• 2020-05-24 17:19:55
  • ព័ត៌មាន

ល្អាង​​ភ្នំ​ប្រាក់​ ​ប្រៀប​ដូច​ដាន​នាគដ៏​អាថ៌កំបាំង ​នៅខេត្ត​​ស្ទឹងត្រែង​ (វីដេអូ)

  • 2020-05-24 17:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្អាង​ភ្នំ​ប្រាក់​ ដែល​ស្ថិតនៅក្នុងរបៀងអភិរក្សជីវៈចម្រុះ​ ក្នុងភូមិវើនសៀន​ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅ​តែ​ជា​ចម្ងល់​ស្រាយ​មិន​ចេញ​ ​របស់​អ្នក​​ភូមិ​ ​និង​ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​ទស្សនា​ ពី​មូលហេតុ​នៃ​ការ​កកើត​របស់​វា។

លោក​ យ៉េន ម៉ី ​​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​​តំបន់​អូរស្វាយ​ ធ្លាប់​​បាន​ថ្លែង​ប្រាប់​ Sabay ​ថា ​ពុំ​​ទាន់​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​​ នៃ​ការ​កកើត​ល្អាង​​នេះ​នៅ​ឡើយ​ទេ មិន​ដឹង​ថា​ វា​កើត​ដោយ​ធម្មជាតិ ឬ​ក៏​មនុស្ស​ជា​អ្នក​​ដាប់​ថ្ម​ធ្វើ។ វា​មាន​​ប្រវែង​រាប់​រយ​ម៉ែត្រ​ ​ក្នុង​ថ្ម​ជម្រៅ​ជាង​មួយ​ម៉ែត្រ និង​បត់​បែន​ប្រៀប​ដូច​ជា​ដាន​ពស់ ឬ​នាគ​វៀរ​ដូច្នោះ​ដែរ។ បុរស​វ័យ​​ ជាង ៥០ឆ្នាំ បាន​​បន្ត​ថា៖ «តាំង​ពី​​ខ្ញុំ​ធំ​ឡើង​ ​​ឆ្លង​កាត់​​សម័យ​សង្គ្រាម​មក​ដល់​ពេល​នេះ​ ​ខ្ញុំ​ក៏​ឃើញ​ ល្អាង​ភ្នំ​ប្រាក់​​​បែប​នេះ​រហូត​​មក ហើយ​ពេល​សួរ​ចាស់ៗ ក៏​​ពួកគាត់​មិន​ដឹង​ដូច​គ្នា"។

​អ្នក​ស្រី​ ហម ចាន់ថន ​​​អ្នក​​នាំ​ភ្ញៀវ​ទេសចរណ៍​​នៅ​រមណីយដ្ឋាន​អូរស្វាយ​ ​​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​អ្នក​ស្រី​ក៏​​មិន​បាន​ដឹង​ពី​ប្រវត្តិ​​នៃ​ការ​កកើត​ល្អាង​ភ្នំ​ប្រាក់​នេះ​ដូច​គ្នា។ ល្អាង​ភ្នំ​ប្រាក់​​នេះ​ស្ថិត​នៅ​កណ្តាល​ព្រៃ​សហគមន៍​ដែល​​ក្លាយ​ជា​តំបន់​​ដ៏​អស្ចារ្យ​សម្រាប់​បោះ​ជំរំកម្សាន្ត។ រហូត​ដល់​ពេល​នេះ មាន​​​​ភ្ញៀវ​ទេសចរ​តិច​តួច​បំផុត​​​បាន​ទៅ​ដល់​ទីនោះ​ រួម​ទាំង​ភ្ញៀវ​បរទេស​២​ឬ​៣​នាក់​ ក៏​ធ្លាប់​ទៅ​ផ្ដិត​រូបភាព​ដែរ ហើយ​ក៏​មិន​ដឹង​មូលហេតុ​។ រីឯ​​​ឯកសារ​​ក៏​គ្មាន​​​ផង​ដែរ ដូច្នេះ​ហើយ​ទើប​​វា​ នៅ​តែ​​ចម្ងល់​មួយ រហូត​ដល់​សព្វ​ថ្ងៃ។

ល្អាង​ភ្នំ​ប្រាក់​ ​ស្ថិត​នៅ​ជើង​ភ្នំ​ប្រាក់ មាន​ចម្ងាយ​ប្រហែល​​​ ១៨​គីឡូម៉ែត្រ​ ​ពី​ឃុំ​​អូរស្វាយ។ ដើម្បី​ទៅ​ដល់​ល្អាង​​ភ្នំ​​​​មួយ​នេះ​ ​​​ភ្ញៀវ​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​​ដោយ​ជិះ​ទូក​​តាម​ដៃ​ទន្លេ​មេគង្គ​ ​រយៈពេល​ប្រហែល​១​ម៉ោង​ ទើប​ដល់​ភូមិ​វឿនសៀន ​រួច​​បន្ត​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬ​ជិះ​គោយន្ត​​​ចូល​ទៅ​​​ព្រៃ​៣​គីឡូម៉ែត្រ​ទៀត៕

សូមទស្សនា​វីដេអូវពីកម្មវិធីផ្លូវទៅស្រុក វគ្គ១ របស់ Sabay ដែលថតកាលពីចុងឆ្នាំ២០១៦ ខាងក្រោមនេះ៖

រូបភាព​ល្អាងភ្នំប្រាក់ បង្ហោះដោយផេកមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ

សូមទស្សនា​រូបភាព​ល្អាងភ្នំប្រាក់ ថតដោយ Sabay កាលពីចុងឆ្នាំ២០១៦ ដូចខាងក្រោម៖

អត្ថបទ៖ ជីវ័ន្ត​

មតិយោបល់