• 2020-04-14 00:16:27
  • ព័ត៌មាន

វៀតណាម ដាក់ឲ្យប្រើម៉ាស៊ីនចែកអង្ករសម្រាប់អ្នកក្រ ស្របពេលកំពុងបិទប្រទេស

  • 2020-04-14 00:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិនជនជាតិវៀតណាមម្នាក់នៅទីក្រុងហូជីមិញ មានឈ្មោះថា Hoang Tuan Anh បានបង្កើតម៉ាស៊ីនចែកចាយស្វ័យប្រវត្ដិ ដែលដំណើរការ ២៤ម៉ោង/៧ថ្ងៃ ដោយផ្តល់ជូនអង្ករដោយឥតគិតថ្លៃ ដល់អ្នកក្រីក្រ និងគ្មានការងារធ្វើ បន្ទាប់ពីការចាក់សោរបិទប្រទេសដែលកំពុងបន្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២៦៥នាក់ ជាសះស្បើយ ១៤៦នាក់ ហើយគ្មានអ្នកស្លាប់ឡើយ ប៉ុន្តែជាលទ្ធផលនៃវិធានការដាក់គម្លាតសង្គមរយៈពេល ១៥ថ្ងៃ ដែលបានចាប់ផ្តើមកាលថ្ងៃទី៣១ ខែមីនា ធ្វើឲ្យអាជីវកម្មខ្នាតតូចជាច្រើនត្រូវបានបិទទ្វារ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ឈប់ពីការងារ។

ស្រ្តីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ឈ្មោះថា Nguyen Thi Ly ដែលមានកូនចំនួន៣នាក់ ខណៈប្តីអ្នកស្រីត្រូវបាត់បង់ការងារ បាននិយាយថា "ម៉ាស៊ីនចែកចាយអង្ករនេះពិតជាមានប្រយោជន៍ណាស់។ ជាមួយនឹងអង្ករមួយថង់នេះ យើងអាចរស់បានមួយថ្ងៃ។ ឥឡូវនេះយើងត្រូវការតែម្ហូបទេ។ ជួនកាលអ្នកជិតខាតយើងឲ្យអាហារសេសសល់ខ្លះៗ ឬយើងញ៉ាំមីកញ្ចប់”។

គួរឲ្យដឹងថា ម៉ាស៊ីនខាងលើនេះបញ្ចេញអង្ករ ១,៥គីឡូក្រាម ទៅឲ្យអ្នកក្រីក្រ និងអត់ការងារធ្វើ ដែលភាគច្រើនជាអ្នកលក់ដូរតាមដងផ្លូវ ឬអ្នកធ្វើការតាមផ្ទះ និងលក់សំបុត្រឆ្នោតជាតិជាដើម៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់