• 2020-04-13 08:44:46
  • ព័ត៌មាន

បាក់រលំដើមឈើ អាយុកាលរាប់រយឆ្នាំមួយចំនួន នៅប្រាសាទតាព្រហ្ម ដោយសារខ្យល់កន្រ្តាក់

  • 2020-04-13 08:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពជាច្រើនសន្លឹកបានចែកចាយតៗគ្នាអំពីថា ដើមឈើអាយុកាលរាប់រយឆ្នាំ នៅប្រាសាទតាព្រហ្មបានបាក់រលំ ដែលបង្កើតឲ្យមានការសោកស្ដាយជាខ្លាំង ត្រូវបាន លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់ Sabay នៅរសៀលថ្ងៃទី ១៣ មេសានេះថា ពិតជាមានការបាក់រលំដើមឈើនៅប្រាសាទនោះមែន ប៉ុន្ដែមិនមែនដើមឈើធំជាងគេ ដែលនិយមគេថតរូបនោះទេ។

«យប់មិញនេះ បាតុភូតធម្មជាតិខុសប្លែកខ្លាំង ដោយមានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំងបានធ្វើឲ្យដើមឈើមួយចំនួន បានបាក់រលំនៅប្រាសាទតាព្រហ្ម»។ នេះជាការលើកឡើងបន្ថែមពី លោក ឡុង កុសល។

ទោះបីជាយ៉ាងណាការបាក់រំលំដើមឈើមួយចំនួនខាងលើ ពុំបានធ្វើឲ្យប៉ះពាល់ដល់ប្រាសាទនោះទេ ហើយឥឡូវនេះ ក្រុមការងារកំពុងដុតដៃដុតជើង សម្អាតព្រៃ និងយកដើមឈើបាក់រលំមួយចំនួននោះចេញពីប្រាសាទ។

លោក ឡុង កុសល បានបន្ដទៀតថា មែនទែនទៅ ក្រុមការងារគ្រប់គ្រងព្រៃឈើ បាននឹងកំពុងសម្អាតព្រៃ និងដើមឈើមួយចំនួន ដែលកំពុងយាយីប្រាសាទ ដើម្បីកាត់ដើមឈើទាំងនោះចេញ ដើម្បីការពារប្រាង្គប្រាសាទ។

ប្រាសាទតាព្រហ្ម មានដើមឈើធំៗ សរុបចំនួន ៤ដើម និងដើមឈើតូចៗមួយចំនួនផ្សេងទៀត បានដុះនៅទីនេះ។

រូបភាពខាងលើនេះ លោក ឡុង កុសល អ្នកនាំាពាក្យអាជ្ញាធរជាតិអប្សរា ផ្ដល់ឲ្យ

សូមជម្រាបជូនថា ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល ១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះ កសាងឡើយនៅក្នុងឆ្នាំ ១១៨៦ នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់