• 2020-04-21 04:20:15
  • ព័ត៌មាន

សម្តេច ហ៊ុន សែន ផ្ញើ​សារ​ឱ្យ​រួមគ្នា​លុបបំបាត់​ជំងឺគ្រុនចាញ់ ទោះ​កំពុង​ប្រយុទ្ធ​កូ​វីដ ១៩ ក៏ដោយ​

  • 2020-04-21 04:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួម​ក្នុង​ទិវា​គ្រុនចាញ់​ពិភពលោក ២៥ មេសា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត ១ ច្បាប់​ជូន​ជនរួមជាតិ ក៏ដូចជា​ក្រសួង​ស្ថាប័ន និង ដៃគូ​ពាក់ព័ន្ធ​ជាតិ អន្តរជាតិ ឱ្យ​បន្ត​យកចិត្តទុកដាក់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​នៅ​កម្ពុជាតទៅទៀត ដើម្បីជោគជ័យ​តាម​កម្មវិធី​ជាតិ​របស់​កម្ពុជា ។

រូបភាព៖ www.medscape.com

​សារលិខិត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានសរសេរថា សូម​ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ វិ​ស័​ឯកជន អង្គការ​នានា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន សហគមន៍ជាតិ​​ អន្តរជាតិ និង ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​ប្រជាជន​គ្រប់រូប សូម​បន្ត​ចូលរួម និង គាំទ្រ​ដល់​បេសកកម្ម​របស់​ក្រសួងសុខាភិបាល តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា ២០១១-២០២៥ ឱ្យ​ទទួលបាន​ជោគជ័យ ។ រាជរដ្ឋាភិបាល តែងតែ​ផ្តល់​លទ្ធភាព និង លើកទឹកចិត្ត ឱ្យមាន​ចលនា​កៀរគរ​ប្រភពធនធាន ដើម្បី ជំរុញ​ការអនុវត្ត​ន៍ការងារ​ជំងឺគ្រុនចាញ់​ឱ្យ​កាន់​តែមាន​សកម្ម​ភាពខ្លាំង​ក្លា​ថែមទៀត ឆ្ពោះទៅ​លុបបំបាត់​ជំងឺ​នេះឱ្យបាន​តាម​ផែនការ​កំណត់ បើទោះបីជា​ពិភពលោក និងកម្ពុជា ផង កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ក៏ដោយ ។​

​តាម​ការគ្រោងទុក ឆ្នាំនេះ​កម្ពុជា ប្រារព្ធ ទិវា​គ្រុនចាញ់ ក្រោម​ប្រធានបទ គ្មាន​ជំងឺគ្រុនចាញ់​ផ្តើមចេញពី​យើង ក្នុង​គោលបំណង​ជំរុញ និងបំផុស​ការយល់ដឹង និង យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​សង្គម និង សំដៅ​រួមចំណែក​ដល់​ការរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ។​

​របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា បាន​អះអាងថា កម្ពុជា លែងមាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ចាប់តាំងពី​ឆ្នាំ ២០១៨ មកម្ល៉េះ ដែល​បានសេចក្តីថា កម្ពុជាសម្រេចបាន​គោលដៅ ៣ ឆ្នាំមុន​ការគ្រោងទុក គឺ​ឆ្នាំ ២០២០ ហើយ​ថា​ឆ្នាំ ២០១៩ ករណី​ជំងឺគ្រុនចាញ់​ប្រភេទ ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ឬ ប្រភេទ​សន្ធំ និង ចម្រុះ មាន​ចំនួន ៤៩៩០ ករណី គឺបាន​ថយចុះ ៧២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែលមាន​ដល់​ទៅ ១៨០៥៧ ករណី ខណៈ​ជំងឺគ្រុនចាញ់​ប្រភេទ​លាប់ ក៏បាន​ថយចុះ ៣៩ ភាគរយ​ដែរ។​

​អង្គការ​សុខភាព​ពិភពលោក ( WHO) បាន​សរសេរ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ពី​ចន្លោះ​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៤ ជំងឺគ្រុនចាញ់​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ពី ៧៤៣ ០០០ ទៅ ៤៤៦ ០០០ នាក់ នៅ​ទូទាំង​ពិភពលោក ឬ ប្រមាណ​ជា ៤០ នៃ អ្នក​ដែល​កើ​តជំងឺគ្រុនចាញ់​នេះ​។​

WHO បន្ថែមថា បច្ចុប្បន្នេះ នៅ​ទូទាំង​ពិភពលោក ហាក់ដូចជា​មិនមាន​ភាពជឿនលឿន​ក្នុងការ​កាត់បន្ថយ​អត្រា នៃការស្លាប់​ឡើយ ដូច្នេះ ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ គឺ​នៅ​ទ្រឹង​ពី​ចន្លោះ​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨។​

​តាមរយៈ​សារ​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ គេ​អាច​យល់បាន​ថា នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​មិន​ច្រើន​ទេដែល​ទទួលបាន​ជោគជ័យ​ដូច​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺគ្រុនចាញ់។​

​ទោះ​យ៉ាងនេះ សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជាមិនទាន់​អាច​ធ្វេសប្រហែស​ចំពោះ​ជំងឺគ្រុនចាញ់​បានទេ ព្រោះថា ជំងឺគ្រុនចាញ់​នៅតែ​ជាប​ន្ទុ​សម្រាប់​កម្ពុជា​នៅឡើយ ខណៈ​កម្ពុជា កំពុង​ខិតខំ​អភិវឌ្ឍ​ន៍​តាម​តំបន់​ព្រំដែន និង អេកូ​ទេសចរ​ធម្មជាតិ ព្រៃភ្នំ ប្រឈម​នឹង​បញ្ហា​ជំងឺគ្រុនចាញ់​នៅឡើយ ពោលគឺ​គ្រុនចាញ់ នៅតែ​រំខាន ឬ ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ជីវិត​ប្រជាជន និង ការអភិវឌ្ឍ​ប្រទេសជាតិ៕

សូមអានសារលិខិតរបស់សម្ដេចតេជោ ខាងក្រោមនេះ៖

ប្រភព៖ រស្មីកម្ពុជា ដោយៈ មេសា

មតិយោបល់