- 2019-10-24 07:40:13
- ព័ត៌មាន
តើត្រូវធ្វើយ៉ាងណាគ្រប់គ្រងកាកសំណល់ និងការចោលសំរាមក្រុងភ្នំពេញឲ្យបានស្អាតល្អ?
- 2019-10-24 07:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវធ្វើយ៉ាងណាគ្រប់គ្រងកាកសំណល់ និងការចោលសំរាមក្រុងភ្នំពេញឲ្យបានស្អាតល្អ?
ចន្លោះមិនឃើញ
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាសំរាមនៅកម្ពុជាបានក្លាយជាប្រធានបទក្ដៅគគុកមួយ ដែលមានការជជែកគ្នាអំពីការបោះចោលសំរាម ការគ្រប់គ្រងសំរាម និងការស្ដីបន្ទោសគ្នាទៅវិញទៅមកលើប្រព័ន្ធគ្រប់គ្រងសំរាម និងអាកប្បកិរិយារបស់ប្រជាពលរដ្ឋជាដើម។
រឿងរ៉ាវសំរាមកាន់តែក្ដៅគគុក បង្កើតឲ្យមានការជជែកគ្នាកាន់តែខ្លាំងថែមទៀត ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចចិត្តដកយក សិទ្ធិ គ្រប់គ្រង របស់ ក្រុមហ៊ុន ស៊ីនទ្រី មកវិញ មកក្រោមការកាន់កាប់របស់រដ្ឋ ប៉ុន្តែមិនឱ្យក្រុមហ៊ុននេះខាតបង់ឡើយ រួចដាក់ដេញថ្លៃដោយឱ្យមានការចូលរួមពីក្រុមហ៊ុនឯកជនផ្សេងៗ ដោយចែកតំបន់គ្នាគ្រប់គ្រង។
ចុចអាន៖ សំរាមនៅភ្នំពេញគិតជាមធ្យមមានជិតបីពាន់តោនក្នុងមួយថ្ងៃៗ
ការប្រកាសរបស់សម្ដេចតេជោ កាលពីថ្ងៃទី ២២ តុលាកន្លងទៅនេះ ត្រូវបានមហាជនគាំទ្រលើសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រី ដែលពួកគេបានមើលឃើញអំពីភាពអសកម្មរបស់ក្រុមហ៊ុនស៊ិនទ្រី លើការប្រមូលសំរាមមិនបានល្អ ដូចជា ប្រមូលមិនទៀងទាត់ សម្ភារៈក្រុមហ៊ុនចាស់ៗ ការគ្រប់គ្រងបុគ្គលិកមិនបានល្អ ធ្វើឲ្យមានកូដកម្មជាច្រើនដង ដោយនិយាយរួមការបំពេញសេវាកម្មប្រមូលសំរាមមិនទាន់តម្រូវការជាដើម។ ចំណុចអសកម្មរបស់ក្រុមហ៊ុននេះ ត្រូវបានមហាជនចង់ឲ្យដកសិទ្ធិ និងស្របតាមសម្ដេចតេជោ ដែលចង់ឲ្យមានការប្រកួតប្រជែងពីក្រុមហ៊ុនសំរាម ដោយចែកតំបន់គ្រប់គ្រង ជាដើម។
ចុចអាន៖ គ្រប់មជ្ឈដ្ឋានគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ទិញយកក្រុមហ៊ុនសម្រាមស៊ិនទ្រី
ទស្សនៈខាងលើនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា មហាជនបានធុញទ្រាន់នឹងរចនាសម្ព័ន្ធ នៃការគ្រប់គ្រងសំរាម ដែលមានសាលារាជធានីភ្នំពេញ និងវិស័យឯកជន។ គេនៅចាំបានថា នៅឆ្នាំ១៩៩៧ ក្រុមហ៊ុន PSBK បានចុះកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ ដើម្បីធ្វើការគ្រប់គ្រងកាកសំណល់របស់ទីក្រុងរយៈពេល ៥០ឆ្នាំ។ នៅឆ្នាំ ២០០២ ក្រុមហ៊ុនស៊ិនទ្រី បានទទួលសិទ្ធិផ្ដាច់មុខ ក្នុងការប្រមូលសំរាម ក្នុងទីក្រុងនេះ។ បន្ថែមលើការរួមចំណែកក្នុងការប្រមូលសំរាមរបស់វិស័យឯកជន សាលារាជធានីភ្នំពេញ ក៏មានការទទួលខុសត្រូវសម្រាប់ការប្រមូលសំរាម និងគ្រប់គ្រង នៅតាមផ្នែកមួយចំនួនផ្សេងទៀត រួមមាន សហគមន៍ក្រីក្រ ដែលផ្លូវពិបាកមិនអាចរថយន្ត ចូលប្រមូល សំរាមបានជាដើម។
ចុចអាន៖ តើសំរាមទាំងនេះមកពីណា? ប្រទះឃើញ សំរាមរាប់តោនលើកោះមួយ នៅកោះកុង
យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញភាពកម្សោយ នៃការគ្រប់គ្រងសំរាមរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត អាចជាកម្សោយផ្នែកចំណេះដឹងរបស់ប្រជាពលរដ្ឋខ្លួនឯងអំពីការគ្រប់គ្រងសំរាម (វេចខ្ចប់)។ ជាធម្មតាប្រជាពលរដ្ឋវេចខ្ចប់ កាកសំណល់ គ្រប់ប្រភេទ ជាមួយគ្នា នៅក្នុងថង់ប្លាស្ទិកតែមួយ ដែលធ្វើឱ្យវាមាន ការលំបាកក្នុង ការញែក កាកសំណល់ចេញពីគ្នាសម្រាប់ការកែច្នៃ និងទុកដាក់ សំណល់រឹង រាវ និងសំណល់វេជ្ជសាស្ត្រ ជាដើម។
ចុចអាន៖ ចោលមិនអៀនដៃ! សំរាមសន្ធឹករាយប៉ាយនៅបរិវេណអង្គរវត្ត (មានវីដេអូ)
ប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់ ឬមិនបានចាប់អារម្មណ៍ដោយសារមានទម្លាប់ចោលពាសវាលពាសកាលជាច្រើនឆ្នាំទើបគេសង្កេតឃើញថា រាល់មានពិធីបុណ្យធំៗ កន្លែងណា រមែងមានសំរាមច្រើននៅទីនោះ នៅឯភោជនីយដ្ឋាន ឬតំប់កម្សាន្តផ្សេងៗក្ដី ក៏មានការចោលសំរាមក្រៅធុង ជិះម៉ូតូ ឡាន ឬម៉ូតូកង់បីក្ដី ក៏មានអ្នកញុំារបស់ បោះចោលដែរ។ មួយផ្នែកទៀត អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក៏បានជូនដំណឹងអំពីពេលវេលាចោលសំរាម ប៉ុន្តែប្រជាពលរដ្ឋហាក់មិនសូវបានគោរពតាមពេលវេលាដែរ ហើយជាញឹកញយគេសង្កេតឃើញមានសំរាមក្រៅធុងក៏មាន។
សរុបសេចក្ដីមក ការបន្ទោសលើរចនាសម្ព័ន្ធ នៃការគ្រប់គ្រងសំរាមដោយអាជ្ញាធរ និងក្រុមហ៊ុនឯកជន ក៏ត្រឹមត្រូវមួយផ្នែក ហើយមួយផ្នែកទៀតការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋលើការគ្រប់គ្រងចូលរួមគ្រប់គ្រងកាកសំណល់ ការវេចខ្ចប់ចោលសំរាមក៏នៅមានកម្រិត។ ឥទ្ធិពលនៃការចោលសំរាមមិនបានត្រឹមត្រូវនេះហើយ ញុំាងឲ្យសំរាមកើតមានពាសវាលពាសកាល នៅពេលមានភ្លៀងសំរាមបិទមាត់លូ ធ្វើឲ្យជនលិចផ្លូវ ហើយក៏មានថង់ប្លាស្ទិកហើរពេញមេឃក៏មាន។
បើយ៉ាងដូច្នេះ តើត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ?
ក្រោយពីរាជរដ្ឋាភិបាលសម្រេចដកសិទ្ធិរបស់ក្រុមហ៊ុនស៊ិនទ្រី កាលពីពេលថ្មីៗនេះ ស្ថិតនៅក្រោមរដ្ឋបណ្ដោះអាសន្ន ហើយរង់ចាំការដេញថ្លៃដោយឱ្យមានការចូលរួមពីក្រុមហ៊ុនឯកជនផ្សេងៗ ដោយចែកតំបន់គ្នាគ្រប់គ្រងកាកសំណល់ ឬសំរាមនោះ សាលារាជធានីភ្នំពេញ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គួរគប្បីបង្កើនការគ្រប់គ្រងឲ្យបានតឹងរ៉ឹងរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន លើការគ្រប់គ្រងកាកសំណល់។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏គប្បីចូលរួមកែប្រែទម្លាប់មិនល្អ ដោយចូលរួមអនុវត្ត និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។
- ១. ការប្រមូលសំរាមឲ្យបានទៀងទាត់៖ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន ត្រូវកំណត់ទីតាំង និងពេលវេលាឲ្យបានជាក់លាក់ ដើម្បីប្រមូលសំរាមឲ្យបានទៀងទាត់។
- ២. ការផ្ដល់លេខទាន់ហេតុការណ៍៖ សង្កាត់ ខណ្ឌ ឬក្រុមហ៊ុនឯកជន គប្បីដាក់លេខផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដើម្បីឲ្យសាធារណៈជនអាចរាយការណ៍អំពីបញ្ហាសំរាម និងក្រុមការងារពិសេសចុះប្រមូលសំរាមនៅទីតាំង ដែលទុកដាក់សំរាមមិនបានត្រឹមត្រូវជាដើម។
- ៣. លើកកម្ពស់ការអប់រំផ្នែកបរិស្ថាន៖ បង្កើនការយល់ដឹងអំពីបរិស្ថានដល់ប្រជាពលរដ្ឋ ដែលជាចំណុចសំខាន់នៅក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះត្រូវចុះអប់រំផ្សព្វផ្សាយឲ្យបានច្រើនដងដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំណល់រឹង រាវ និងសំណល់វេជ្ជសាស្ត្រ ជាដើម។ នៅពេលប្រជាពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់បរិស្ថាន និងការយល់ដឹងអំពីការគ្រប់គ្រងសំរាម ពួកគេទំនងជាផ្លាស់ប្ដូរទម្លាប់ដោយខ្លួនឯង។
- ៤. ការរឹតបន្តឹងច្បាប់៖ ប្រទេសកម្ពុជាមានច្បាប់រួចមកហើយលើការផាកពិន័យអ្នកចោលសំរាមមិនបានត្រឹមត្រូវ ដែលការអនុវត្តច្បាប់នេះ គួរគប្បីធ្វើឲ្យដូចវិធានការច្បាប់ចរាចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយកំណត់ឱ្យផាកពិន័យជាប្រាក់ចាប់ពី ១ម៉ឺនរៀល ទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណា ដែលចោលសំរាមមិនបានត្រឹមត្រូវ។
ចុចអាន៖ មន្ត្រីជំនាញថាបើពលរដ្ឋមិនកែទម្លាប់ចោលសំរាមផ្ដេសផ្ដាស ត្រូវតែចាប់ផ្ដើមពិន័យ (មានវីដេអូ)
-៥. ប្រជាពលរដ្ឋ ក៏គួរចូលរួមសកម្មភាពសំរាម៖ បើទោះបីជាមានអ្នកសំអាតសំរាមក៏ដោយ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋមិនមានការចូលរួមឈឺឆ្អាលលើការថែរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក៏មិនអាចធ្វើឲ្យវិធានការ នៃការគ្រប់គ្រងសំរាមបានប្រសិទ្ធភាពដែរ។ ដូច្នេះប្រជាពលរដ្ឋគប្បីដាក់វិន័យខ្លួនឯង ដោយផ្លាស់ប្ដូរទម្លាប់មិនល្អ ងាកមកចូលរួមគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ វេចខ្ចប់កាកសំណល់ និងចោលសំរាមនៅក្នុងធុងសំរាមជាដើម។ «ចង់ឲ្យទីក្រុងស្អាត គប្បីផ្ដើមចេញពីខ្លួនយើង រក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ»៕
ចុចអាន៖ អុញនុះ! ពិន័យធ្ងន់ក ដល់អ្នកដែលហ៊ានចោលសំរាមផ្ដេសផ្ដាស
ចុចអាន៖ បញ្ជាក់ប្រាក់ពិន័យសម្រាប់អ្នកចោលសម្រាមផ្ដេសផ្ដាស ប្រយ័ត្នគេផាកអត់ដឹងខ្លួន
ចុចអាន៖ ស៊ីនទ្រីស្នើអ្នកទីក្រុង គួរចាប់ផ្តើមទុកដាក់និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវជាងមុន