• 2019-08-24 00:25:00
  • ព័ត៌មាន

បើ​ព្រៃ​អាម៉ាហ្សូន​ឆេះ​អស់ គ្រប់ប្រទេសលើ​ពិភពលោក សុទ្ធតែត្រូវជួបហានិភ័យ

  • 2019-08-24 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ក្ដៅគគុកដែល​កំពុង​តែ​កើត​ឡើង​នៅ​ពេល​នេះ​គឺ​ ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន។ មិន​បាន​មួយ​អាទិត្យ​ផង​ ករណី​អគ្គីភ័យ​ដែល​កើត​ឡើង​លើ​ព្រៃ​នេះ​មាន​ច្រើន​ជាង ៩៥០០ ករណី​ទៅ​ទៀត​។ មក​ទល់​ពេល​នេះ​ ផ្ទៃ​ដី​ទំហំ​ប្រហែល​ជា ២,៦ លាន​គីឡូម៉ែត្រ​ការ៉េ​ ត្រូវ​បាន​ឆាប​ឆេះ​។

អាម៉ាហ្សូន (Amazon) គឺ​ជា​ព្រៃ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក មាន​ផ្ទៃ​ដី​រហូត​ដល់ ៥,៥ លាន​គីឡូ​ម៉ែត្រ​ការ៉េ គ្រប​ដណ្ដប់​ប្រទេស​រហូត​ដល់ ៩ ​មាន​ដូចជា ប្រេស៊ីល, ប៉េរូ, កូឡុំប៊ី, វេណេហ្ស៊ុយអេឡា, អេក្វាឌ័រ, បូលីវី, ហ្គីអាណា,ស៊ូរីណាម, និង ហ្គីអាណា(បារាំង) ហើយ ៦០%​ នៃ​ព្រៃ​អាម៉ាហ្សូន គឺ​ស្ថិត​នៅប្រេស៊ីល។

យោង​តាម​ទិន្នន័យ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ (WWF) បាន​បង្ហាញ​ថា​ប្រហែល​ជា ១០%​នៃ​ពូជ​សត្វ​ទាំង​អស់​ដែល​មាន​នៅ​លើ​ពិភពលោក​គឺ​មាន​នៅ​ ព្រៃ​អាម៉ាហ្សូន និង​មាន​ប្រភេទ​សត្វ​ជា​ច្រើន​ទៀត​ ដែល​ពុំ​ទាន់​ស្គាល់​។ ព្រៃ​ឈើ​មាន​ចំនួន​ប្រហែល ៣៩០ ពាន់​លាន​ដើម​ស្ថិត​ក្នុង​តំបន់​នោះ​នា​ពេល​​បច្ចុប្បន្ន​។ មិន​តែ​ប៉ុណ្ណោះ មាន​ជនជាតិ​ភាគ​តិច​ប្រហែល​ ៣១ លាន​នាក់​រស់​នៅ​ទី​នោះ​។

មុន​ពេល​ឆេះ ព្រៃ​ឈើ​នៅ​ អាម៉ាហ្សូន បាន​បាត់​បង់​រហូត​ដល់​ ២០% ទៅ​ហើយ ដោយ​សារ​ការ​កាប់​ព្រៃឈើ​ដើម្បី​ធ្វើ​ជា​ជម្រក​របស់​មនុស្ស​និង​បង្កើន​ដី​ធ្លី​សម្រាប់​ធ្វើ​ចម្ការ​។

ការ​បាត់​បង់​ព្រៃ​ អាម៉ាហ្សូន មិន​មែន​ត្រឹម​ផ្ដល់​ផល​អវិជ្ជមាន​នៅ​ប្រទេស​ជិត​នោះ​ឡើយ វា​ក៏​ប៉ះពាល់​ពិភពលោក​ទាំង​មូល​ផង​ដែរ។ ព្រៃ ​អាម៉ាហ្សូន ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​អុកស៊ីសែន​រហូត​ដល់​ ២០% ជូន​ពិភពលោក ហើយ​គេ​ឲ្យ​ឈ្មោះ​ព្រៃ​នេះ​ថា​ជា សួត​របស់​ភព​ផែន​ដី (planet's lungs) ។ បើ​ព្រៃ​នេះ​បាត់​បង់​ទៅ​គឺ​ដូច​ផ្ដាច់​ចំនួន​អុកស៊ីសែន​សម្រាប់​មនុស្ស​អញ្ចឹង​។

ការ​បាត់បង់​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាកាសធាតុ​ផង​ដែរ ព្រោះ​ព្រៃឈើ​ទាំង​នេះ​ជួយ​ស្រូប​យក​សារធាតុ​កាបូនឌីអុកស៊ីត​ (CO2) ​និង​សារធាតុ​ពុល​ដទៃ​ទៀត។ បើ​សារធាតុ​ពុល​ទាំង​នេះ​កើន​ឡើង​ ​ពិភពលោក​នឹង​ឡើង​កម្ដៅ​ខ្ពស់​ជាង​មុន​ខ្លាំង​ហើយ​បង្ក​ឲ្យ​មាន​ភាព​អាប់​អួ​ក្នុង​បរិយាកាស​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​បង្ក​ហានិភ័យ​ដល់​ សត្វ​កម្រ​ នឹង​ជនជាតិ​ភាគ​តិច​ដែល​រស់​នៅ​ក្នុង​តំបន់​នេះ។

អ្វី​ដែល​សំខាន់​នោះ​គឺ​នៅ​ព្រៃ​អាម៉ាហ្សូន មាន​ភ្លៀង​ជា​ប្រចាំ​ ដើម្បី​រក្សា​ភាព​ត្រជាក់​។ ​ស្លឹក​ឈើ​បង្កើត​ជា​សំណើម រីឯ​សំណើម​ទាំង​នោះ ក្លាយ​ជា​ពពក​ ហើយ​បង្អុរ​ភ្លៀង​។ មាន​ន័យ​ថា​ ព្រៃ​នេះ​ឆេះ​អស់ វា​នឹង​មាន​កង្វះ​ទឹក​ ដែល​ធ្វើ​ឲ្យ​ព្រៃ​នេះ​មិន​អាច​ដុះ​មក​វិញ​បាន​​។
​ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​បន្ទោស​លោក​ Bolsonaro ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ឆេះ​ព្រៃ​ដល់​ថ្នាក់​នេះ​ ព្រោះ​តាំង​ពី​លោក​ធ្វើ​ប្រធានាធិបតី​មក​ លោក​បាន​គាំទ្រ​ការ​ឈូស​ឆាយ​ព្រៃ​ដើម្បី​ធ្វើ​ជា​ដី​កសិកម្ម​៕

ប្រភព៖ CNN | Express ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់