• 2020-05-06 02:32:57
  • សេដ្ឋកិច្ច

ប្រាសាក់ ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា

  • 2020-05-06 02:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការបោះផ្សាយទទួលបានជោគជ័យកាលពីខែមេសា សញ្ញាបណ្ណសាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាដែលអនុញ្ញាតឱ្យចាប់ផ្តើមសកម្មភាពជួញដូរ។ មូលបត្របំណុលនេះ នឹងត្រូវបានជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជាក្រោមនិមិត្តសញ្ញា “PRA23A”។ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ គឺជាសញ្ញាបណ្ណទី ៦ ដែលត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងជាសញ្ញាបណ្ណទី ២ ដែលត្រូវបានធានាដោយស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី។

ស្ថាប័ន CGIF បានបញ្ជាក់ថា នេះគឺជាសញ្ញាបណ្ណទី ២ ដែលត្រូវបានធានាដោយស្ថាប័ន CGIF នៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ស្ថាប័ន CGIF បានធានា ១០០% លើសញ្ញាបណ្ណសាជីវកម្មប្រាសាក់ ដែលបានបោះផ្សាយលក់ចំនួន ១២៧,២ ប៊ីលានរៀល ដែលមានរយៈពេល ៣ ឆ្នាំជាមួយនឹងអត្រាគូប៉ុងថេរ ៧,៥០% ក្នុងមួយឆ្នាំ។ ការបោះផ្សាយមូលបត្របំណុលលើកទី ១ របស់ប្រាសាក់នេះ បង្ហាញពីការកៀរគរដើមទុនធំជាងគេតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជា។ សញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ត្រូវបានចុះបញ្ជីលក់ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+៣ (AMBIF) តាមរយៈការប្រើប្រាស់ទម្រង់ឯកសាររួមសម្រាប់ដាក់ពាក្យស្នើសុំការបោះផ្សាយក្នុងប្រទេសកម្ពុជាស្របតាមកម្មវិធីគំនិតផ្ដួចផ្ដើមវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ាន +៣ (ABMI)។

លោកស្រី Sun Guiying នាយកប្រតិបត្តិរបស់ ស្ថាប័ន CGIF បានមានប្រសាសន៍ថា «នេះជាកិត្តិយសរបស់យើងដែលបានបញ្ចប់ប្រតិបត្តិការសម្រាប់ដំណាក់កាលទីមួយនេះប្រកបដោយជោគជ័យក្នុងប្រទេសកម្ពុជា នៅពេលដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពជំងឺឆ្លងកូវីដ ១៩ និងបានទទួលការសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ប្រតិបត្តិការនេះគឺជាការបង្កើតសម័យកាលមួយដែលមិនត្រឹមតែបង្ហាញពីការបង្កើនដើមទុនធំជាងគេតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជាទេ ថែមទាំងជាប្រតិបត្តិការដែលផ្អែកលើទីផ្សារ និងត្រូវបានធ្វើបរិវិសកម្មទាំងអស់ដោយវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាផងដែរ ។ សញ្ញាបណ្ណនេះត្រូវបានបោះផ្សាយជាប្រាក់រៀល ដែល CGIF បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកតម្កើងប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជ្រោមជ្រែងចំពោះតម្រូវការដើមទុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេបំផុតដើម្បីធ្វើបំណែងចែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរូបវន្តបុគ្គលនៅក្នុងប្រទេសអំឡុងពេលដ៏លំបាកនេះ»។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ម.ក បានមានប្រសាសន៍ថា «មូលបត្របំណុលគឺជាទីផ្សាមូលធនថ្មីមួយដែលមានសុវត្ថិភាពនិងជាជំហានមួយដ៏ប្រសើរក្នុងការបង្កើនដើមទុនរយៈពេលវែង។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណរបស់ប្រាសាក់ជំរុញឱ្យប្រាសាក់អាចធ្វើពិពិធកម្មប្រភពមូលធនជាប្រាក់រៀល ទៅជាកម្ចីជាប្រាក់រៀលក្នុងការទ្រទ្រង់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម នៅតាមជនបទ និងសហគ្រិនជាស្ត្រី ក៏ដូចជាការលើកតម្កើងការប្រើប្រាស់ប្រាក់រៀលស្របទៅតាមការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែទូលាយ ។ សព្វថ្ងៃនេះ ក្នុងចំណោមផលបត្រកម្ចីសរុប ចំនួន ២.៦៧០ លានដុល្លាអាមេរិក យើងមានផលបត្រកម្ចីជាប្រាក់រៀល ចំនួន ១៣% និង ប្រមាណជា ៨០% ជាហិរញ្ញប្បទានទៅដល់ម្ចាស់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម ដែលជាស្ត្រី ។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងត្រូវបានប្រើប្រាស់ក្នុងការផ្តល់កម្ចីជូនដល់សាខារបស់ប្រាសាក់នៅតាមបណ្ដា ភូមិ ឃុំ »។ លោកបានបន្ថែមទៀតថាសញ្ញាបណ្ណសាជីវកម្មប្រាសាក់ ជាសញ្ញាបណ្ណដំបូងបំផុតដែលមានការធានាដោយស្ថាប័ន CGIF ដែលជាមូលនិធិ​បរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ដល់ស្ថាប័នហិរញ្ញវត្ថុ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។ ជារួម នេះគឺជាការវិនិយោគមួយដែលមិនមានហានិភ័យសម្រាប់អ្នកវិនិយោគិន។

លោកបានបន្តទៀតថា «តាងនាមឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងទីប្រឹក្សាសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ទាំងអស់ដែលបានជួយឱ្យសម្រេចបានលទ្ធផលជោគជ័យដូចថ្ងៃនេះ។ នេះជាសមិទ្ធផលដ៏ធំមួយរបស់ប្រាសាក់។ ខ្ញុំសូមកោតសរសើរចំពោះវិជ្ជាជីវៈ និងភាពស្មោះត្រង់របស់ទីប្រឹក្សាទាំងអស់។ លទ្ធផលនេះនឹងមិនអាចកើតឡើងសម្រាប់ពួកយើងឡើយក្នុងការកៀរគរទុនដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា តាមរយៈការបោះសញ្ញាបណ្ណ អំឡុងពេលដែលមានជំងឺរាតត្បាតជាសកល ប្រសិនបើគ្មានការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ពីក្រុមការងារ និងសង្ឃឹមថាស្មារតីដដែលនេះនឹងនៅតែបន្តនៅក្នុងគម្រោងអនាគតរបស់យើងផងដែរ»។

លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានមានប្រសាសន៍ថា «ការបោះផ្សាយ និងការធ្វើបរិវិសកម្មទាំងស្រុងដោយជោគជ័យនៃសញ្ញាបណ្ណប្រាសាក់ សឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនចំពោះផ្សារមូលធនកម្ពុជា និងចំពោះក្រុមហ៊ុនកម្ពុជា។ នេះគឺជាកិត្តិយសដ៏ធំធេងដែលយើងខ្ញុំបានជួយសម្រួលឱ្យមានប្រតិបត្តិការនេះកើតឡើង ពោលគឺយើងបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា និងស្ថាប័ន CGIF បានរួបរួមគ្នាដើម្បីបោះផ្សាយលក់មូលបត្របំណុលធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលធនរបស់ប្រទេសកម្ពុជា។ ប្រតិបត្តិការនេះនឹងផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតដើរតាម ហើយយើងខ្ញុំទន្ទឹងរង់ចាំនឹងសម្របសម្រួលដើម្បីឱ្យមានការកៀរគរមូលនិធិដោយជោគជ័យបែបនេះបន្ថែមទៀត»។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ជាគ្រឹះស្ថានដាក់ប្រាកបញ្ញើធំជាងគេបំផុតនៅកម្ពុជា។ ក្នុងខែមីនា ឆ្នាំ ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨០ សាខា និងម៉ាស៊ីនអេធីអឹម ចំនួន ១៣៨គ្រឿង គ្រប ដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទ ប្រកបដោយនិរន្តរភាព។

គិតត្រឹមថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុល ដែលបានកើនឡើងដល់ ២៧២៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជន ដែលបានកើនឡើងដល់ ១.៨១៨ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងដល់ ៣២៨១ លានដុល្លារអាមេរិក។

អំពីស្ថាប័ន CGIF៖

ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបានបង្កើតឡើងជាពហុភាគីដោយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (“អាស៊ាន”) ចិន ជប៉ុន កូរ៉េ (“អាស៊ាន+៣”) និង ធនាគារអភិវឌ្ឍន៍អាស៊ី(“ADB”)។ ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹងដើមទុនចំនួន ១.០៧៧,៦ លានដុល្លារអាមេរិក ដែលបានមកពីភាគីចូលរួមបរិច្ចាគ។ ក្នុងនាមជាផ្នែកសំខាន់នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងរូបិយប័ណ្ណក្នុងស្រុក និងទីផ្សារសញ្ញាបណ្ណក្នុងតំបន់ ក្នុងអាស៊ាន+៣។ ស្ថាប័ន CGIF បានចាប់ផ្តើមប្រតិបត្តិការធានារបស់ខ្លួននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ និងផ្តោតលើការផ្តល់ឥណទានជាចម្បងចំពោះសញ្ញាបណ្ណដែលបោះផ្សាយជារូបិយប័ណ្ណក្នុងស្រុក ដោយក្រុមហ៊ុនបោះផ្សាយដែលមានកេរ្តិ៍ឈ្មោះសក្ដិសមនឹងទទួលបានឥណទាន នៅក្នុងតំបន់អាស៊ាន+៣។ ។

អំពី ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ៖

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវ​សេវា​វិនិយោគគ្រប់បែបរួមមាន ការធានាទិញមូលបត្រ ការប្រឹក្សាយោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងឈ្មួញជើងសាមូលបត្រផងដែរ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយទស្សនាវដ្ដី Asiamoney។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១០ ហើយគឺជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញពីគណៈកម្មការមូលបត្រកម្ពុជាដើម្បីធ្វើប្រតិបតិ្តការអាជីវកម្មមូលបត្រ។ ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានទទួលនូវជោគជ័យពីប្រតិបត្តិការជាច្រើនដែលរួមមាន មូលបត្រកម្មសិទ្ធិ របស់ កំពង់ផែក្រុងព្រះសីហនុ (CSX listing: PAS) មូលបត្រកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (CSX listing: PPSP) សញ្ញាបណ្ណសាជីវកម្មដំបូងនៅកម្ពុជាដែលបោះផ្សាយហត្ថាកសិករលីមីតធីត (CSX listing: HKL21A) ធនាគារ ABA (CSX listing: ABAA22A) និងគម្រោងហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។ 

សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក

ការសាកសួរព័ត៌មាន៖ Pen.Sovannsoksitha@prasac.com.kh

+៨៥៥-១២ ៥០៥ ២៨៦ / +៨៥៥-១៦ ៥០៥ ២៨៦

គេហទំព័រ ប្រាសាក់៖ www.prasac.com.kh

សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងស្ថាប័ន CGIF និងការធានា

ការសាកសួរអំពីការធានា៖ guarantee_enquiries@cgif-abmi.org

ការសាកសួរព័ត៌មាន៖ media@cgif-abmi.org

+៦៣ ២ ៦៨៣ ១៣៤៣ / +៦៣ ៩០៨ ៨៩៩ ៣៩២៤

គេហទំព័រ ស្ថាប័ន CGIF៖ www.cgif-abmi.org

សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន អេសប៊ីអាយ

ការសាកសួរព័ត៌មាន៖ cf@sbiroyal.com

+៨៥៥ ២៣ ៩៩៩ ៥៩៥ / +៨៥៥ ៧៨ ៧៧៧ ០៦៤

គេហទំព័រក្រុមហ៊ុន អេសប៊ីអាយ៖ www.sbiroyal.com

មតិយោបល់