• 2020-03-17 05:02:05
  • ព័ត៌មាន

យុទ្ធនាការមួយត្រូវបានសម្ពោធ ដើម្បី​អបអរ​ខួប​៣០ឆ្នាំ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់ UN

  • 2020-03-17 05:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា CRC គឺជាសន្ធិសញ្ញានិងជាក្របខណ្ឌច្បាប់អន្តរជាតិមួយ ដែលទទួលបានការផ្តល់សច្ចាប័នច្រើនបំផុត និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកស្ទួយជីវិតរបស់កុមារនៅជុំវិញពិភពលោក។ អនុសញ្ញានេះមានអត្ថន័យសង្កត់ធ្ងន់ទៅលើសិទ្ធិសង្គម វប្បធម៌ សេដ្ឋកិច្ច ស៊ីវិល និងនយោបាយ ដែលសុទ្ធតែរួមចំណែកបំពេញពិន្ទុផ្នែកសិទ្ធិមនុស្ស ដែលកុមារគ្រប់រូបសមនឹងទទួលបាន។

ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំនៃអនុសញ្ញា CRC នេះ យុទ្ធនាការមួយមានរយៈពេល ៣ខែ ត្រូវបានសម្ពោធ ដោយក្នុងនោះមានការរៀបចំកម្មវិធីនានានៅក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង អមដោយព្រឹត្តិការណ៍គោលសំខាន់ៗ និងការបង្ហោះផ្ទាំងគំនូរជីវចលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផងដែរ។ យុទ្ធនាការនេះត្រូវបានធ្វើឡើងក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) យូនីសេហ្វ អង្គការ Save the Children និងបណ្តាញ Child Rights Now Network។ យុទ្ធនាការនេះជាសកម្មភាពចុងក្រោយមួយទៀតនៅក្នុងការវិនិយោគដែលសហភាពអឺរ៉ុបកំពុងធ្វើទៅលើសកម្មភាពទាំងឡាយណាដែលគាំទ្រឱ្យមានការអភិវឌ្ឍកុមារកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយប្រើឃ្លាជាពាក្យស្លោកថា #សិទ្ធិទាំងអស់របស់កុមារគ្រប់រូប។

នៅថ្ងៃទី២ ខែកុម្ភៈ កុមាររាប់រយនាក់បានមកលេងកម្សាន្តក្នុងទីធ្លាដ៏ធំទូលាយមួយនៅក្នុងសាលាបឋមសិក្សា២ធ្នូ ខេត្តបាត់ដំបង ក្នុងឯកសណ្ឋានសំពត់ ឬខោ ពណ៌ខៀវ និងអាវពណ៌ស។ បរិយាកាសមានសភាពអ៊ូអរ និងសំណើចក្អាកក្អាយ ហើយកុមារទាំងអស់មានទឹកមុខរំភើបរីករាយ នៅពេលដែលពួកគេសម្តែងសមត្ថភាពនៅតាមស្តង់ និងតុគូររូបភាព។

លោក Franck Viault ប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងពិធីនោះថា៖ «ថ្ងៃនេះ គឺជាព្រឹត្តិការណ៍របស់ក្មួយៗទាំងអស់គ្នាហើយ។ ខ្ញុំសង្ឃឹមថា ពេលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ក្មួយៗទាំងអស់គ្នានឹងយល់ដឹងបានកាន់តែប្រសើរឡើងអំពីសិទ្ធិរបស់ក្មួយៗ បន្ទាប់ពីបានចូលរួមនៅក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យនេះ នៅខេត្តបាត់ដំបង។»

លោកមានប្រសាសន៍បន្ថែមទៀតនៅក្នុងពិធីនោះថា៖ «អ្វីដែលមិនល្អសម្រាប់ពួកយើង គឺនៅពេលដែលយើងចំណាយពេលនៅតែក្នុងការិយាល័យនៅភ្នំពេញច្រើនពេក ហើយមិនសូវបានចុះមកមូលដ្ឋានឱ្យបានញឹកញាប់។ ពេលយើងទៅមើលសាលារៀន យើងមានឱកាសជជែកជាមួយលោកគ្រូអ្នកគ្រូ ហើយតាមរយៈនេះ យើងចាប់ផ្តើមយល់ដឹងអំពីបញ្ហាដែលពួកគាត់កំពុងប្រឈម និងបានស្គាល់បញ្ហាប្រឈមរបស់កុមារតាមរយៈការយល់ឃើញរបស់លោកគ្រូអ្នកគ្រូ និងរបស់កុមារផ្ទាល់តែម្តង។»

សហភាពអឺរ៉ុប យូនីសេហ្វ អង្គការ Save the Children និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងគម្រោងនេះ តាមរយៈភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រឱ្យមានវឌ្ឍនភាពថែមទៀតឆ្ពោះទៅផ្ដល់សិទ្ធិដល់កុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនានាដែលភាពជាដៃគូបានផ្តួចផ្តើមឡើងរួមមាន «កម្មវិធីថែទាំ និងអភិវឌ្ឍន៍កុមារ» សម្រាប់កុមារជនជាតិដើមភាគតិច, ការលើកកម្ពស់សហគមន៍មានមេត្រីភាពកុមារ តាមរយៈការបង្កើតប្រព័ន្ធថ្នាក់ជាតិសម្រាប់ការពារកុមារនៅកម្ពុជា និង គម្រោងប្រែក្លាយប្រព័ន្ធសុខុមាលភាពកុមារឱ្យមានលក្ខណៈឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

លោកស្រី Bianca Collier ប្រធានគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និង REACT នៃអង្គការ Save the Children បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងការធានាឱ្យមានការប្រែប្រួលយូរអង្វែងនៅតាមសហគមន៍។ ថ្វីបើកុមារចូលរៀននៅកម្រិតបឋមសិក្សាមានចំនួនកាន់តែច្រើនជាងមុនក៏ពិតមែន ប៉ុន្តែនៅក្នុងចំណោមនោះ មានកុមារច្រើននាក់ណាស់ដែលមិនបានបន្តការសិក្សាទៅដល់កម្រិតមធ្យមសិក្សាចំណេះទូទៅ ឬទៅដល់កម្រិតវិទ្យាល័យ។ លោកស្រី Collier មានប្រសាសន៍ថា៖ «សំខាន់ជាងអ្វីៗទាំងអស់នៅទីនេះគឺថា សម្រាប់អនាគតរបស់កម្ពុជា យើងចាំបាច់ជួយឱ្យកុមារទទួលបានការអប់រំ មានសុខភាពល្អ និងទទួលបានការការពារ ដើម្បីឱ្យពួកគេជោគជ័យនៅពេលគេក្លាយខ្លួនជាមនុស្សពេញវ័យ។»

លោកស្រី Keir Drinnan នាយកប្រតិបត្តិការនៃអង្គការ Cambodian Children’s Trust មានប្រសាសន៍ថា៖ «ចំនួនកុមារចូលរៀននៅថ្នាក់បឋមមានកម្រិតល្អណាស់ ប៉ុន្តែពេលដែលឡើងទៅដល់កម្រិតមធ្យមសិក្សាចំណេះទូទៅ កុមារច្រើននាក់ណាស់នាំគ្នាបោះបង់ការសិក្សា។ យើងមានបុគ្គលិករបស់យើងដែលតែងតែចុះធ្វើការផ្ទៀងផ្ទាត់មើលនៅតាមសាលារៀនណាដែលមានកុមារបោះបង់ចោលការសិក្សា។»

លោកស្រី Drinnan ពោលបន្តទៀតថា៖ «ខ្ញុំគិតថា វិធីសំខាន់បំផុតសម្រាប់ធានាឱ្យមានចីរភាព គឺធ្វើយ៉ាងណាផ្សារភ្ជាប់បណ្តាអង្គការដែលកំពុងតែជួយកុមារ និងក្រុមគ្រួសាររបស់កុមារ ទៅនឹងសេវាទ្រទ្រង់ដែលមានស្រាប់។» ត្រង់ចំណុចនេះ លោកស្រី Drinnan សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការយល់ដឹង។ លោកស្រីបានលើកឡើងអំពីបណ្តាកម្មវិធីដែលជួយឧបត្ថម្ភកុមារឱ្យទទួលបានឯកសណ្ឋាន អាហារថ្ងៃត្រង់ និងកង់ជិះ ថាជាឧទាហរណ៍វិជ្ជមានដែលជួយដោះស្រាយបាននូវភាពខ្វះខាតមធ្យោបាយសម្រាប់ទទួលបានការអប់រំ។

ទន្ទឹមគ្នានឹងព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅខេត្តបាត់ដំបងប្រកបដោយជោគជ័យ នៅភ្នំពេញក៏មានរៀបចំធ្វើព្រឹត្តិការណ៍ដូចគ្នានេះដែរ នៅក្នុងថ្ងៃតែមួយ ដើម្បីអបអរសាទរខួប៣០ឆ្នាំ របស់ CRC នៅក្នុងបរិវេណ Factory កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ឆ្នាំ២០១៩ ជាឆ្នាំខួបលើកទី៣០ របស់អនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ជាសន្ធិសញ្ញាមួយស្តីពីសិទ្ធិមនុស្សដែលទទួលបានការផ្តល់សច្ចាប័នច្រើនជាងគេ។ អនុសញ្ញានេះតំណាងឱ្យឱកាសដ៏វិសេសវិសាលមួយសម្រាប់ការនិយាយក្នុងសំទ្បេងតែមួយអំពីសិទ្ធិរបស់កុមារ ក៏ដូចជាសម្រាប់លើកកម្ពស់ការយល់ដឹងដែរថា សិទ្ធិរបស់កុមារមិនអាចត្រូវមើលស្រាលបានទេ។ សហភាពអឺរ៉ុប កំពុងរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនទៅមុខទៀតនូវវឌ្ឍភាពធំធេងដែលសម្រេចបានកន្លងមកនេះនៅក្នុងវិស័យសិទ្ធិកុមារ និងដើម្បីបញ្ជាក់សារជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា មានលទ្ធភាពអភិវឌ្ឍខ្លួនប្រកបដោយសក្តានុពល ដែលជាបុរេលក្ខខណ្ឌមួយសម្រាប់ឈានទៅសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងមានចីរភាព។»

លោក គ្រីស្ទៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ «យូនីសេហ្វ មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រឱ្យមានវឌ្ឍនភាពឆ្ពោះទៅផ្ដល់សិទ្ធិកុមារគ្រប់រូបនៅកម្ពុជាឱ្យបានពេញលេញ។ អនុសញ្ញា CRC និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដើរទន្ទឹមគ្នា។ សិទ្ធិកុមារមិនអាចសម្រេចបានដោយគ្មានការអនុវត្តឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះទេ ។ អាស្រ័យហេតុនេះហើយបានជាអនុសញ្ញានេះពិតជា អនុសញ្ញាពិតជាមានន័យជាងពេលណាៗទាំងអស់ សម្រាប់អនុវត្តជាប្រយោជន៍ដល់កុមារទាំងឡាយដែលក្រីក្រ និងងាយរងគ្រោះ កុមារដែលត្រូវបានគេបោះបង់ចោល និងកុមារដែលមិនសូវទទួលបានការយកចិត្តទុកដាក់។»

សភាពអឺរ៉ុបនិងដៃគូរបស់ខ្លួន នៅតែមើលឃើញមានការខ្វះចន្លោះនៅក្នុងការសម្រេចឱ្យបានតាមគោលការណ៍ស្នូលរបស់អនុសញ្ញា CRC ដែលរួមមាន៖ ភាពមិនរើសអើង ឧត្តមប្រយោជន៍របស់កុមារ ការរស់រានមានជីវិតនិងការអភិវឌ្ឍ និងការគោរពចំពោះទស្សនៈរបស់កុមារ។ ដរាបណាដែលស្តង់ដាទាំងនេះនៅតែមិនទាន់បំពេញបាន នៅតែមានចន្លោះប្រហោង ពួកយើងនឹងនៅតែបន្តកិច្ចការនេះជារៀងរហូត៕

មតិយោបល់