- 2019-06-14 03:54:02
- ព័ត៌មាន
លោកស្រី ឆាយ ស៊ីវលីន ពីបុគ្គលិកប្រាក់ខែ៣០ដុល្លារ ក្លាយជាថៅកែ និងប្រធានសមាគមទេសចរធំមួយ
- 2019-06-14 03:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ឆាយ ស៊ីវលីន ពីបុគ្គលិកប្រាក់ខែ៣០ដុល្លារ ក្លាយជាថៅកែ និងប្រធានសមាគមទេសចរធំមួយ
ចន្លោះមិនឃើញ
តំណាងឱ្យប្រតិបត្តិករទេសចរខ្ទង់រយក្រុមហ៊ុន លោកស្រី ឆាយ ស៊ីវលីន ត្រូវបានគេដឹងថា ជាស្ត្រីឆ្នើមមួយរូបមានឈ្មោះបោះសំឡេងច្រើនឆ្នាំមកហើយ នៅក្នុងវិស័យទេសចរណ៍កម្ពុជា។ វិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាវិស័យស្នួលមួយជួយ ជ្រោងសេដ្ឋកិច្ចជាតិ និងកំពុងមានការរីកចម្រើន។ មានតួនាទីជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានចូលរួមចំណែកយ៉ាងខ្លាំងក្លារុញឱ្យវិស័យនេះកាន់តែមានវឌ្ឍនភាព និងការរីកលូតលាស់ទៅមុខ។
កើតនៅក្រុងសៀមរាប ខេត្តសៀមរាប និងមានឈាមជ័រជាកូនចៅចិន លោកស្រីគឺជាកូនពៅក្នុងចំណោមបងប្អូន៤ នាក់ ដែលមានឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ និងក្រោយមកជាអ្នកលក់ដូរ។ លោកស្រីបានរៀនចប់មធ្យមសិក្សានៅឆ្នាំ១៩៩១ និងបានចូលបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរ ក្រោមការគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយទទួលបានប្រាក់ខែប្រមាណ ៣០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ការចូលបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរ ដោយសារលោកស្រីបានរៀន និងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងភាសាបារាំងបានល្អ។
នៅអំឡុងឆ្នាំ១៩៩៤ លោកស្រីឃ្លាតឆ្ងាយពីស្រុកកំណើត និងអ្នកមានគុណ ផ្លាស់មករស់នៅរាជធានីភ្នំពេញ និងបានបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រប់ (សាកលវិទ្យាល័យជាតិគ្រប់គ្រង) លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម ប៉ុន្តែក្រោយបញ្ចប់ការសិក្សានៅឆ្នាំ១៩៩៨ ការងាររបស់លោកស្រីនៅតែ ទាក់ទងនឹងវិស័យទេសចរណ៍ដដែល។ លោកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុនទេសចរមួយជាអ្នករៀបចំខ្សែទស្សនកិច្ច និងអ្នកលក់សំបុត្រយន្តហោះនៅរាជធានីភ្នំពេញ។
បម្រើការងារនៅក្រុមហ៊ុនខាងលើបានប្រមាណមួយឆ្នាំ អ្នកស្រីបានលាឈប់ និងចូលបម្រើការងារនៅក្រុមហ៊ុនមួយទៀតមានតួនាទីជាអ្នកគ្រប់គ្រងម្នាក់។ លោកស្រីទទួលបានបទពិសោធន៍ជាច្រើនក្នុងនាមជាអ្នកគ្រប់គ្រង ខណៈចូលបម្រើការងារនៅក្រុមហ៊ុនខាងលើបានប្រមាណ ៤ ឆ្នាំ។ “មានតួនាទីជាអ្នកគ្រប់គ្រងក៏ពិតមែន ប៉ុន្តែខ្ញុំបានចូលធ្វើការងារគ្រប់ផ្នែកទាំងអស់ ធ្វើ Tour ក៏ធ្វើខ្លួនឯង ធ្វើបញ្ជី និងការគ្រប់គ្រង។ ដូច្នេះហើយទើបធ្វើឱ្យខ្ញុំអាចមានបទពិសោធន៍ និងតែងនឹកឃើញដល់ក្រុមហ៊ុនដែលបានបណ្ដុះបណ្ដាល និងផ្ដល់បទពិសោធន៍ជាច្រើនខ្ញុំជានិច្ច”។
បន្ទាប់ពីការខិតខំប្រឹងប្រែង និងទទួលបាននូវបទពិសោធន៍ជាច្រើនមកនោះនៅឆ្នាំ២០០២ លោកស្រីបានសម្រេចក្តីស្រមៃ ដោយបង្កើតក្រុមហ៊ុន CSL Travel and Tour ខណៈដំណើរការក្រុមហ៊ុនដំបូងចំណាយទុនប្រមាណ ៨ពាន់ដុល្លារ។ នេះជាសមិទ្ធផលធំមួយ បន្ទាប់ពីបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំ។ ប៉ុន្តែលោកស្រីក៏បានដឹងរួចជាស្រេចហើយថា នឹងអាចមានឧបសគ្គចំពោះមុខជាច្រើន ដែលត្រូវដោះស្រាយ។ ** យ៉ាងណាមិញលោកស្រីហាក់មានជំនឿចិត្តលើសមត្ថភាពខ្លួនឯង ដោយសារមានការគាំទ្រពីក្រុមការងារ ពិសេសពីគ្រួសារតែម្តង**។
ការបើកដំណើរការក្រុមហ៊ុនទេសចរ លោកស្រីបានមើលឃើញយ៉ាងច្បាស់ថា វិស័យនេះនឹងអាចមានការរីកចម្រើន នៅថ្ងៃណាមួយ ខណៈកម្ពុជាមានសក្ដានុពលច្រើនយ៉ាងទាំងធនធានធម្មជាតិ វប្បធម៌ អារ្យធម៌ និងទំនៀមទម្លាប់ ដែលនេះជាចំណុចទាក់ទាញអ្នកទេសចរអន្តរជាតិមកទស្សនាច្រើន។ “អញ្ចឹងសក្ដានុពលទាំងអស់នេះ ខ្ញុំបានមើលឃើញតាំងពីអំឡុងទសវត្សឆ្នាំ១៩៩០ មកម្ល៉េះ ពោលតាំងពីខ្ញុំធ្វើជាមគ្គុទ្ទេសក៍ទេសចរដំបូង។ដូច្នេះហើយបានខ្ញុំប្រឹងប្រែងពង្រីកខ្លួន ធ្វើយ៉ាងណាអាចបម្រើនៅក្នុងវិស័យទេសចរនេះ”។
លោកស្រីបានព្យាយាមផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួនតាមរយៈសមាគម ស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា តាមរយៈសិក្ខាសាលា ជាពិសេសគឺការព្យាយាមបង្ហាញពីគុណភាពសេវាកម្មរបស់ក្រុមហ៊ុន។ ដំបូងអតិថិជនមិនសូវមានជំនឿប៉ុន្មានឡើយ ប៉ុន្តែបន្ទាប់ពីសាកល្បងសេវាកម្មម្តងហើយក៏ជាប់ចិត្ត ខណៈការដំណើរការក្រុមហ៊ុនអាចចាត់ទុកជាឱកាសដ៏ល្អមួយ ព្រោះពេលនោះមានក្រុមហ៊ុនទេសចរ ឬភ្នាក់ងារទេសចរមិនច្រើនឡើយរៀបចំកញ្ចប់ដំណើរកម្សាន្តទៅក្រៅប្រទេស។ “អញ្ចឹងខ្ញុំបើកក្រុមហ៊ុនពេលនោះ ហាក់ចំកាលៈទេសៈ ដោយសារក្រុមហ៊ុនក៏មិនច្រើន និងអ្នកមានជំនាញផ្នែកនេះក៏មិនច្រើន។ គ្រាន់តែបើកភ្លាម ក្រុមហ៊ុនអាចរកប្រាក់ចំណូល ដោយសារកម្ពុជាពេលនោះបានភ្ជាប់ជើងហោះហើរត្រង់ពេល ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរបាន កើនឡើងជាបន្តបន្ទាប់”។
បន្ទាប់ពីដំណើរការក្រុមហ៊ុនទេសចរ មានការរីកចម្រើនទៅមុខ លោកស្រីចាប់ផ្ដើមសម្លឹង បោះទុនវិនិយោគផ្នែកសណ្ឋាគារបន្ថែមទៀត ខណៈពេលនោះមានមិត្តភ័ក្ដិម្នាក់ចង់លក់សណ្ឋាគារឱ្យ ដោយសារមានការលំបាកក្នុងការគ្រប់គ្រង និងត្រូវឡើងចុះភ្នំពេញ-សៀមរាប។ អំឡុងឆ្នាំ ២០០៧ លោកស្រីបានទិញយកសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានឈ្មោះថា Kingdom Angkor ដែលបានដំណើរការស្រាប់។
សណ្ឋាគារនេះមានជាង ១០០បន្ទប់ ដែលគិតមកដល់បច្ចុប្បន្នបានដំណើរការអាជីវកម្មជាង ១០ ឆ្នាំមកហើយ។ ប្រភពថវិកាបោះទុនសណ្ឋាគារបានមកពីការសន្សំ និងកម្ចីពីធនាគារ។ “ពេលហ្នឹងខ្ញុំក៏បារម្ភដែរ ខ្លាចរត់អត់រួច ប៉ុន្តែក៏ប្រថុយ ដោយសារកំណើនភ្ញៀវទេសចរចេះតែកើនឡើងជាបន្តបន្ទាប់ និងបានដំណើរការល្អរយៈពេល១ឆ្នាំពេញក៏ជួបបញ្ហាខ្វះភ្ញៀវ ដោយសារពេលនោះពិភពលោកបានផ្អើលនឹងជំងឺសារ និងគ្រោះទឹកជំនន់នៅខេត្តសៀមរាប”។
បន្ថែមលើសណ្ឋាគារលោកស្រីក៏បានវិនិយោគផ្នែក ប៊ូទីក រឺស៊ត លំដាប់ផ្កាយ៤កន្លះ មានឈ្មោះថា លីនណាយា ដែលបានដំណើរការអាជីវកម្មប្រមាណ ៥ ឆ្នាំកន្លងមកហើយ។ លោកស្រី ឆាយ ស៊ីវលីន បានសម្លឹងមើលឃើញថា វិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាបនាប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឱ្យកត់សំគាល់ ដោយសារមានលំហូរភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សណ្ឋាគារមានបន្ទប់ស្អាតៗ ជាមួយនឹងរចនាបថទាន់សម័យ។ ប៉ុន្តែក៏ប្រឈមទៅនឹងការប្រកួតប្រជែងខ្លាំងផ្នែកតម្លៃផងដែរ។
មកដល់បច្ចុប្បន្នអតីតក្មេងស្រីមួយរូប ដែលធ្លាប់បម្រើការងារជាមគ្គុទ្ទេសក៍ទេសចរ នៅដើមទសវត្សឆ្នាំ១៩៩០ បានក្លាយជាថៅកែក្រុមហ៊ុន និងសណ្ឋាគារ ពិសេសជាមេដឹកនាំមួយរូប ដែលតំណាងឱ្យក្រុមហ៊ុន និងទីភ្នាក់ងារទេសចរខ្ទង់រយក្រុមហ៊ុន។ លោកស្រីឱ្យដឹងថា មានកត្តាបី ដែលជំរុញឱ្យលោកស្រីទទួលបានជោគជ័យគឺ កត្តាគ្រួសារ មហិច្ឆតា និងការប្រឈមទៅនឹងការលំបាកនានា។ លោកស្រីបានចាត់ទុកអ្វីគ្រប់យ៉ាងដែលទទួលបាន គឺជាភាពជោគជ័យដ៏ត្រចះត្រចង់បំផុត ព្រោះភាពជោគជ័យមិនមែនទាល់តែក្លាយជាអ្នកដឹកនាំប្រទេសទើបហៅថា ជោគជ័យនោះទេ។ លោកស្រីបានកំណត់អត្ថន័យនៃភាពជោគជ័យ លើការសម្រេចបំណងប្រាថ្នាកន្លងមក និងការរួមចំណែកក្នុងការងារសង្គម ធ្វើឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្ត និងមានពេលវេលាគ្រប់គ្រាន់ថែទាំក្រុមគ្រួសារ។
លោកស្រីបានផ្ដាំផ្ញើទៅយុវជនជំនាន់ក្រោយ ពិសេសយុវនារី ត្រូវមានភាពរឹងមាំ បង្កើនសមត្ថភាពរបស់ខ្លួន និងត្រូវចាំថា អ្វីក៏យើងអាចធ្វើបានដែរឱ្យតែមានឆន្ទ។ បើគ្រាន់តែចង់ខ្លាំងតែយើងអត់ពង្រឹងសមត្ថភាពខ្លួនយើងផង យើងក៏អត់អាចទៅប្រកួតប្រជែងនឹងគេបានដែរ។ ពោលគឺមិនអាចខ្លាំងរួចទេ ទាល់តែពង្រឹងការរៀនសូត្របណ្ដុះបណ្ដាលខ្លួនឯង អានសៀវភៅឱ្យបានច្រើន អានព័ត៌មានឱ្យបានច្រើន។ តាមឱ្យទាន់បរិបទសង្គមបច្ចេកវិទ្យា បុរសអាចធ្វើបាន ស្រ្តីក៏កាន់តែអាចធ្វើបានជាងបុរសទៅទៀត។ ត្រូវមានមហិច្ឆតាខ្ពស់ និងថែទាំសុខភាពឱ្យបានល្អ។
ស្រ្តីក៏អាចទទួលបានជោគជ័យដូចបុរសដែរ ដរាបណាគេមានការខិតខំប្រឹងប្រែង។ ការលើកឡើងកន្លងមកដែរថា ស្ត្រីបង្វិលចង្ក្រានមិនជុំ គឺជារឿងហួសសម័យ។ ស្រ្តីនឹងមិនអាចបង្វិលចង្ក្រានបានដោយហេតុថា ចង្ក្រាននៅស្ថិតនៅកៀកជញ្ជាំងពេក មានន័យថា ការឃុំគ្រងតឹងរឹងពេក និងមិនផ្តល់ឱកាសឱ្យ ទើបធ្វើឱ្យស្រ្តីសម័យមុនមួយចំនួនត្រូវបាត់បង់ឱកាស តែបច្ចុប្បន្នមានឱកាសស្មើគ្នាដូចបុរសដែរ៕