019-03-22 07:30:00
  • ព័ត៌មាន

ជប៉ុន​បង្ហាញ​ពិធី​លៀង​តែ ដល់​និស្សិត​ខ្មែរ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ

  • 2019-03-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ផ្សេងៗ​ប្រមាណ​ជា ជិត​១០០នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ជាទី​ដែល​ជប៉ុន​រៀប​ចំ​ពិធី​បង្ហាញ​ប្រពៃណី​របស់​ខ្លួន​តាមរយៈ​ពិធី​លៀង​តែ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មីនា ២០១៩​នេះ។ ពិធី​លាង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន​ «ឆាណុយឺ» ដែល​ត្រូវ​បាន​ស្គាល់​ថា (ឆាដូ ឬសាដូ) គឺជា​ក្បួន​ខ្នាត​នៃ​ការ​ឆុង​ម្សៅ​តែ​បៃ​តង​សម្រាប់​ទទួល​ភ្ញៀវ។

លោក​ជំទាវ​ Sabine Horinouchi ត្រូវ​ជា​ភរិយា​របស់​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​អញ្ជើញ​អ្នក​សារព័ត៌មាន​ និង​និស្សិត​មក​ជួបជុំ​នៅ​ពេល​នេះ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ប្រពៃ​ណី​ជនជាតិ​ជប៉ុន តាមរយៈ​ពិធី​លៀង​តែ។ "និស្សិត​ដែល​មក​ទីនេះ​ភាគច្រើន​ គឺ​ជា​អ្នក​បាន​រៀន​ភាសាជប៉ុន ហើយ​យើង​ចង់​ឲ្យ​ពួកគេ​ ស្វែងយល់ និង​បា​ន​អនុវត្តន៍​ផ្ទាល់ នៃ​ការ​ឆុងតែជប៉ុន​ផងដែរ"។

លោក​ជំទាវ​ Sabine Horinouchi

ពិធី​លៀង​តែ​ខាង​លើ​នេះ ដើម​ឡើយ​មាន​ប្រវត្តិ​មក​ពី​ប្រទេស​ចិន ដែល​បាន​ជ្រៀត​ចូល​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​សតវត្ស​ទី ៧ ប៉ុន្ដែ​ក្រោយ​មក​ពិធី​នេះ​បាន​បាត់​បង់​ រហូត​ដល់​សតវត្ស​ទី ១៥ ទើប​ពិធី​ឆុង​តែ​នេះ​បាន​វិល​ត្រឡប់​ម្ដង​ទៀត​នៅ​ប្រទេស​ជប៉ុន។ ប៉ុន្ដែ​របៀប​នៃ​ការ​ឆុង​តែ​ ជប៉ុន​បាន​ផ្លាស់ប្ដូរ​របៀប​មួយ​ចំនួន នៃ​វប្បធម៌​ចិន។ លោក​ជំទាវ Sabine Horinouchi មាន​ប្រសាសន៍។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​នៃ​ឯកសារ​ណែនាំ​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ដែរ​ថា ពិធី​លៀងតែ​ដែល​ពេញ​លេញ​​តាម​ក្បួន​ខ្នាត ជា​ទូទៅ​ចំណាយ​ពេល​យ៉ាង​យូរ​បំផុត​ប្រហែល ៤ម៉ោង រួម​ទាំង​ការ​ទទួល​ទាន (Chakaiseki) និង​តែ​បៃ​តង​២​ដង (Koicha និង Usucha) ហើយ​ស្រប​ពេល​នោះ​ ម្ចាស់​ផ្ទះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទទួល​បាន​នូវ​ភាព​រីករាយ និង​អារម្មណ៍​ប្រកប​ដោយ​សេចក្ដី​ស្ងប់។

ទោះ​បី​ជា​គ្រប់​ការ​ព្យាយាម​ទាំង​អស់ ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នក​ចូលរួម​ទទួល​បាន​ភាព​រីករាយ​ក៏ដោយ​ ក៏​មិន​អាច​ថា​ ក្បួន​ខ្នាត​ឆុង​តែ​ខាង​លើ​នេះ ធ្វើ​ការ​បណ្ដែត​បណ្ដោយ​ទៅតាម​ចំណង់​ចំណូល​ចិត្ត​ភ្ញៀវ​ដែរ។ ជាក់​ស្ដែង​ ពិធី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក​ចូលរួម​យក​ចិត្ត​ទុកដាក់​អំពី​គុណ​តម្លៃ​នៃ​សម្រស់​ធម្មជាតិ ដូចជា ពន្លឺ សំឡេង​ទឹក​ហូរ និង​អណ្ដាត​ភ្លើង​អុស ឬ​ធ្យូង ដែល​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​ពិធី​លៀង​តែ និង​ភាព​អស្ចារ្យ​របស់​សាកល​លោក​ដែល​បង្ហាញ​ដោយ​មនុស្ស​ ដូចជា​វត្ថុ​សិប្បកម្ម​បង្កើត​ឡើង​ដោយ​ស្នាដៃ​មនុស្ស។

និស្សិត​ខ្មែរ ដែល​បាន​ចូលរួ​ម​ពិធី​លៀងតែ នៅ​ស្ថានទូត​ជប៉ុន​ព្រឹក​មិញ

ខាង​ក្រោម​នេះ គឺជា​សម្ភារៈ​សម្រាប់​ឆុងតែ តាម​ពិធី​លៀងតែ​ជប៉ុន

តែបៃតង ក្រោយ​ឆុង​រួចរាល់
មុន​ញាំតែឆ្ងាញ់​ជប៉ុន ត្រូវ​ញុំា​ទាំង​នេះ​ជា​មុន​សិន ដើម្បី​ទទួល​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ទទួល​អារម្មណ៍​ស្រស់ស្រាយ​ផងដែរ

តាម​សៀវភៅ​ណែនាំ​ ភ្ញៀវ​ត្រូវ​យក​ក្រដាស​មក​ដាក់​នំផ្អែម នៅ​ពេល​ពិសារ។ នំ​ផ្អែម​ស្អិត ហើយ​ដុំធំ គួរតែ​កាត់​ជា​ចំណិតៗ រួច​ពិសារ​ ចំណែក​នំ​ស្ងួត​តូចៗ យើង​អាច​ពិសារ​ដោយ​ដៃ​ផ្ទាល់​បាន។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់