• 2020-01-29 05:30:00
  • សុខភាព

វិធីសាស្រ្តពាក់ម៉ាសឲ្យត្រូវក្បួនសុខភាព ខណៈមានការឆ្លងជំងឺផ្លូវដង្ហើម

  • 2020-01-29 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​លេច​ឡើង​នូវ​វត្តមាន​របស់​ប្រភេទ​វីរុស​កូរ៉ូណា​ថ្មី​នៅ​តាម​បណ្តា​ប្រទេស​ សរុប​មាន​១៨​ប្រទេស​ រាប់​ត្រឹម​ថ្ងៃ២៨ ខែ​មករា​ ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​​ ១​ករណី ​ផង​ដែរ​នោះ ធ្វើ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​នាំ​គ្នា​រួស​រាន់​​ទិញ​ម៉ាស​នៅ​គ្រប់​ឱសថស្ថាន​ និង តាម​ផ្សារ​ទំនើប​នានា​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​សួត​កាច​សាហាវ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ។

ប្រភេទម៉ាសពេទ្យធម្មតា

ស្រប​ពេល​នេះ​ផង​ដែរ​ ក៏​មាន​ការ​ជជែក​វែក​ញែក​ ចង់​ដឹង​ចង់​ឮ​ ពី​របៀប​ប្រើ​ប្រាស់​ម៉ាស​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង ជាក់​លាក់​មួយ​ពិត​ប្រាកដ។

ដើម្បី​ធ្វើ​ការ​លុប​បំបាត់​នូវ​ទុក្ខ​កង្វល់​ និង ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មហាជន លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ចេញ​ជា​វីដេអូ​មួយ​ ដោយ​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​ ពី​គន្លឹះ​ការពារ​ខ្លួន​ពី​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​​វីរុស​កូរ៉ូណា​នោះ​ផង​ដែរ ដោយ​ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រភេទ​ម៉ាស​ធម្មតា​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ និង អ្នក​ជំនាញ​ពាក់​គឺ​ពិត​ជា​មាន​គុណ​សម្បតិ្ត​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ការពារ​ និង ទប់​ស្កាត់​ពី​ការ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ ពោល​គឺ​មិន​បាច់​ប្រើ​ប្រាស់​ម៉ាស​ច្រើន​ប្រភេទ​ពេក​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឧកញ៉ា​ វេជ្ជបណ្ឌិត​បាន​ធ្វើ​ការ​រៀប​រាប់​យ៉ាង​លម្អិត​ពី​របៀប​ពាក់​ម៉ាស​ប្រភេទ​ធម្មតា​នេះ​ ដែល​ក្នុង​នោះ​មាន​បែក​ចែក​ជា​ ២ លក្ខខណ្ឌ​៖

សម្រាប់អ្នកមានជំងឺ

១. សម្រាប់​អ្នក​ឈឺ៖ បើ​អ្នក​ឈឺ​ផ្តាសាយ ឬ មាន​ផ្ទុក​ជំងឺ​នានា ហើយ​មិន​ចង់​ចម្លង​ទៅ​អ្នក​ដទៃ​ អ្នក​ត្រូវ​ពាក់​ផ្នែក​​ដែល​មាន​ផ្ទៃ​ពណ៌​ បែរ​ចេញ​ទៅ​ក្រៅ ហើយ​ផ្នែក​ដែល​គ្មាន​ពណ៌​បែរ​ចូល​ទៅ​ក្នុង (បែរ​ទៅ​មុខ​អ្នក) ធ្វើ​យ៉ាង​ណា​ឱ្យ​ម៉ាស​បិទ​បាំង​ផ្នែក​ច្រមុះ មាត់ និង ចង្កា​ ដើម្បី​ការពារ​មិន​ឱ្យ​មាន​ការ​ខ្ជាយ​ទឹក​មាត់ ឬ ចំហាយ​នៃ​ផ្លូវ​ដង្ហើម​របស់​អ្នក​ប៉ះ​ពាល់​ទៅ​ដល់​អ្នក​ដទៃ​ដែល​អ្នក​ជិត​អ្នក​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​អ្នក​កណ្តាស​ម្តងៗ ទឹក​មាត់​ដែល​ខ្ជាយ​ចេញ​ពី​មាត់​​ អាច​ខ្ទាត​រហូត​ទៅ​ដល់​ចម្ងាយ​ ៤ម៉ែត្រ​ ឯណ្ណោះ ដូច្នេះ​ហើយ​ដើម្បី​ចៀស​វាង​ការ​ចម្លង​វីរុស​គ្រប់​ប្រភេទ​ទៅ​កាន់​អ្នក​ដទៃ គប្បី​ប្រើ​ប្រាស់​ម៉ាស​ឱ្យ​បាន​ត្រឹម​ត្រូវ។

សម្រាប់អ្នកគ្មានជំងឺ

២. សម្រាប់​អ្នក​មិន​ឈឺ៖ ប្រសិន​ជា​អ្នក​គ្មាន​ផ្ទុក​នូវ​ជំងឺ​ណា​មួយ​ ហើយ គ្រាន់​ចង់​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស ឬ បាក់តេរី​នានា​ពី​អ្នក​ដទៃ អ្នក​គប្បី​ពាក់​ម៉ាស​ដែល​ផ្នែក​ដែល​មាន​ផ្ទៃ​ពណ៌​បែរ​ទៅ​ក្នុង (បែរ​ទៅ​មុខ​អ្នក) ហើយ ផ្ទៃ​ដែល​គ្មាន​ពណ៌​បែរ​ចេញ​មក​ខាង​ក្រៅ ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មាន​មេរោគ​ភាយ​ចូល​បាន។

រូបតំណាង

យ៉ាង​ណា​មិញ ទោះ​ជា​ការ​ប្រើ​ប្រាស់​ម៉ាស​គឺ​ជា​វិធី​បង្ការ​មួយ​ដ៏​ល្អ​​នៃ​ការ​ឆ្លង​វីរុស​ក្តី តែ​លោក វេជ្ជបណ្ឌិត​ក៏​បាន​លើក​ទឹក​ចិត្ត ពលរដ្ឋ​គ្រប់​គ្នា​ឱ្យ​រស់​នៅ​ស្អាត​ និង ហូប​ចុក​ស្អាត​ពោល​គឺ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផ្នែក​អនាម័យ​ជា​ចម្បង​ទើប​ល្អ​ប្រសើរ។

លើស​ពី​នេះ​លោក​ក៏​បាន​ធ្វើ​ការ​ផ្តែ​ផ្តាំ​ទៅ​កាន់​សំណាក់​មហាជន​កុំ​ឱ្យ​មាន​ការ​ស្លន់​ស្លោ​ និង ជ្រួល​ច្របល់​ខ្លាំង​ពេក​អំពី​បញ្ហា​នេះ ចៀស​វាង​ការ​បាក់​ទឹក​ចិត្ត​ និង ការ​គេង​មិន​បាន​គ្រប់​គ្រាន់ ដែល​សុទ្ធ​សឹង​ជា​កត្តា​ដែល​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​មុន​មេរោគ​ឈាន​ចូល​រាង​កាយ​ទៅ​ទៀត។

រូបតំណាង

ដូច្នេះ បើ​យោង​តាម​សម្តី​របស់​លោក វេជ្ជបណ្ឌិត ត្រឹម​តែ​ការ​អនុវត្ត​តាម​វិធី​បង្ការ​ដែល​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ជូន​ប្រជាជន គឺ​គ្រប់​គ្រាន់​ហើយ មិន​ចាំ​បាច់​ភ័យ​ខ្លាច​ពេក នាំ​ឱ្យ​ខាត​បង់​សុខភាព​របស់​ខ្លួន​វិញ​នោះ​ទេ៕ ​​​

អានបន្ត៖ វិធីសាស្ត្រ​ការពារ​ខ្លួន​ និង ទារក​ សម្រាប់​ស្ត្រីពពោះ អំឡុង​ពេល​វីរុស​កូរ៉ូណា​ថ្មី​កំពុង​រីក​រាល​ដាល

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

មតិយោបល់