• 2019-06-06 03:30:00
  • ការអប់រំ

ការពិត ៧ យ៉ាងដែលមិនសូវមានអ្នកដឹងពីប្រពន្ធ Mark Zuckerberg

  • 2019-06-06 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី Priscilla Chan បាន​រៀប​ការ​ជា​មួយ​នឹង​​បុរស​ដែល​មាន​ជាង​គេ​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទាំង​អស់​ក្នុង​ពិភព​លោក​ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ស្គាល់​ឬ​ដឹង​រឿង​ច្រើន​ពី​ប្រពន្ធ​របស់​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ Facebook រូប​នេះ​ទេ​។​ ខាង​ក្រោម​នេះ​ជា​ការ​ពិត​ ៧​ យ៉ាង​របស់​ Priscilla Chan ដែល​មិន​សូវ​មាន​អ្នក​ដឹង​ឡើយ​៖​

១. នាង​គឺ​ជា​​ម្ដាយ​ម្នាក់​ដែល​ម្ដាយ​គ្រប់​រូប​ស្រមៃ​ចង់​ធ្វើ​ដូច

តារាង​នៃ​ភាព​ជោគ​ជ័យ​របស់​គាត់​គឺ​ជា​ តារាង​ជោគ​ជ័យ​ដែល​ម្ដាយ​គ្រប់​រូប​តែង​តែ​បួង​សួង​ចង់​បាន​ដូច​។​ លោក​ស្រី​​គឺ​ជា​​មនុស្ស​ដំបូង​គេ​ក្នុង​គ្រួសារ​ចិន​កាត់​អាមេរិក​របស់​គាត់​ដែល​បាន​រៀន​ចប់​នៅ​សាកលវិទ្យាល័យ​។ ភាព​ជោគ​ជ័យ​មួយ​នេះ​ប្រៀប​ដូច​ជា​មោទកភាព​ដ៏​ធំ​មួយ​នៃ​ការ​ចំណាក​ស្រុក​របស់​គ្រួសារ​ពួក​គេ​។​ គាត់​​បាន​កាន់​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​ Harvard ហើយ​និង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ពេទ្យ​កុមារ​ពី​សាកល​វិទ្យាល័យ​ក្នុង​រដ្ឋ​ California ដែល​ជា​សាលា​ផ្នែក​វេជ្ជសាស្ត្រ​​ល្អ​ជាង​គេ​លំដាប់​ថ្នាក់​លេខ ៣ នៅ​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង​។​

២. លោក​ស្រី​​គឺ​ជា​សប្បុរសជន​ដែល​មាន​ទឹក​ចិត្ត​ល្អ​ម្នាក់

ស្ត្រី​វ័យ​ ៣០ ឆ្នាំ​នេះ​ចូល​ចិត្ត​ការ​ធ្វើ​សប្បុរសធម៌​ណាស់​ ហើយ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ធ្វើ​ការ​ងារ​នេះ​បាន​ច្រើន​រួច​​មក​ហើយ​។​ ក្នុង​ឆ្នាំ​ ២០១៤​ ពួក​គេ​បាន​បរិច្ចាគ​លុយ​ ៦៦ លាន​ដុល្លារ​ ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​ ៥០​នាក់​ របស់​ Forbs America​ ដែល​បាន​​បរិច្ចាគ​លុយ​ដើម្បី​ជួយ​ដល់​សាលា​រៀន​ និង​មន្ទីរពេទ្យ​ជា​ច្រើន​។​ ទឹក​ប្រាក់​ប្រហែល​ ២៥ លាន​ដុល្លារ​របស់​ពួក​គេ​​​ត្រូវ​បាន​បរិច្ចាគ​ចូល​ទៅ​ក្នុង​មូលនិធិ​មជ្ឈមណ្ឌល​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​ (CDC) របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេបូឡា​នៅ​អាហ្វ្រិក​ខាង​លិច​។

៣. ការ​សិក្សា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី

ក្នុង​ការ​ធ្វើ​បទ​សម្ភាស​លើក​ដំបូង​នៅ​លើ​ក្នុង​កម្មវិធី​ទូរទស្សន៍​ លោក​ស្រី​ Chan បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ការ​សិក្សា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​សម្រាប់​គាត់​។​ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ហើយ​និង​ប្ដី​បាន​លះ​បង់​ការ​​បរិច្ចាគ​មួយ​ភាគ​ធំ​របស់​ពួក​គេ​ទៅ​លើ​មុខ​វិជ្ជា​សិក្សា​។​ គាត់​បាន​កាន់​កាប់​ប្រព័ន្ធ​សិក្សា​សាធារណ​ក្នុង​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ ដោយ​ទទួល​បាន​ការ​ជោគ​ជ័យ​ជា​ច្រើន​ដោយ​មាន​ការ​គាំ​ទ្រ​និង​លើក​ទឹក​ចិត្ត​ពី​គ្រូ​របស់​គាត់​យ៉ាង​ពេញ​ទំហឹង​។​ លោក​ស្រី​ក៏​ជា​នាយក​ប្រតិបត្តិ​នៃ​សាលា​បឋម​សិក្សា​ គំរូ​សុខភាព​ និង​ការ​អប់​រំ​ចម្រុះ​ថ្មី​ផង​ដែរ​។​

​​​៤. គាត់​ជា​បង​ស្រី​ធំ​ជាង​គេ​ក្នុង​ចំណោម​បង​ប្អូន​ស្រី​ ៣ នាក់

លោក​ស្រី Chan គឺ​ជា​បង​ស្រី​ធំ​ជាង​គេ​ក្នុង​ចំណោម​កូន​ស្រី​ ៣​ នាក់​​ ដោយ​គាត់​មាន​អាយុ​ច្រើន​ជាង​ប្អូន​ស្រី​ពៅ​របស់​គាត់​រហូត​ដល់​ទៅ​ ៨​ ឆ្នាំ​។​ គាត់​​បាន​ប្រាប់​ទៀត​ថា​គាត់​បាន​ចំណាយ​ពេល​ច្រើន​ជា​មួយ​ប្អូន​ស្រី​ទី​១​របស់​គាត់​ជា​ច្រើន​កាល​ពី​នៅ​ក្មេង​។​ គាត់​ប្រៀប​បាន​ដូច​ជា​ម្ដាយ​របស់​ប្អូន​ស្រី​ពៅ​អ៊ីចឹង​ ដោយ​​ពួក​គេ​ទាំង​ពីរ​មាន​អាយុ​ខុស​គ្នា​ច្រើន​។​

​​៥. គាត់​និយាយ​បាន ៣ ភាសា

គាត់​អាច​និយាយ​ភាសា​ អង់គ្លេស​ ចិន​កាតាំង និង​ភាសា​អេស្ប៉ាញ​បាន​យ៉ាង​ស្ទាត់​ជំនាញ​។​ ការ​រៀន​ភាសា​ចិន​កាតាំង​ជួយ​គាត់​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ជីដូន​ជីតា​ ចិន​កាត់​វៀតណាម​របស់​គាត់​បាន​ល្អ​។​ គាត់​ជ្រើស​រើស​ការ​រៀន​ភាសា​អេស្ប៉ាញ​ដោយ​អ្នក​ជំងឺ​ភាគ​ច្រើន​របស់​គាត់​និយាយ​ភាសា​នេះ​។​

​​​៦. ពួក​គាត់​ទាំង​ពីរ​នាក់​ជា​គូ​ស្នេហ៍​នឹង​គ្នា​តាំង​តែ​រៀន​នៅ​មហាវិទ្យាល័យ

លោក​ស្រី​ Chan ហើយ​និង Zuckerberg បាន​ជួប​គ្នា​ជិត​ ១០ឆ្នាំ​ហើយ​មុន​ពេល​សម្រេច​ចិត្ត​ទាក់​ទង​គ្នា​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០១២។​ ពួក​គេ​បាន​ជួប​គ្នា​នៅ​ពេល​ដែល​កំពុង​ឈរ​រង​ចាំ​ចូល​បន្ទប់ទឹក​នៅ​ក្នុង​ពិធី​ជប់​លៀង​របស់​សាកលវិទ្យាល័យ​ Harvard  ហើយ​ពួក​គេ​ទាំង​ពីរ​បាន​ស្គាល់​គ្នា​តាំង​ពី​ពេល​នោះ​មក​។​ ប៉ុន្តែ​ពួក​គេ​ក៏​បាន​ឆ្លង​កាត់​ការ​អន់​ចិត្ត​នឹង​គ្នា​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​រាប់​មិន​អស់​ដែរ​។​ រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook អាណិត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ខ្លាំង​បំផុត​នោះ​គឺ​ នៅ​ថ្ងៃ​ទី​ ៣១ ខែ​កក្កដា ឆ្នាំ២០១៥ លោក​ Zuckerberg បាន​ប្រាប់​​ពី​ការ​ឈឺ​ចាប់​ក្នុង​គ្រួសារ​របស់​គាត់​ថា​​ប្រពន្ធ​គាត់​បាន​រលូត​កូន​ចំនួន​បី​ដង​រួច​មក​ហើយ​។​

​​​៧. ឆ្កែ​នៅ​ក្នុង​គ្រួសារ​របស់​ពួក​គេ​មាន​គេ​ស្គាល់​ច្រើន​ជាង​លោក​ស្រី​ Chan ទៀត​ផង

សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន​អ្នក​ followed ច្រើន​បំផុត​នៅ​លើ​ Facebook។ វា​មាន​​ចំនួន​អ្នក​ followed ច្រើន​ជាង​ ២.២ លាន​នាក់​នៅ​លើ​ page ដែល​ជា​ចំនួន​ច្រើន​ជាង​លោក​ស្រី​ Chan ថែម​ទៀត​ផង​។ វា​ជា​ប្រភេទ​សត្វ​ឆ្កែ​ដែល​មាន​រោម​ដូច​សត្វ​ចៀម​មក​ពី​ប្រទេស​ហុង​គ្រី​ ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ជា​មួយ​នឹង​រោម​កណ្ដាញ់​វែង​ៗ​របស់​វា​៕

ចុចអាន៖ កុំប្រាប់​រឿង ៨ យ៉ាងនេះឲ្យគេដឹង បើចង់បានសន្តិភាពផ្លូវចិត្ត

ប្រភព៖ Straitstimes ប្រែ​សម្រួល៖ ឃួន​ សុលីកា

មតិយោបល់