• 2019-09-11 01:01:00
  • ព័ត៌មាន

ផ្ដើម​គំនិត​អភិវឌ្ឍន៍​ពី​មេរៀន​ស្រង់​ចេញ​ពី "រោង​អារ​ឈើ" និង​ "ពំនូក​កូន​ក្ដាម​សមុទ្រ" របស់​ម៉ាឡេស៊ី

  • 2019-09-11 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សារព័ត៌មាន​ទៅ​ពី​កម្ពុជា​ទាំង​៤​ស្ថាប័ន​មាន Sabay, Freshnews, Larien និង Phnom Penh Post ទើប​នឹង​បាន​បញ្ចប់​បេសកកម្ម​អំពី​ឧស្សាហកម្ម​ទេសចរណ៍​រយៈ​ពេល​៦​ថ្ងៃ​នៅ​លើ​ទឹក​ដី​ម៉ាឡេស៊ី វេលា​ដែល​ក្រុម​សារព័ត៌មាន​យើង និង​សារព័ត៌មាន​មក​ពី​ប្រទេស​ផ្សេង​ទៀត ត្រូវ​បាន​នាំ​ដើរ​ទៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​លោក ម៉ូហាធៀ។

នៅ​ក្នុង​កញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​នេះ​នៅ​តំបន់​សក្ដានុពល សកម្មភាព​តូច​ៗ​មួយ​ចំនួន ក៏​ត្រូវ​បាន​ដាក់​បញ្ចូល ដែល​ក្នុង​នោះ​មាន​ទាំង​ការ​នាំ​ទៅ​ទស្សនា រោង​អារ​ឈើ ដែល​មិន​ធំ​ដុំ​មួយ។ សហការី​យើង បាន​រក​ឃើញ​រឿង​អស្ចារ្យ​ខ្លះ​នៅ​ពី​ក្រោយ​សកម្មភាព​នេះ មក​ចែក​ជូន​ទុក​ជា​ការ​ពិចារណា​រក​គំនិត​អភិវឌ្ឍន៍៖

មុន​ទៅ​ដល់​រឿង​នេះ សូម​រំលឹក​ថា ក្រុម​សារព័ត៌មាន​កម្ពុជា​៤​ស្ថាប័ន​ខាង​លើ បាន​ទៅ​ដល់​កោះ ប៉ាំង​ករ (Pangkor Island) ស្ថិត​ក្នុង​រដ្ឋ Perak​ នៅ​ថ្ងៃ​ទី ៤ កញ្ញា ក្នុង​បេសកកម្ម​ទេសចរណ៍​រៀប​ចំ​ដោយ​ក្រសួង​ទេសចរណ៍​របស់​ម៉ាឡេស៊ី។ នៅ​លើ​កោះ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​​ប្រទេស​នេះ ក្រុម​អ្នក​សារព័ត៌មាន​ត្រូវ​បាន​នាំ​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា កំពង់​ផែ តំបន់​ទេសចរណ៍​លើ​កោះ ព្រះវិហារ​សាសនា(Church) ឆ្នេរ​សមុទ្រ វិហារ​ចិន ភូមិ​អ្នក​ស្រុក ហាង​លក់​ទំនិញ​ខ្នាត​តូច​ៗ​ក្នុង​ភូមិ និង​សូម្បី​រោង​អារ​ឈើ។

អ្នក​សារព័ត៌មាន​ហាក់​ភ្ញាក់​ផ្អើល បន្ទាប់​ពី​រថយន្ត​បាន​ឈប់ ហើយ​ត្រូវ​បាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រាប់​ថា យើង​មក​ទស្សនា​រោង​អារ​ឈើ​នេះ។ តាម​ទិដ្ឋភាព គ្រាន់​ជា​សិប្បកម្ម​មិន​ធំ​ដុំ​មួយ គឺ​លក្ខណៈ​គ្រួសារ​នៅ​ឡើយ។ ដូច្នេះ​ហើយ ប្រមាណ ៥នាទី​ប៉ុណ្ណោះ ក៏​បាន​ចាក​ចេញ​ទៅ​វិញ ទាំង​មិន​បាន​ថត​រូប​សូម្បី​មួយ​ប៉ុស្តិ៍។ ប៉ុន្តែ​នៅ​លើ​ឡាន គំនិត​ខ្លះ​ក៏​បាន​លេច​ឡើង និង​ដណ្ដឹង​សួរ​ខ្លួន​ឯង ទាំង​វិជ្ជមាន និង​អវិជ្ជមាន។

រូប​តំណាង

គំនិត​អវិជ្ជមាន៖ សហការី យល់​ថា ម៉ាឡេស៊ី បើ​ធៀប​នឹង​កម្ពុជា ទំនង​ជា​ខ្វះ​កន្លែង​ដែល​ត្រូវ​បង្ហាញ ទើប​នាំ​អ្នក​សារព័ត៌មាន ពីរ​បី​ប្រទេស​មក​មើល​រោង​អារ​ឈើ​លក្ខណៈ​គ្រួសារ​មួយ​ទៅ​វិញ។

គំនិត​វិជ្ជមាន៖ ក្រៅ​ពី​ការ​យល់​ឃើញ​អវិជ្ជមាន​ខាង​លើ គំនិត​វិជ្ជមាន​មួយ​ផ្សេង​ទៀត ក៏​ផុស​មក​ព្រម​គ្នា​ដែរ គឺ​ថា ពួក​គេ​ពិត​ជា​ឆ្លាត និង​មាន​ឆន្ទៈ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​ពិត​ប្រាកដ តាម​រយៈ​អ្វី​ដែល​ខ្លួន​ឯង​មាន និង​ប្រើ​ឲ្យ​អស់​សក្ដានុពល ព្រម​ទាំង​ចេះ​ច្នៃ​តូច​ឲ្យ​ទៅ​ជា​ធំ ព្រោះ​បើ​គេ​មិន​នាំ​មក ធ្វើ​ម៉េច គេ​អាច​ប្រាប់​យើង​បាន​ថា ទី​នេះ​គឺ​ជា​កន្លែង​ផ្គត់ផ្គង់​ឈើ​សម្រាប់​ផលិត​ទូក​ទាំង​អស់​នៅ​លើ​កោះ​នេះ ទាំង​ទូក​សម្រាប់​ការងារ​នេសាទ និង​ទូក​ទេសចរណ៍។

មួយ​វិញ​ទៀត បើ​ពួក​គេ​ផ្ដោត​តែ​រឿង​ធំ​ៗ ធ្វើ​ម៉េច​នឹង​បាន​ប្រយោជន៍​តិច​តួច​ដល់​ប្រជាពលរដ្ឋ​សហគមន៍​ខ្លះ ព្រោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​នោះ អ្នក​សារព័ត៌មាន ក៏​ត្រូវ​បាន​នាំ​ចូល​ហាង​លក់​ទំនិញ​មិន​ធំ​ដុំ​មួយ​នៅ​ក្នុង​ភូមិ​ដែរ ដែល​មាន​លក់​ភាគ​ច្រើន​ជា​ផលិតផល​សមុទ្រ​កែ​ច្នៃ ជា​គ្រឿង​ប្រើ​ប្រាស់ និង​គ្រឿង​បរិភោគ។ ជាក់​ស្ដែង​ក្រោយ​ពី​ចាក​ចេញ​ពី​ហាង​នោះ មិន​មាន​សារព័ត៌មាន​ណា​ម្នាក់ ដើរ​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។

មេរៀន​នេះ ក៏​បាន​នាំ​សហការី នឹក​ឃើញ​ទៅ​ដល់​បទ​ពិសោធន៍​ជាន់​ដី​ម៉ាឡេស៊ី​លើក​ទី​១​ក្នុង​បេសកកម្ម​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៥​ដែរ។ កាល​ណោះ សហការី​យើង​ត្រូវ​បាន​នាំ​ទៅ​ទស្សនកិច្ច​នៅ​កោះ​ឡាំង​កាវី (langkawi) តំបន់​ទេសចរណ៍​ទាក់​ទាញ​របស់​ម៉ាឡេស៊ី។ មួយ​ផ្នែក​នៃ​ដំណើរ​លុកលុយ​កោះ​នេះ អ្នក​សារព័ត៌មាន​ត្រូវ​បាន​នាំ​ជិះ​ទូក​ឆ្លង​ដៃ​សមុទ្រ កាត់​ភ្នំ និង​ត្រូវ​លូន​ក្រាប​នៅ​ផ្នែក​ខ្លះ​ប្រមាណ​១​ម៉ោង ដើម្បី​ចូល​ទៅ​ដល់​ល្អាង​មួយ។ ពេល​ទៅ​ដល់ មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​តម្រូវ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​សម្លឹង​ទៅ​លើ​កូន​ពំនូក​ដី​មួយ​ទំហំ​ប្រមាណ ប៉ុន​ខ្ទះ​ធ្វើ​ម្ហូប​ការ ឬ​ម្ហូប​បុណ្យ។ បន្តិច​ក្រោយ​មក អ្នក​សារព័ត៌មាន ទទួល​បាន​សំណួរ​ថា "តើ​អ្នក​បាន​ឃើញ​អ្វី​ខ្លះ​ទេ?”។

សហការី​យើង ឆ្លើយ​ថា "ខ្ញុំ​ឃើញ​កូន​ក្ដាម​សមុទ្រ​តូច​ៗ​ជាង​ចុង​ចង្កឹះ​ជា​ច្រើន"។ "ហើយ​តើ​អ្នក​ឯង​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ទៀត?”។ "ខ្ញុំ​ឃើញ​ថា​ខ្លះ​មាន​ពណ៌​ប្រផេះ ខ្លះ​ពណ៌​ទឹក​ក្រូច"។ មគ្គុទ្ទេសក៍​ឆ្លើយ "yes...តើ​អ្នក​ឯង​ដឹង​ទេ​ថា ហេតុ​អ្វី​វា​មាន​ពណ៌​ខុស​គ្នា​?”។ ក្រោយ​ពី​មិន​បាន​ចម្លើយ​ពី​សហការី​យើង ពួក​គេ​ក៏​ចាប់​ផ្ដើម​ពន្យល់​បន្ត​ថា អា​ពណ៌​ប្រផេះ គឺ​ជា​កូន​ក្ដាម​ញី។ ដោយ​ឡែក​ក្ដាម​ពណ៌​ទឹក​ក្រូច គឺ​ជា​ក្ដាម​ឈ្មោល។

រូប​តំណាង

មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​ពន្យល់​ទៀត​ថា បាន​ជា​ក្ដាម​ឈ្មោល​ត្រូវ​មាន​ស្នូក​ពណ៌​ទឹក​ក្រូច ព្រោះ​វា​ជា​ភាគី​ដែល​ត្រូវ​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​ក្ដាម​ញី។ ដូច្នេះ​ហើយ ទើប​វា​មាន​ពណ៌​ស្រស់​ឆើត​ដូច្នេះ ងាយ​ឃើញ ងាយ​ចាប់​អារម្មណ៍។ ក្រោយ​ស្ដាប់​ចប់ សហការី​យើង​ក៏​ងក់​ក្បាល​ទទួល​យក​ហេតុផល​នេះ ព្រោះ​ក៏​មិន​ដឹង​តប​វិញ​ដោយ​របៀប​ម៉េច។ ប៉ុន្តែ​នឹក​ហួស​ចិត្ត​ខ្លះ​ដែរ​ត្រង់​ថា នាំ​ឯង​កាត់​សមុទ្រ កាត់​ភ្នំ មក​មើល​កូន​ពំនូក​ដី​មួយ ដែល​ជា​សំបុក​ផ្ដល់​កំណើត​កូន​របស់​ក្ដាម​ទៅ​វិញ។

ក្រៅ​ពី​នេះ មគ្គុទ្ទេសក៍​ទេសចរណ៍​ម៉ាឡេស៊ី ក៏​បាន​នាំ​ទៅ​មើល​ជម្រក​សត្វ​ស្ទាំង ជា​សត្វ​តំណាង​របស់​កោះ​ឡាំង​កាវី​ដែរ។ នៅ​លើ​ដើម​ឈើ​ព្រៃ និង​ដើម​កោងកាង យូរ​ទើប​ឃើញ​សត្វ​ស្ទាំង​ហើរ​មួយ​ៗ។ តាម​មគ្គុទ្ទេសក៍​ទេសចរណ៍ ឲ្យ​ដឹង​កាល​ណោះ​(ឆ្នាំ២០១៥)ថា សត្វ​ស្ទាំង​សរុប​មាន​ត្រឹម​ជាង ១០០​ក្បាល​ប៉ុណ្ណោះ​នៅ​ក្នុង​ព្រៃ។ ចំនួន​នេះ គឺ​មាន​ការ​កើន​ឡើង​ជិត​៥០% ក្រោយ​ពី​ស្ទាំង​ត្រូវ​បាន​ការពារ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​អភិរក្ស។

រូប​តំណាង

សត្វ​ស្ទាំង ជាង​១០០ក្បាល នៅ​ក្នុង​ព្រៃ​ដ៏​ធំ មិន​ជា​ចំនួន​ច្រើន​ឡើយ ប៉ុន្តែ​វា​អាច​ទាក់​ទេសចរណ៍​បាន តាម​រយៈ​ផែន​ការ​ច្បាស់​លាស់។ កាល​នោះ ក្រៅ​ពី​ទូក​ក្រុម​អ្នក​ព័ត៌មាន​អន្តរជាតិ ក៏​ឃើញ​ទូក​ទេសចរ​មួយ​ចំនួន​ទៀត​ដែរ ហើយ​ពួក​គេ​ច្បាស់​ណាស់ នឹង​នៅ​ទទួល​ទាន​អាហារ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។ "ឃើញ​ទេ ស្ទាំង​តែ​ជាង ១០០​ក្បាល ក៏​អាច​បម្រើ​សេដ្ឋកិច្ច​សហគមន៍​បាន​ដែរ និង​​គ្មាន​ទី​បញ្ចប់​ថែម​ទៀត។ ដូច្នេះ​ចាំ​បាច់​អី ត្រូវ​ចាប់ ឬ​សម្លាប់​វា​យក​មក​លក់ធ្វើ​អី!"។

សរុប​មក​វិញ អ្វី​ដែល​ចង់​បង្ហាញ​នា​ពេល​នេះ គឺ​ម៉ាឡេស៊ី មាន​ឆន្ទៈ និង​ផែន​ការ​ច្បាស់​ដើម្បី​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​ទៅ​ពិភព​លោក ហើយ​ពួក​គេ​ធ្វើ​ដោយ​ឆន្ទៈ និង​បេះដូង។ ពួក​គេ​ធ្វើ​ទាំង​កិច្ចការ​ធំ​ៗ ហើយ​ក៏​មិន​ចោល​រឿង​តូច​ៗ ក្នុង​ហេតុផល​ថា ទាំង​នេះ​សម្រាប់​ទេសចរណ៍ គឺ​តែ​មួយ មិន​មែន​ចាប់​ធំ មើល​រំលង​តូច វា​ដូច​នឹង​ខ្សែ​រឿង​មួយ​ល្អ​គ្រប់​គ្រាន់ មិន​គ្រាន់​តែ​ជា​ចំណែក​របស់​តួអង្គ​ឯក ប៉ុន្តែ​ក៏​ជា​ការ​ចូល​រួម​របស់​ភាគី​តួ​អង្គ​តូច​តាច​ផ្សេង​ៗ​ទៀត។ សម្ល​មួយ​ឆ្នាំង មាន​រសជាតិ​គាប់​ប្រសើរ ក៏​កើត​ឡើង​ពី​ការ​ផ្សំ​គ្រឿង​ជា​ច្រើន​ចូល​គ្នា​ដែរ។

ជា​រួម ម៉ាឡេស៊ី គឺ​ពួក​គេ​ចេះ​ធ្វើ​តូច​ឲ្យ​ទៅ​ជា​ធំ ផ្គុំ​វា​ឲ្យ​ចេញ​ជា​សេដ្ឋកិច្ច ចេញ​ជា​ប្រយោជន៍​ទាំង​សម្រាប់​ឧស្សាហកម្ម ទាំង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សហគមន៍។ អ្វី​ទាំង​អស់​ដែល​គេ​មាន ទាំង​តូច ទាំង​ធំ សុទ្ធ​ជា​ធនធាន​សម្រាប់​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ទាំង​អស់ ជាមួយ​ផែន​ការ​ស៊ី​ជម្រៅ និង​ប្រើ​ប្រាស់​គំនិត​ច្នៃ​យ៉ាង​អស្ចារ្យ។

តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ Kelle Castle ក្នុង​រដ្ឋ Perak របស់​ម៉ាឡេស៊ី

គំនិត​អស្ចារ្យ​ផ្សេង​ទៀត​កើត​នៅ​ប្រទេស​ដទៃ ដែល​អាច​ប្រើ​ជា​ឧទាហរណ៍ មាន​ដូច​ជា រៀបការ​១០០០​គូ​នៅ​ចិន និង​ហ្វីលីពីន ពិធី​ជប់​លៀង​សត្វ​ស្វា រៀប​ការ​ឲ្យ​ដំរី​នៅ​ប្រទេស​ថៃ ឬ​ក៏​រៀប​ចំ​ឲ្យ​សត្វ​ដំរី​ទាត់​បាល់ និង​គូរ​រូប​ជា​ដើម សុទ្ធ​ជា​វិធី​ទាញ​ប្រយោជន៍​តាម​រយៈ​ទេសចរណ៍​របស់​ពួក​គេ មិន​មែន​ពួក​គេ​ទំនេរ​ពេក​អត់​ការងារ​ធ្វើ ចេះ​តែ​ធ្វើ​លេង​ៗ​ឲ្យ​សប្បាយ​ចិត្ត​នោះ​ទេ។

ងាក​មក​ក្នុង​ស្រុក​យើង​វិញ ក៏​មាន​ខ្លះ​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដូច​ជា​ការ​ក្រង​ក្រមា​វែង​ជាង​គេ​ជាប់​កំណត់​ត្រា​ពិភព​លោក អន្សម​យក មួក​យក្ស រាំ​ម៉ាឌីហ្សុន​បំបែក​កំណត់​ត្រា​ជា​ដើម នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សុទ្ធ​ជា​គំនិត​អស្ចារ្យ ដែល​គួរ​បន្ត​រស់រាន និង​អភិវឌ្ឍន៍​បន្ថែម​ដោយ​គ្មាន​ទី​បញ្ចប់។ វិធី​ណា​ក៏​ដោយ ទាំង​តូច ទាំង​ធំ អស្ចារ្យ មិន​អស្ចារ្យ ទំនង​ខ្លះ មិន​ទំនង​ខ្លះ ឲ្យ​តែ​លើក​កម្ពស់​ឧស្សាហកម្ម​ណា​មួយ ផ្នែក​ណា​មួយ​របស់​ជាតិ សហគមន៍​បាន សុទ្ធ​ជា​ប្រយោជន៍។

បង​ប្អូន​នៅ​ចាំ ល្បែង​ចាក់​ទឹកកក ឬ "Ice Bath Challenge” កាល​ពី​ឆ្នាំ ២០១៤ ទេ។ ល្បែង​នេះ ក៏​ធ្លាប់​ទទួល​ពាក្យ​រិះគន់​ថា "លេង​ឆ្កួត​ៗ" ដែរ ពី​ក្រុម​មនុស្ស​ប្រកាន់​តឹង​មួយ​ចំនួន។ ប៉ុន្តែ​ទៅ​មើល​លទ្ធផល​វិញ ល្បែង​នេះ ក្រោយ​ពី​សុះសាយ​ពេញ​ពិភព​លោក ត្រឹម​មួយ​សប្ដាហ៍​ប៉ុណ្ណោះ អាច​ប្រមូល​មូលនិធិ​បាន​ជាង ២០លាន​ដុល្លារ​អាមេរិក។ គំនិត​អស្ចារ្យ​ពី​ក្រោយ​ល្បែង​នេះ គឺ​ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ប្រើ​ប្រាស់​លើ​ការ​ស្រាវ​ជ្រាវ​លើ​ជំងឺ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ​មួយ។ "គំនិត​​អស្ចារ្យ លទ្ធផល​គឺ​អស្ចារ្យ​បែប​នេះ គំនិត​អស្ចារ្យ ពេល​ខ្លះ គឺ​វា​ឆ្កួត​ៗ​អីចឹង"។

តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ Kelle Castle ក្នុង​រដ្ឋ Perak របស់​ម៉ាឡេស៊ី

ខេត្ត​ឈៀង​ម៉ៃ របស់​ថៃ ទាក់​ទាញ​ទេសចរណ៍​ទៅ​ពី​កម្ពុជា និង​ពិភព​លោក​បាន ក៏​​ដោយ​សារ​គេ​មាន​សួន​ផ្កា​ស្រស់​ស្អាត។ ឯ​ឌូបៃ និង​ហូឡង់ ក៏​ល្បី​សុះសាយ​ដូច​គ្នា ដោយ​សារ​សួន​ផ្កា​ដ៏​ធំ​លំដាប់​ពិភព​លោក​របស់​ពួក​គេ​ដែរ ដែល​មុន​កើត​ជា​កន្លែង​ទាំង​នេះ ក៏​វា​កើត​ឡើង​ពី​ផ្កា​មួយ​ដើម ឬ​មួយ​ផើង ផ្គុំ​គ្នា​រាប់​ពាន់ ម៉ឺន ទើប​បង្កើត​ជា​សិល្បៈ​ដ៏​ទាក់​ភ្នែក​មួយ​បាន និង​ថែម​ទាំង​ទាក់​យក​ប្រយោជន៍​សេដ្ឋកិច្ច​តាម​រយៈ​ទេសចរណ៍ មិន​ចេះ​តិច​ថែម​ទៀត។

វត្ត "ពុទ្ធ​គីរី" របស់​យើង​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ ក៏​នឹង​នៅ​តែ​ជា​វត្ត​ដ៏​សាមញ្ញ​មួយ​ដដែល ដែល​អាច​ត្រឹម​ទទួល​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ប៉ុន្មាន​នាក់​ក្នុង​តំបន់​គោរព​ប្រណិប័តន៍​សាសនា​ប៉ុណ្ណោះ ដោយ​គ្មាន​ថ្ងៃ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​​ឡើយ ប្រសិន​បើ​ក្រុម​គណៈកម្មការ​វត្ត មិន​បាន​នឹក​ឃើញ​គំនិត​អស្ចារ្យ​រៀប​ដាក់​រូប​បដិមា​តូច​ៗ​ជា​ជួរ​រាប់​ម៉ឺន​អង្គ​តាំង​ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ បង្កើត​ជា​រូបភាព​សិល្បៈ អស្ចារ្យ​មួយ​ទេ​នោះ។

សរុប​សេចក្ដី​មក សហការី​យើង​ខ្ញុំ គាំទ្រ​ពេញ​ទំហឹង​រាល់​គំនិត​អភិវឌ្ឍន៍ តាម​រយៈ​សកម្មភាព ច្នៃ​ប្រឌិត គិត​អស្ចារ្យ ធ្វើ​រឿង​តូច​ៗ សាមញ្ញ​ៗ ឲ្យ​ចេញ​ជា​ប្រយោជន៍​ធំ​ទាំង​ឡាយ​ដែល​កើត​ឡើង​នា​ពេល​អនាគត ដើម្បី​ប្រយោជន៍​ឧស្សាហកម្ម តំបន់ សហគមន៍ និង​ប្រទេស​ជាតិ​ទាំង​មូល៕

អត្ថបទ៖ ទារិកា

មតិយោបល់