• 2019-05-30 03:51:29
  • ព័ត៌មាន

ធនាគារ CIMB យកចិត្តទុកដាក់លើសុខមាលភាពកុមារ ដែលជាទំពាំងស្នងឬស្សី

  • 2019-05-30 03:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដោយ​មាន​ការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក ជាង​៣០០នាក់ បាន​រួមគ្នា​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​សៀមរាប ដែល​ ស្ថិត​ក្រោម​ការ​ផ្គត់ផ្គង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​បង្កើត​ឡើង តាំង​ពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ។ សកម្មភាព​មនុស្ស​ធម៌​ខាង​លើ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ កាលពីថ្ងៃទី២០ ខែ​ឧសភា ២០១៩។

ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​កុមារ​កំព្រា​ចំនួន ៣៨​នាក់ ធនាគារ CIMB បាន​បរិច្ចាគ និង​ឧបត្ថម្ភ​គ្រឿង​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ដូចជា អង្ករ​២​តោន រទេះ​សម្រាប់​ជន​ពិការ​៤​គ្រឿង​ កុំព្យូទ័រ​១ឈុត ម៉ាស៊ីនដេរ​១គ្រឿង កង្ហារ​៥គ្រឿង កៅអី​ញាំ​បាយ៤០ តុញាំបាយ២ រួម​ទាំង​សម្ភារៈ​សិក្សា និង​ថវិកា​ចំនួន ៨សែន ៦ម៉ឺន ៥០០រៀល និង ៣ ៨៩០​ដុល្លារ​ផង​ដែរ។ ក្នុង​ចំណោម​នោះ ការ​ឧបត្ថម្ភ​មួយ​ផ្នែក​ធំ គឺ​បាន​មក​ពី​ការ​ចូលរួម និង​ការ​បរិច្ចាគ ដោយ​ផ្ទាល់​ពី​បុគ្គលិក​របស់​ធនាគារ ទៅ​តាម​លទ្ធភាព​របស់​ពួកគេ។

លោកប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​ឲ្យដឹង​ថា៖ «ក្នុង​នាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈាន​មុខ​គេ​មួយ ធនាគារ CIMB តែងតែ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ត្រឡប់ ដល់​សហគមន៍​នានា ក្នុង​ប្រទេស​កម្ពុជា ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន។ សម្រាប់​លើក​នេះ ធនាគារ​បាន​ផ្ដោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់ អំពី​សុខុមាល​ភាព​កុមារ ព្រោះ​កុមារ គឺ​ជា​ជន​ងាយ​រង​គ្រោះ ហើយ​កុមារ​កំព្រា គឺ​កាន់តែ​ងាយ​រង​ផល​ប៉ះពាល់​មួយ​កម្រិត​ផង​ដែរ។ ដូច្នេះ​យើង​ពិត​ជា​រីករាយ ក្នុង​ការ​រួម​ចំណែក​ជួយ​បំពេញ​ការ​ខ្វះខាត និង​ផ្គត់ផ្គង់​តាម​លទ្ធភាព​ ដល់​កុមារ​ទាំង​៤០​នាក់ នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា នៅ​ទីនេះ»។

ជាងនេះទៅទៀត លោកប៊ុន យីន ក៏​បាន​ផ្តល់​ជូន​មតិផ្តាំផ្ញើមួយចំនួន ដល់​ថ្នាក់​ដឹកនាំ គួរ​ធ្វើ​ការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ដើម្បី​ថែ​រក្សា​មណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​នេះ​ក្នុង​ការ​រៀន​សូត្រ​តាម​សាលា​នានា ប្រសើរ​ជាង​ការ​បង្កើត​ថ្នាក់​រៀន​ក្នុង​មជ្ឍមណ្ឌល ដែល​ត្រូវ​មាន​ការ​ចំណាយ​ច្រើន​ជាង។ ការ​បន្ត និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ដល់​កុមារ​ទាំងអស់ ដោយ​ផ្តោត​លើ​ការ​ផ្ទេរ​ចំណេះដឹង​ និង​ការ​អប់រំ​រៀន​សូត្រ នឹង​ជួយ​ដល់​ពួកគេ​ទទួល​បាន​អនាគត​ល្អ​ប្រសើរ ដែល​អាច​រួម​ចំណែក ​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ ក៏ដូចជា​ការ​បម្រើ​ការងារ​ក្នុង​ធនាគារ CIMB នា​ថ្ងៃ​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក មឿន សុគុណ ប្រធាន​មណ្ឌល​កុមារ​កំព្រា​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា៖ «តាំង​នាម​ឲ្យ​កុមារ និង​បុគ្គលិក​ទាំង​អស់ នៅ​ក្នុង​មណ្ឌល ខ្ញុំ​សូម​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមការងារ​របស់​ធនាគារ CIMB ទាំងអស់ ដែល​បាន​ធ្វើ​ដំណើរ​វែង​ឆ្ងាយ ដោយ​នាំ​យក​សម្ភារៈ​បរិភោគ ថវិកា និង​ឧបករណ៍​ប្រើប្រាស់​ជាច្រើន សម្រាប់​បរិច្ចាគ ដល់​ពួក​យើង​ខ្ញុំ នា​ថ្ងៃ​នេះ។ សម្ភារៈសប្បុរសធម៌ទាំងអស់នេះ ពិតជាបានរួមចំណែក ដល់​ការ​បំពេញ​តម្រូវ​ការ​របស់​យើង​ខ្ញុំ កាន់តែ​ល្អ​ប្រសើរ នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ទាំងមូល។ តាមរយៈ​គំរូ នៃ​ការ​លះបង់​របស់​ធនាគារ CIMB នាថ្ងៃនេះ ខ្ញុំសង្ឃឹមថា នឹងមានសប្បុរជនដទៃទៀតបានដឹងឮ ហើយ​ចូលរួម​ជួយ​ឧបត្ថម្ភ ​ដល់​យើង​ខ្ញុំ ក៏ដូចជា​សហគមន៍​ផ្សេងទៀត ក្នុង​ប្រទេសកម្ពុជា»។

ក្នុង​នាម​ជា​អ្នក​ចូលរួម​មួយ​រូប ក្នុង​កម្មវិធី​សប្បុរធម៌​នេះ អ្នកនាង ថន សណ្តាប់ បាន​បង្ហាញ​ពី​មតិយោបល់​របស់​ខ្លួន​ថា៖ «ខ្ញុំពិតជារំភើបរីករាយ ដែលបានរួមចំណែក ក្នុងការងារសង្គម ជាមួយ​ធនាគារ CIMB នា​ថ្ងៃនេះ។ ស្នាមញញឹម​របស់​ក្មេងៗ នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​គ្រប់រូប ពិត​ជា​ធ្វើឲ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បានឡើយ។ ខ្ញុំសង្ឃឹមថា ស្នាមញញឹម​របស់​ពួកគេ នឹង​នៅតែ​មានជានិច្ច។ ហើយ​ទោះ​បី​ជា​ពួកគេ​ជា​កុមារងាយ​រង​គ្រោះ និង​ជា​កុមារ​កំព្រា​ ប៉ុន្តែ​ពួកគេ​នៅតែ​បាន​ទទួល​ការ​ផ្តល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត ពីពួកយើងរាល់គ្នា។ ខ្ញុំ​សូម​ជូនពរឲ្យពួកគេទទួលបានអនាគតភ្លឺស្វាង ក្នុង​នាម​ជា​ទំពាំង​ស្នង​ឬស្សី របស់​ប្រទេស​ជាតិ​យើង»។ 

សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន​១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅ​ក្នុង​ប្រទេស។ ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ស៊ីអាយអិមប៊ី គ្រុប ដែល​ជា​ធនាគារ​សាកល​ឈាន​មុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម ជា​រៀងរាល់​ឆ្នាំ ទៅ​តាម​គម្រោងផ្សេងៗគ្នា ដែលបានរួមចំណែកផ្តល់​អត្ថប្រយោជន៍ ដល់​មនុស្ស​ជាង​៣លាននាក់ ទូទាំង​តំបន់​អាស៊ាន៕

អត្ថបទ៖ Sponsor

មតិយោបល់