• 2020-04-28 04:40:33
  • ព័ត៌មាន

ការជិះកង់កំពុងពេញនិយម នៅខេត្តសៀមរាប ក្នុងរដូវកាល Covid-19

  • 2020-04-28 04:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង ភ្ញៀវទេសចរអន្តរជាតិក៏មិនអាចដើរចេញទស្សនាក្រៅប្រទេសបាន រីឯភ្ញៀវទេសចរជាតិក៏ស្ថិតនៅក្នុងផ្ទះមិនសូវដើរចេញក្រៅប៉ុន្មានឡើយ ធ្វើឱ្យរមណីយដ្ឋានទេសចរណ៍នានាជួបនូវភាពខ្សត់វត្តមានភ្ញៀវទេសចរ ក្នុងនោះសៀមរាប-អង្គរក៏មិនខុសគ្នាដែរ។

ប៉ុន្តែការផ្លាស់ប្ដូរនូវមធ្យោបាយទេសចរណ៍ថ្មីមួយក៏បានលេចឡើងនៅអង្គរ-សៀមរាប ដោយគេឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើនបាននាំគ្នាជិះកង់ហាត់ប្រាណ ឬរត់ហាត់ប្រាណកម្សាន្តនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះយ៉ាងពេញនិយម។ពួកគេជិះកង់ចេញពីក្រុងសៀមរាបឆ្ពោះទៅឧទ្យានអង្គរ ដោយភាគច្រើនកាត់តាមមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ចូលក្រុងអង្គរធំតាមខ្លោងទ្វារទន្លេអុំ ប្រាសាទបាយ័ន្ត ប្រាសាទបាពួន ព្រះលានជល់ដំរី។ នៅពេលមកដល់កន្លែងនេះ អ្នកខ្លះក៏ឈប់សម្រាកសិន ឯអ្នកខ្លះទៀតក៏បន្តដំណើរតាមផ្លូវវង់តូច ដោយកាត់តាមខ្លោងទ្វារជ័យ សួនបណ្ដុះកូនឈើរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ស្រះស្រង់ ប្រាសាទក្រវាន់ជាដើម។

ចំណែកឯអ្នកខ្លះក៏បន្តពីព្រះលានជល់ដំរីទៅតាមផ្លូវវង់ធំកាត់តាមខ្លោងទ្វារដីឆ្នាំង ប្រាសាទក្រោលរមាស ប្រាសាទព្រះខ័ន បារាយណ៍ខាងជើង ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្ដាល ប្រាសាទក្រោលគោ ប្រាសាទតាសោម បារាយណ៍ខាងកើត និងប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ស្រះស្រង់ជាដើម និងបន្តមកដល់កសិន្ធុខាងកើតប្រាសាទអង្គរវត្ត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាប បានឱ្យដឹងថា ឱ្យតែដល់ម៉ោង៤ទៀបភ្លឺឡើង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចាប់ផ្ដើមជិះកង់ និងរត់ហាត់ប្រាណរហូតដល់ម៉ោង ៧-៨ ព្រឹក ក៏នៅតែមានអ្នកជិះកង់ដែរ ហើយនៅពេលល្ងាចវិញ គេឃើញមានអ្នកជិះកង់ចាប់ពីម៉ោង ៤ រហូតដល់ព្រលប់ក៏មាន។ បើតាមលោក ង៉ូវ សេងកាក់ បច្ចុប្បន្ននៅខេត្តសៀមរាបមិនមានភ្ញៀវទេសចរបរទេសច្រើននោះទេ ភ្ញៀវទេសចរដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប និងបណ្ដាស្រុកនានាក្នុងតំបន់អង្គរ ចំណែកឯភ្ញៀវអន្តរជាតិវិញក៏សុទ្ធតែជាអ្នករស់នៅក្រុងសៀមរាបយូរឆ្នាំមកហើយដែរ ខណៈអ្នកខ្លះជាគ្រូបង្រៀន អ្នកជំនួញ អាជីវករ បុគ្គលអង្គការក្រៅរដ្ឋាភិបាលជាដើម។ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលភាគច្រើនជាអ្នករស់នៅក្រុងសៀមរាបនោះ បានបង្ហាញភាពសប្បាយរីករាយស្រស់ស្រាយចំពោះកីឡាទេសចរណ៍បែបនេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបង្ហាញការស្វាគមន៍ចំពោះនិន្នាការទេសចរណ៍ថ្មីនេះនៅតំបន់រមណីយដ្ឋានអង្គរ ដែលបានរួមចំណែកឱ្យរមណីយដ្ឋានទាំងមូលនៅតែជាកន្លែងទស្សនា និងហាត់កីឡាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទោះបីមិនមានវត្តមានភ្ញៀវទេសចរអន្តរជាតិច្រើនដូចមុន តែអង្គរនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាព ផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត។

ប្រភព៖ក្រសួងទេសចរណ៏

អត្ថបទ៖ Tep Sovannmoly

មតិយោបល់