- 2020-05-17 00:24:00
- ព័ត៌មាន
វត្ថុប្រើប្រាស់១០ សល់ពីការវាយប្រហារគ្រាប់បែកបរមាណូនៅជប៉ុនកាលពីជាង ៧០ឆ្នាំមុន
- 2020-05-17 00:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុប្រើប្រាស់១០ សល់ពីការវាយប្រហារគ្រាប់បែកបរមាណូនៅជប៉ុនកាលពីជាង ៧០ឆ្នាំមុន
ចន្លោះមិនឃើញ
កាលពី ៧៥ឆ្នាំមុន (៦ សីហា ឆ្នាំ១៩៤៥) ជប៉ុនបានទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានឆក់យកជីវិតមនុស្សប្រហែល ១៤ម៉ឺននាក់។ រយៈពេលជាង ៧ទសវត្សកន្លងផុតទៅ មានវត្ថុមួយចំនួនបានរក្សាខ្លួននៅសល់ដល់បច្ចុប្បន្ន ដែលមានដូចជា កង់កូនក្មេង ប្រាក់កាក់ កម្ទេចកំទីអាវ កាតាប និងរបស់របរមួយចំនួនទៀតដែលត្រូវបានដាក់តាំងក្នុងសារមន្ទីរ Hiroshima Peace Memorial នៃប្រទេសជប៉ុន ដើម្បីរំលឹកពីអតីតកាលនៃអ្នកដែលបានជួបហេតុការណ៍នៅពេលនោះ។
១. កង់កូនក្មេង
រឿងរបស់កង់កូនក្មេងនេះត្រូវបានរៀបរាប់ក្នុងសៀវភៅកូនក្មេង សរសេរដោយអ្នកដែលនៅរស់ពីហេតុការណ៍នោះ គឺលោក Tatsuharu Kodama ក្នុងឆ្នាំ១៩៩៥។ នេះជាកង់របស់ក្មេងប្រុសម្នាក់ឈ្មោះShinichi Tetsutani ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នោះ។ ឪពុករបស់គេបានកប់សាកសពកូនប្រុស ជាមួយកង់ខាងលើ។២. តុក្កតាក្មេងស្រី
តុក្កតាមួយនេះជារបស់ក្មេងស្រីឈ្មោះ Chieko Suetomo ដែលជាកាដូពីឪពុកនាង។ បន្ទាប់ពីព្រឹត្តិការណ៍កើតឡើង ពីរបីថ្ងៃក្រោយ Chieko បានប្រទះឃើញតុក្កតានេះនៅក្នុងគំនរផ្ទះរបស់នាង។ Chieko បានរក្សាតុក្កតានេះ និងបានផ្ដល់ទៅឲ្យសារមន្ទីរហ៊ីរ៉ូស៊ីម៉ា។
៣. ប្រអប់អាហារ
នេះជាប្រអប់អាហាររបស់សិស្សវិទ្យាល័យម្នាក់ឈ្មោះ Shigeru Orimen។ ពីរបីថ្ងៃក្រោយព្រឹត្តិការណ៍កើតឡើង ម្ដាយរបស់គេបានរកឃើញប្រអប់អាហារនេះនៅជាប់នឹងសាកសព Shigeru Orimen។
៤. បំណែកអាវ
រូបខាងលើជាកម្ទេចកំទីអាវរបស់បុគ្គលិកក្រុមហ៊ុនអគ្គិសនីម្នាក់ឈ្មោះ Shigezo Kono។ បងប្រុសរបស់បុរសខាងលើបានរកឃើញសាកសពប្អូនប្រុសរបស់គាត់នៅក្នុងកន្លែងធ្វើការ។
៥. បំណែកអាវសិស្សសាលា
នេះជាបំណែកអាវសិស្សវិទ្យាល័យអាយុ១៣ឆ្នាំម្នាក់ឈ្មោះ Toshiaki Asahi ។ ក្រោយពេលរងគ្រោះដោយឆេះរោលលើខ្លួន Toshiaki ព្យាយាមរត់ចេញ និងបានស្លាប់ពេលនៅលើភ្លៅម្ដាយរបស់គេ។
៦. មួកការពារ
ខាងលើជាមួករបស់គ្រូបង្រៀនម្នាក់ឈ្មោះRyo Fukumaru។ អំឡុងពេលដែលគាត់ដឹកនាំសិស្សទៅទស្សនកិច្ចនៅរោងចក្រមួយ លោក Ryo បានរងគ្រោះដោយភ្លើងឆេះរោលពេញខ្លួន លើកលែងតែផ្នែកក្បាល។ សព្វថ្ងៃលោក Ryo នៅមានជីវិតរស់នៅឡើយ ប៉ុន្តែខ្លួនប្រាណគាត់នៅមានជាប់ស្លាកស្នាមរបួសពេញខ្លួន។
៧. កាតាបសិស្ស
នេះជាកាតាបរបស់ក្មេងស្រីឈ្មោះ Mitsuko Kawamura ដែលបានស្លាប់ក្នុងហេតុការណ៍នោះ។ កម្ទេចកំទីកាតាបនេះត្រូវបានបងស្រីរបស់ Mitsuko ប្រទះឃើញកន្លែងអង្គុយរៀនរបស់នាង។
៨. វ៉ាលី
វ៉ាលីនេះជារបស់លោក Tadayori Kihara ។ ខណៈពេលដែលលោកជិះកង់កាត់ស្ពានមួយ មានរលកកម្ដៅបក់បោកមកត្រូវខ្លួនលោករហូតឆេះរោល ទាំងវ៉ាលីផង។ លោកបានរស់នៅបានរយៈ២២ឆ្នាំក្រោយព្រឹត្តការណ៍នោះ និងបានផ្តល់វ៉ាលីនេះរក្សាទុកនៅសារមន្ទីរហ៊ីរ៉ូស៊ីម៉ា។
៩. កាបូបលុយ
ខាងលើនេះជាកាបួបលុយរបស់បុរសម្នាក់ឈ្មោះ Tsukushi Nishimura ។ គេប្រទះឃើញវានៅក្បែរកន្លែងធ្វើការរបស់លោករយៈពេលពីរសប្តាហ៍ក្រោយព្រឹត្តិការណ៍នោះ។
១០. កាក់
មួយសប្ដាហ៍ក្រោយព្រឹត្តិការណ៍ លោក Kinzo Imura បានរកឃើញដុំកាក់នៅក្នុងផ្ទះបងប្អូនរបស់ខ្លួន និងបានយកមករក្សាទុកនៅសារមន្ទីរហ៊ីរ៉ូស៊ីម៉ា៕
រូបភាព៖ CNN