• 2019-12-03 02:48:27
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ថតបានកម្ទេចយានអវកាសឥណ្ឌា ក្រោយបរាជ័យក្នុងការចុះចតលើឋានព្រះចន្ទ

  • 2019-12-03 02:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ យាន​អវកាស Chandrayaan-2 Vikram របស់​ឥណ្ឌា បាន​ព្យាយាម​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ ប៉ុន្តែ​បែរ​ជា​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោយ​បាត់​បង់​ការ​ទាក់ទង​ជាមួយ​យាន។

ឥឡូវ​នេះ រូប​ភាព​ថត​ដោយ​អង្គការ​ណាសា បាន​បង្ហាញ​ពី​កម្ទេចកំទី​របស់​យាន និង​កន្លែង​ប៉ះ​ទង្គិច​នៅ​លើ​ឋាន​ព្រះ​ចន្ទ។ យាន​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះ​ចត​នៅ​ចម្ងាយ​ប្រមាណ ៦០០​គីឡូម៉ែត្រ​ពី​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា ប៉ុន្តែ​ក្រុម​ការ​ងារ បាន​បាត់​បង់​ការ​ទាក់​ទង​ជាមួយ​យាន​ភ្លាម​ៗ​មុន​ពេល​ចុះ​ចត។ រូបភាពទាំងនេះ បង្ហាញពីស្នាមអុជខ្មៅចំណុចតូចៗនៃកម្ទេចកម្ទី និង​តំបន់​ដែល​រង​កាន់​ប៉ះ​ទង្គិច។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ អង្គការ​ណាសា​ឲ្យ​ដឹង​ថា "ដំបូង​ឡើយ​បំណែក​យាន ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ជនជាតិ​ឥណ្ឌា Shanmuga Subramanian ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧៥០​ម៉ែត្រ​ពី​កន្លែង​ធ្លាក់ និង​ប៉ះ​ទង្គិច​ផ្ទាល់។”

ចំណុច​ពណ៌​បៃតង​ក្នុង​រូប​ភាព បង្ហាញ​ពី​កម្ទេចកំទី និង​បំណែក​របស់​យាន ខណៈ​ពេល​ដែល​ចំណុច​ពណ៌​ខៀវ គឺ​ជា​ការ​ប៉ះ​ទង្គិច​នៅ​លើ​ផ្ទៃ​នៃ​ព្រះ​ចន្ទ។

គួរ​ឲ្យ​ដឹង​ថា យាន Chandrayaan 2 ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ២២​ខែ​កក្កដា​កន្លង​នៅ​កោះ Sriharikota នៃ​រដ្ឋ Andhra Pradesh ដោយ​ប្រើប្រាស់​រុក្កែត​មាន​កម្លាំង​ខ្លាំង​បំផុត​របស់​ភ្នាក់ងារ​អវកាស​ឥណ្ឌា GSLV Mark III rocket ៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់