- 2020-04-10 05:42:02
- ព័ត៌មាន
យល់ពីតម្រូវការក្នុងអំឡុងកូវីដ «ធីតាឯកសង្ក្រាន្ត» បន្តបរិច្ចាគម៉ាស ១៧៥០០ដល់ក្រសួងសុខាភិបាល
- 2020-04-10 05:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ពីតម្រូវការក្នុងអំឡុងកូវីដ «ធីតាឯកសង្ក្រាន្ត» បន្តបរិច្ចាគម៉ាស ១៧៥០០ដល់ក្រសួងសុខាភិបាល
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះ ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) បានដឹកនាំក្រុមការងារ និងបេក្ខនារីដែលជាម្ចាស់ជយលាភីធីតាឯក ទៅចូលរួមកម្មវិធីសប្បុរសធម៌ជាថ្មី ដែលបានបរិច្ចាគម៉ាសពាក់ការពារមេរោគ ដល់ក្រសួងសុខាភិបាល ចំនួន ១៧៥០០ ស្មើនឹង ៧កេស នៅទីតាំងទីស្តីការក្រសួងសុខាភិបាលដោយផ្ទាល់។
នេះជាលើកទី២ ហើយដែលក្រុមហ៊ុនខាងលើបានធ្វើការបរិច្ចាគម៉ាស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការរាលត្បាតនៃមេរោគកូវីដ១៩ ។
«យើងមានជំនឿចិត្តលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ការផ្សេងៗ ឆ្លើយតបនឹងបញ្ហាមេរោគកូវីដ១៩ ។ ហើយការបរិច្ចាគនេះ គឺជាការចូលរួមសម្រាលទុក្ខធុរៈ ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន ក៏ដូចជាផ្តល់ជាកម្លាំងចិត្តដល់គ្រូពេទ្យជួរមុខដែលកំពុងព្យាយាមព្យាបាលអ្នកជំងឺកូវីដ១៩ នៅកម្ពុជា»។ នេះបើតាមការឲ្យដឹងពី អ្នកនាង សំណាង ពុទ្ធានី អ្នកនាំពាក្យ និងជាតំណាងក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) ។
« ដោយអត្រាឆ្លងកើនឡើងបន្តបន្ទាប់នៅកម្ពុជាទោះមិនមានសន្ទុះខ្លាំង ដូចនៅបណ្តាប្រទេសផ្សេងៗ តែយើងមិនអាចធ្វេសប្រហែសឡើយ ។ ក្នុងដំណាក់កាលនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក៏ដូចជារក្សាសុវត្ថិភាពខ្លួនឯង និងគ្រួសារ បងប្អូនចាំបាច់ត្រូវធ្វើឲ្យបាន តាមការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ដូចជា ត្រូវការពាក់ម៉ាសឲ្យបានត្រឹមត្រូវ រក្សាគម្លាតសង្គម រក្សាអនាម័យខ្ពស់ ដោយការលាងសម្អាតដៃឲ្យបានញឹកញាប់ និងថែរក្សាសុខភាពឲ្យរឹងមាំ»។ អ្នកនាងបញ្ជាក់បន្ថែម។
គួរបញ្ជាក់ដែរថា ការប្រកួតជ្រើសរើស "ធីតាឯកសង្ក្រាន្ត" ប្រចាំប្រទេសកម្ពុជាជាលើកដំបូងនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ១៩ កុម្ភៈ និងបានបញ្ចប់រួចរាល់ហើយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ដោយបានរកឃើញធីតាឯកចុងក្រោយ ចំនួន ៧រូប។
ធីតាឯក ជយលាភីចំនួន ៧រូបនេះត្រូវគ្រងតំណែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្ម សម្រាប់ចាក់ផ្សាយក្នុងទូរទស្សន៍ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
សូមរង់ចាំមើលទាំអស់គ្នា ពីវីដេអូដំណើរការនៃការប្រកួត «ធីតាឯកសង្ក្រាន្តប្រចាំឆ្នាំ ២០២០» តាមរយៈហ្វេសប៊ុកផេករបស់ Fun Entertainment នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០៕
អត្ថបទទាក់ទង៖