• 2019-04-04 10:42:45
  • សេដ្ឋកិច្ច

វី​ង ចាប់ដៃ​ជាមួយ ហត្ថា​កសិករ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត ក្នុង​បង្កើន​ភាព​ទូ​លំ​ទូលាយ នៃ​សេវា​ហិរញ្ញវត្ថុ​

  • 2019-04-04 10:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​ប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ ហត្ថា​កសិករ លីមីត​ធី​ត (HKL) ក្នុង​ការផ្ដល់ជូន​នូ​វ​សេវា​បង់​វិក្កយបត្រ និង​សេវា​ផ្ទេរ​ប្រាក់ ពី​គណនី​ទៅ គណនី តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​អតិ​ថិ​ជននៃ​ស្ថា​ប័ន​ទាំងពីរ​។​

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខ អតិ​ថិ​ជន នឹង​អាច​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅមក​ដោយ​សុវត្ថិភាព ពី​គណនី​វី​ង​ទៅកាន់​គណនី​ហត្ថា​កសិករ ឬ​ពី​គណនី​ហត្ថា​កសិករ​ទៅកាន់​គណនី​វី​ង​។ បន្ថែម​ពីលើ​សេវា​ដាក់​ប្រាក់​ទៅក្នុង​គណនី អតិ​ថិ​ជនផ្នែក​ឥណទាន​របស់​ហត្ថា​កសិករ ក៏​អាច​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​ប្រាក់​ចូលក្នុង​គណនី​ហត្ថា​កសិករ​របស់ខ្លួន ដើម្បី​ទូទាត់​ការសង​បំណុល​ប្រចាំខែ ឬ​សកម្មភាព​ហិរញ្ញវត្ថុ​ដទៃ​ទៀ​ត​ផងដែរ​។​

ភាព​ជា​ដៃគូ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ដល់​ការផ្ទេរ​ប្រាក់​ជា​រៀងរាល់ថ្ងៃ របស់​អតិ​ថិ​ជននៃ​ស្ថា​ប័ន​ទាំងពីរ​នេះ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​គ្មាន​ភាពស្មុគស្មាញ រួម​ជាមួយនឹង​ការណែនាំ​មកកាន់​ពិ​ភព​ថ្មី​នៃ​ប្រព័ន្ធ​ឌីជីថល​។ អតិ​ថិ​ជន​របស់​ហត្ថា​កសិករ នឹង​អាច​ទទួលបាន​នូ​វ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ប្រ​ព័​ន្ធ​ឌីជីថល​ដ៏​ទូ​លំ​ទូលាយ ដែល​អនុញ្ញាតិ​ឱ្យ​ពួកគេ​អាចធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងអស់ តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូន​វីង​រួមមាន​សេវា​ផ្ទេរ​ប្រាក់​ បង់​វិក្កយបត្រ បញ្ចូល​ប្រាក់​ទៅក្នុង​ទូរ​ស័ព្ទ ទូទាត់​ប្រាក់​តាម​អន​ឡាញ និង​ដោយ​ស្កេន​កូដ QR ក៏ដូចជា​បទពិសោធន៍​​ទិញ​ទំ​និ​ញ​ពី​បណ្តា​ហាង​អន្ដរជាតិ ដោយ​ប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ា​ស្ទ័រ​កាត​។​

លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ហត្ថា​កសិករ បាន​មាន​ប្រសាសន៍ថា ហត្ថា​កសិករ និង​វី​ង មាន​ចំណុច​ដូចគ្នា​ជាច្រើន ដោយហេតុថា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំងពីរ ជឿជាក់​លើ​ការដាក់បញ្ចូល ហិរញ្ញវត្ថុ និង​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​និរ​ន្ត​ភាព​ស​ង្គ​ម និង​ហិរញ្ញវត្ថុ​យូរអង្វែង​របស់​អតិ​ថិ​ជន​រៀ​ងៗ​ខ្លួន​។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង បាន​ប្រសាសន៍ថា ភាព​ជា​ដៃគូ​មាន​ន័យថា ចំនួន​អ្នក​មិនមាន​គណនី​ធនាគារ និង​អ្នក​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ កាន់តែ​ច្រើនឡើងៗ នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាចមាន​ល​ទ្ធភាព​ទទួល​បាននូ​វ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​មាន​គុណភាព ដើម្បី​ជួយ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ហើយ​វី​ង​ពិតជា​រំភើប​ខ្លាំងណាស់ ក្នុង​ការចូលរួម​ចំណែក​នៅក្នុង​ដំ​ណើ​រការ​នេះ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់