• 2019-12-11 09:19:52
  • ការអប់រំ

Smart ចាយ ៣០ ម៉ឺន​ដុល្លារ ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស ២០ នាក់ទៀត រៀន​សាកលវិទ្យាល័យ

  • 2019-12-11 09:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​នេះ ​សិស្ស​វិទ្យាល័យ​ឆ្នើម​កម្ពុជា​ចំនួន ២០ នាក់ ទទួល​បាន​អាហារូបករណ៍ SmartEdu ដែល​ជួយ​បង់ថ្លៃ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ និង​មាន​ផ្ដល់​ថវិកា​ចំណាយ​ប្រចាំ​ខែ​រហូត​ដល់​ពួក​គេ​បញ្ចប់​ការ​សិក្សា។

ការ​ផ្ដល់​ជូន​នេះ ​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម ជុន វ៉ាត ប្រធានលេខាធិការដ្ឋាននៃមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ។

នេះគឺជាឆ្នាំទី៤  នៃ​ក្រុម​សិស្ស​វិទ្យាល័យ​ដែល​ទទួល​បាន​អាហារូបករណ៍ SmartEdu ចាប់​តាំង​ពី​ឆ្នាំ ២០១៦ មក។ ឥឡូវ​នេះ​មាន​និស្សិត​កម្ពុជា ៧០ នាក់ ទទួល​បាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ ដែល​មាន​តម្លៃ​រហូត​ដល់ ១៥,០០០ ដុល្លារ​សម្រាប់​អាហារូបករណ៍​នីមួយៗ។

លោក ថូម៉ាស ហ៊ុន​ (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «យើង​សូម​អបអរសាទរ និង​ស្វាគមន៍​និស្សិត​អាហារូបករណ៍ SmartEdu ឆ្នាំទី៤ មុន​ពេល​ចាប់​ផ្តើម​ដំណើរ​សិក្សា​នៅ​សាកលវិទ្យាល័យ​ពួកគេ ហើយ​យើង​ពិត​ជា​រីករាយ​ដែល​បាន​ឃើញ​ក្រុម​និស្សិត​អាហារូបករណ៍ SmartEdu ដំបូង​បង្អស់​របស់​យើង​នៅ​ថ្ងៃ​នេះ មាន​ភាព​ចាស់​ទុំ​ជាង​កាល​ពីរ ឫ​បី​ឆ្នាំ​មុខ​ ប៉ុន្តែ​ក៏​ត្រៀម​ខ្លួន​សម្រាប់​អាជីព​ក្នុង​ពិភព​ការងារ​ផង​ដែរ។»

លោក​បន្ថែមថា៖ «ការ​ផ្តល់​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ដែល​មាន​ជីវភាព​ខ្វះខាត ដើម្បី​បន្ត​ការ​សិក្សា​គឺ​ជា​កិត្តិយស ដ៏​ពិត​ប្រាកដ​សម្រាប់​ពួក​យើង​នៅ​ក្រុមហ៊ុន Smart​ហើយ​យើង​ក៏​ព្យាយាម​ស្វែង​រក​ឱកាស​បន្ថែម​សម្រាប់​អ្នក​មាន​ជីវភាព​ខ្វះខាត​ ដើម្បី​ជួយ​លាត​ត្រដាង​ទេពកោសល្យ និង​ជំនាញ​របស់​ពួក​គេ​ដែល ប្រហែល​ជា​ពួក​គេ​មិន​បាន​ដឹង​ពី​មុន​មក។»

អាហារូបករណ៍ SmartEdu ក៏​ផ្តល់​នូវ​ដំបូន្មាន​ណែនាំ  និង​ឱកាស​ផ្សេងៗ​ទៀត ដើម្បី​អភិវឌ្ឍ​ជំនាញ​របស់​ពួក​គេ​តាម​រយៈ​ការ​ចូល​រួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព ​ក៏​ដូចជា​ការ​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) នៃ​ក្រុមហ៊ុន Smart។​ និស្សិត​អាហារូបករណ៍ SmartEdu ដែល​ទទួល​បាន​ជោគជ័យ​នឹង​ត្រូវ​ផ្តល់​ឱកាស​ការងារ​នៅ​ក្រុមហ៊ុនSmart បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ​សាកល​វិទ្យាល័យ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពីកម្មវិធី SmartEdu សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​របស់ Smart តាមរយៈ []Smart for Cambodia](www.facebook.com/SmartForCambodia)  ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smartedu.com.kh៕​

អត្ថបទ៖ សុខណា

មតិយោបល់