• 2019-09-02 01:37:27
  • ការអប់រំ

អាយុ​ត្រឹម ១៣​ឆ្នាំ​ ហេង​ សិរីមង្គល​ ឈ្នះ​ពានរង្វាន់សិស្សពូកែពិភពលោក​ នៅ​អូស្ត្រាលី​

  • 2019-09-02 01:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឆ្នើម​របស់​កម្ពុជា​ ហេង​ សិរីមង្គល​ អាយុ​ត្រឹម​១៣​ឆ្នាំ​ ប៉ុន្តែ​​មាន​សមត្ថភាព​ និង​ចំណេះ​ដឹង​មិន​ធម្មតា​ អាច​ដណ្ដើម​បាន​លេខ​១​ពាន​រង្វាន់​ World Scholar's Cup​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ជាប់​ទៅ​ជុំ​ទី៣​ វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឯ​សហរដ្ឋអាមេរិក​ នា​ខែ​វិច្ឆិកា​ ២០១៩​ ខាង​មុខ​នេះ​ទៀត​ផង។​

យុវជន​ ហេង​ សិរីមង្គល​

សិស្ស​ឆ្នើម​របស់​សាលា​អន្តរជាតិ​ Western ​ រូប​នេះ ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ឈ្នះ​បាន​លេខ១​ពាន​រង្វាន់​ The First Place Overall Student Junior Division, World Scholar's Cup, Global Round in Sydney 2019​ ដែល​ជា​ពានរង្វាន់​ធំ​ជាង​គេ​ទី១​ អាយុក្រោម១៤ឆ្នាំ​ ក្នុង​ចំណោម​សិស្ស ​២៨​ប្រទេស​ចូលរួម។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ រូប​គេ​បាន​ឈ្នះ​ពាន​ Trophies​ ចំនួន​៣​ រួម​និង​មេដាយ​មាស​ចំនួន​ ១៥​គ្រឿង​ផ្សេង​ទៀត​ផង​ដែរ។​ ចំពោះ​ការ​ប្រកួត​នេះ​ដែរ​ គឺ​និយាយ​ជជែក​ដេញដោល​គ្នា​ (Debate)​ ផ្ដោត​លើ​មុខវិជ្ជា​ វិទ្យាសាស្ត្រ​ អក្សរសាស្ត្រ​ សិល្បៈ ​ភ្លេង​ ប្រវត្តិសាស្ត្រ​ និង​សិក្សា​សង្គម​ជា​ដើម។​

ទិដ្ឋភាពយប់ថ្ងៃសៅរ៍

មិន​ត្រឹម​តែ​ឈ្នះ​ពាន​រង្វាន់​លក្ខណៈ​ឯកត្តជន​នោះ​ទេ​ ហេង​ សិរីមង្គល​ ក៏​បាន​ប្រកួត​ឈ្នះ​មេដាយ​ជា​ក្រុម​ថែម​ទៀត​ផង​ ហើយ​បន្ត​ដំណើរ​ប្រកួត​ទាំង​ជា​ក្រុម​ និង​ម្នាក់​ឯង​ផង​ដែរ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជុំ​ទី៣​នៅ​ឯ​អាមេរិក​នេះ។​

យុវជន​ ហេង​ សិរីមង្គល​

ចំពោះ​ជ័យជម្នះ​នេះ​ដែរ​ សិស្ស​សាលា​អន្តរជាតិ​ Western​ រូប​នេះ​បញ្ជាក់ថា​ពិត​ជា​មាន​មោទនភាព​ជា​ខ្លាំង​ណាស់​ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​ និង​មាន​អត្ថន័យ​មួយ​នេះ​ជូន​ប្រទេស​កម្ពុជា​ ហើយ​វា​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រទេស​ជឿនលឿន​ ខ្លាំង​ៗ​មួយ​ចំនួន​ឆ្ងល់​ ងាក​មក​ចាប់​អារម្មណ៍​ផង​ដែរ​អំពី​សមត្ថភាព​កូន​ខ្មែរ។​ មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ពួកគេ​មិន​រំពឹង​ឡើយ​ថា ​កម្ពុជា​អាច​ឈាន​ទៅ​ដល់​ឈ្នះ​ពាន​រង្វាន់ ឬ​មេដាយ​ច្រើន​បែប​នេះ​ឡើយ។​

ទិដ្ឋភាពយប់ថ្ងៃសៅរ៍

បញ្ជាក់​ផង​ដែរ​ថា​ World Scholar's Cup​ នេះ​បង្កើត​ដោយ​លោក​ Daniel Berdichevsky​ និង​ DemiDec​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ មក​ម្ល៉េះ​ ហើយ​ជា​កម្មវិធី​របស់បណ្ឌិត​សភា​អន្តរជាតិ​ (International Academic Program)​ ដែល​មាន​ប្រទេស​ចូលរួម​ចំនួន​៨២​។​ កម្មវិធី​នេះ​សំដៅ​ទៅ​លើ​សិស្ស​មធ្យមសិក្សា​ ដែល​ចូលរួម​ពី​គ្រប់​វប្បធម៌​ ជាតិសាសន៍​ ទូទាំង​ពិភពលោក​ ដើម្បី​រួមគ្នា​ពិភាក្សា​ ជជែក​ដេញដោល​ បង្ហាញ​គំនិត​ផ្សេងៗ​ នា​ពេល​បច្ចុប្បន្ន​នេះ។​ ការ​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​២​ គឺ​ក្រុម​សិស្ស​តូច​ (Junior Division)​ អាយុ​ក្រោម​១៤ឆ្នាំ​ និង​ក្រុម​សិស្ស​ធំ ​(Senior Division)​ អាយុ​លើ​១៤ឆ្នាំ​(ការ​ប្រឡង​មាន​លក្ខណៈ​ជា​បុគ្គល​ និង​ជា​ក្រុម)។​

ទិដ្ឋភាពយប់ថ្ងៃសៅរ៍

ការ​ប្រកួត​មាន​៣ដំណាក់​កាល​ ទី១​ ពានរង្វាន់​សិក្សា​ពិភពលោក​ ជុំ​តំបន់​ (World Scholar's Cup Regional Round)​ ទី២​ ពានរង្វាន់​សិក្សា​ពិភពលោក​ ជុំ​សកល​ (World Scholar's Cup  Global Round)​ និង​ទី៣​ ការ​ប្រកួត​យក​ពាន​ជើងឯក​ (Tournament of Champions) នៅថ្ងៃទី៨-១៣ វិច្ឆិកា​ ២០១៩ ​នៅ​សាកលវិទ្យាល័យ​ យ៉ែល​ (Yale University)​ ក្រុង​ញូយ៉ក​ សហរដ្ឋអាមេរិក។​ ដោយ​ឡែក​សម្រាប់​ ហេង​ សិរីមង្គល​ រួម​និង​មិត្ត​រួម​ក្រុម​​បាន​ឈ្នះ​ពីរ​ដង​រួច​ហើយ​ រួម​ទាំង​ជុំ​​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ថ្ងៃ​ប្រកួត​ទី១៥-២០​ ខែ​សីហា​ ២០១៩​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់