• 2020-05-05 01:07:13
  • ចរាចរណ៍

៤ថ្ងៃ​ អនុវត្ត​ច្បាប់​ចរាចរណ៍៖ យានយន្ត​ជាង​ ១ម៉ឺន​គ្រឿង​ត្រូវបាន​ផាកពិន័យ​

  • 2020-05-05 01:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានយន្ត​ប្រមាណ​ជាង​មួយ​ម៉ឺន​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៧ ៨៩៨​គ្រឿង និង​រថយន្ត ២ ២៩៥​ គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចាប់​ផាកពិន័យ ដោយសារតែ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​យប់​ថ្ងៃទី​៤ ខែឧសភា ថា សម្រាប់​ការអនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​៤ ខែឧសភា សមត្ថកិច្ច​បាន​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ១ ៧៧៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១ ៣៧១​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤០៧​គ្រឿង ។​

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា “​បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព​នៅតែ​មាន​ចំនួន​ច្រើន បន្ទាប់មក​អត់​ស្លាក​លេខ និង​រំលោភ​ស្លាក​សញ្ញា​ចរាចរណ៍​ជាដើម​។ ដោយឡែក​សម្រាប់​រថយន្ត​ភាគច្រើន គឺ​អត់​ពាក់​ខ្សែក្រវាត់ និង​ល្បឿន ក្រៅពីនោះ​ល្មើស​ផ្លាកសញ្ញា​…​។​ល​។

យោងតាម​របាយការណ៍​បាន​បង្ហាញថា នៅ​ថ្ងៃទី​១ ខែឧសភា ដែល​ថ្ងៃ​ដំបូង​នៃ​ការអនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក (​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៤​រៀ​សល​) សមត្ថកិច្ច​នគរបាល​ចរាចរ ណ៍​អនុវត្ត​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់ ​២ ៦៥៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ២ ១៩៨​គ្រឿង និង​រថយន្ត ​៤៦០​គ្រឿង​។

  • នៅ​ថ្ងៃទី​២ ខែឧសភា នគរបាល​ច​រា ចរណ៍​ទូទាំងប្រទេស បាន​រកឃើញ​យានយន្ត​ល្មើស ចំនួន​ ៣ ០៨៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ ២ ៣៤៦​គ្រឿង និង​រថយន្ត ៧៤០​គ្រឿង​។

  • នៅ​ថ្ងៃទី​៣ ខែឧសភា នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​រកឃើញ​យានយន្ត​ល្មើស​ចំនួន ២ ៦៧១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១ ៩៨៣​គ្រឿង និង​រថយន្ត ៦៨៨​គ្រឿង​។

  • នៅ​ថ្ងៃទី​៤ ខែឧសភា បាន​រកឃើញ​យានយន្ត​ល្មើស​ចំនួន​សរុប​ចំនួន ១ ៧៧៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១/៣៧១​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤០៧​គ្រឿង ។​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងថា អ្នកប្រើប្រាស់​ផ្លូវ​ច្រើន​លើសលប់​ទូទាំងប្រទេស​បានបង្ហាញ​កាយវិការ​មនសិការ និង​ឆន្ទៈ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដោយ​គោរព​ច្បាប់ និង​គាំទ្រ​ចំពោះ​ចំណាត់ការ​។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នៅតែមាន​អ្នក​បំពាន​ទៅ​និង​ការប្រកាស​អប់រំ​របស់​សមត្ថកិច្ច ក៏ដូចជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ ។​

​អ្នកនាំពាក្យ​បញ្ជាក់ថា “​នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក យើង​ក៏បាន​ទទួល​ការ​តិះ​ទៀន​មួយចំនួន​ពី​បណ្តាញ​សង្គម និង​ពី​សំណាក់​សាធារណមតិ គឺ​មួយផ្នែក​ពាក់ព័ន្ធ​កាយវិការ​ឥរិយាបថ​អត្ត​ច​រិ​ក​បំពេញ​តួនាទី​ក្នុងការ​ត្រួតពិនិត្យ​រប​ស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​មានការ​ខុសឆ្គង​ជា​អត្តនោម័ត ទាំង​សីលធម៌ អាកប្បកិរិយា ពាក្យសំដី និង​មាន​សកម្មភាព​ខ្លះ​បានធ្វើ​លើស​ទៅនឹង​គោលការណ៍​ណែនាំ មិនជា​កំហុស​ធំដុំ​ទេ តែ​នេះ​ជា​ទិតៀន​​របស់​សាធារណមតិ​។

ជាមួយគ្នា​នោះដែរ ក៏​មានការ​បង្ហោះ​ព័​ត៍​មាន​មួយចំនួន​ដែល​សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យឡើងវិញ​ថា រឿង​នោះ​ពិត ឬ​មិន​ពិត​។ ទោះជា​យ៉ាងនេះ​ក្តី អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏បាន​ដាក់ចេញ​វិធានការ​បន្ថែម​ក្នុងការ​អប់រំ​ណែនាំ​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​លើ​ដងផ្លូវ​ឲ្យ​កែសម្រួល​អំពី​របៀបរបប​ផាកពិន័យ សីលធម៌​វិន័យ អាកប្បកិរិយា​របស់​ស​ម​ត្ថ​កិច្ច និង​បញ្ជា​បន្ថែម​ទៅដល់​ស្នងការ​នគរបាល​រាជធានី ខេត្ត ទាំងអស់ ដើម្បី​ចុះ​ត្រួតពិនិត្យ​ណែនាំ​ដល់​បងប្អូន​។ ដោយឡែក​ចំពោះ​ចំណុច ដែលមាន​ការខុសឆ្គង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ទទួលយក​ចំពោះ​ការ​តិះ​ទៀន​កែលំអរ ហើយ​យើង​នឹង​អប់រំ​ដល់​កងកម្លាំង​ឲ្យ​ល្អប្រសើរ​ឡើងវិញ​”៕

ប្រភព៖ រស្មីកម្ពុជា កែសម្រួល៖ វិបុត្រ

មតិយោបល់