- 2020-02-19 09:31:56
- ព័ត៌មាន
អ្នកស្រាវជ្រាវខ្មែរទម្លាយអាថ៌កំបាំង "លទ្ធផលពិសោធន៍វិទ្យាសាស្ត្រផូស៊ីលអង្ករលើកដំបូងនៅកម្ពុជា"
- 2020-02-19 09:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រាវជ្រាវខ្មែរទម្លាយអាថ៌កំបាំង "លទ្ធផលពិសោធន៍វិទ្យាសាស្ត្រផូស៊ីលអង្ករលើកដំបូងនៅកម្ពុជា"
ចន្លោះមិនឃើញ
ការស្រាវជ្រាវថ្មីមួយរបស់លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា អង្ករ ជាធញ្ញជាតិ ចម្បងរបស់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍តាំងពីយុគថ្មរំលីង។ ការស្រាវជ្រាវថ្មីៗ បានបង្ហាញ ពូជស្រូវជាច្រើនប្រភេទមានប្រភពចេញពីអាស៊ី ដូចជាពូជស្រូវ ឥណ្ឌីកា និងជប៉ុនីកា (Indica and Japonica) ដែលជាពូជតែមួយមានកំណើតតាំងពីប្រមាណជា ៨ ២០០ ទៅ ១៣ ៥០០ ឆ្នាំមកហើយ នៅក្នុងតំបន់ជ្រលងទន្លេគុជរបស់ចិន(Pearl River valley region of China)។
តំបន់ផលិតស្រូវឬកន្លែងដាំស្រូវតំបូងៗជាច្រើនកន្លែងផ្សេងទៀតនៅប្រទេសចិនដូចជាតំបន់ជ្រលងទន្លេយ៉ងសេ(Yangtze River valley in China)។ នៅកំឡុងសហស្សវត្សទី៣មុនគ្រិស្ដសករាជ ស្រូវត្រូវបានគេយកមកដាំដុះ ដកស្ទូងនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក និងតំបន់ភាគខាងលិចនៅឥណ្ឌា និងនេប៉ាល់។ អ្នកបុរាណវិទូជនជាតិឥណ្ឌា បានជំទាស់និងមតិខាងលើ ហើយបានលើកឡើងថា ស្រូវត្រូវបានដាំដុះយូរមកហើយនៅជ្រលងទន្លេគង្គា (rice cultivation began in the Ganges river valley)។ លទ្ធផលរួមមួយបានបង្ហាញថា ពូជស្រូវ ឥណ្ឌីកា និងជប៉ុនីកា ជាពូជស្រូវដែលមានប្រភេទតែមួយដែលចេញពីស្រូវព្រៃដែលមានឈ្មោះថា អូរីសា រ៉ុយហ្វីប៉ូហ្គូន (Oryza Rufipogon)។
លទ្ធផលនេះបានបង្ហាញក្រោយពី អំឡុងខែកក្កដា ឆ្នាំ២០១៩ លោកបណ្ឌិតបានផ្ញើសំណាកអង្ករខ្មៅមួយចំនួនទៅមន្ទីរពិសោធន៍សម្រាប់ពិសោធន៍នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលមានលោកស្រីបណ្ឌិត Dr. Rachel Wood ជាអ្នកជំនាញបុរាណវិទ្យា និងជានវិទ្យា នៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្ដដី និងកាបូន នៃមហាវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្ដដី (Senior Lecturer in Archaeology; Archaeology and Anthropology, Research School of Earth Sciences; Radiocarbon Facility, Research School of Earth Sciences, Australian National University, Building 142 Mills Road, Acton, ACT 2601CRICOS Provider #00120C.) ។
លោកបណ្ឌិតបានធ្វើកាបរិច្ឆេទទៅលើសំណាកគ្រាប់អង្ករមួយគ្រាប់ ដែលបានសំអាតរួចរាល់ជាមួយ scalpel និងប្រភេទអាស៊ីត បាស អាស៊ីត រក្សាទុកមួយរយៈ បន្ទាប់មកយកទៅវាស់ជមួយម៉ាស៊ីនAMS។ កូដ្ឋសម្រាប់ពិសោធន៍ (S-ANU 63310) ។ អង្ករខ្មៅនេះ មានកាលបរិច្ឆេទប្រមាណជា ៩០០-១០០០ មុនឆ្នាំបច្ចុប្បន្ន ត្រូវគ្នានឹងឆ្នាំ ៩១៥ ±២៤ នៃគ្រិស្ដសករាជ អាចនិយាយថា៩៥%ជាចម្លើយភវនីយភាព។
សំណាកអង្ករខ្មៅ ត្រូវបានរុករកពីប្រាសាទបុរាណនៃអរិយធម៌សម្ភុបុរៈនៅខេត្តស្ទឹងត្រែងនៅទីទួលអង្ករខ្មៅ ស្ថិតនៅ ក្នុងភូមិកាំង តេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ។ ប្រទេសកម្ពុជាមានភស្ដុតាងផលិត ឬធ្វើកសិកម្មដំណាំស្រូវអង្ករ តាំងពីយុគសម័យថ្មរំលីង ដែលយើងមានឃើញភស្ដុតាងនៅស្ថានីយបន្ទាយគូ ក្នុងតំបន់ខ្ពង់រាបដីក្រហមខាងកើតទន្លេមេគង្គ។ គ្រាប់ស្រូវត្រូវបានយក មកលាយជាមួយដីឥដ្ឋដុតធ្វើជាក្អមឆ្នាំងសម្រាប់ការប្រើប្រាស់របស់ខ្លួន ដែលយើងបានធ្វើកាលបរិច្ឆេទទៅលើស្ថានីយនោះតាំងពី២០០០ឆ្នាំមុនគ្រិស្ដសករាជ ជាភស្ដុតាងដែលយើងអាចនិយាយថាកាផលិតស្រូវមានតាំងពីពេលនោះមក។ ការសិតស្រូវ និងភស្ដុតាងលើចម្លាក់ប្រាសាទ បានបង្ហាញថាស្រុកខ្មែរមានកាផលិតស្រូវច្រើននៅក្នុងសម័យអង្គរ ក្នុងសិលាចារិកក៏បាននិយាយពីអំណោយស្រូវអង្ករផងដែរ។
ការសិក្សាស្រាវជ្រាវថ្មីរបស់លោកបណ្ឌិត ធុយ ចាន់ធួន នៅទីក្រុងសម្ភុបុរៈ ក្នុងតំបន់ប្រាសាទព្រះគោ ស្រុកធារ៉ាបរិព័ទ្ធ ខេត្តស្ទឹងត្រែង ក្នុងចុងឆ្នាំ២០១៩នេះ បានឃើញផូស៊ីលអង្ករនៅក្នុងគ្រឹះប្រាសាទដូចបានអធិប្បាយខាងលើ និងបានធ្វើការពិសោធន៍ដើម្បីរកអាយុកាលនៅមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី។ លទ្ធផលនៃការបរិច្ឆេទនេះបានបង្ហាញថាផូស៊ីលអង្ករខ្មៅនេះមានអាយុកាល៩១៥ ±២៤ នៃគ្រិស្ដសករាជ។ ដូច្នេះលទ្ធផលនេះបញ្ជាក់ថាជាលទ្ធផលពិសោធន៍វិទ្យាសាស្រ្ដទៅលើការផលិត ឬការធ្វើកសិកម្មស្រូវអង្ករតំបូងមួយនៅកម្ពុជាយើង។
លោកបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័នស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមិត្តរួមអាជីព និស្សិត និងអាជ្ញាធរដែនដីដែលបានផ្ដល់ភាពកក់ក្ដៅ និងរាល់ការគាំទ្រទាំងឡាយសម្រាប់គម្រោងស្រាវជ្រាវមួយនេះ។ រាល់ការគាំទ្រទាំងនោះបានផ្ដល់មកខ្ញុំនូវរបកគំហើញថ្មីយ៉ាងសម្បើមនូវទីក្រុងសម្ភុបុរៈ និងស្ថានីយផូស៊ីលអង្ករខ្មៅ៕