• 2020-05-25 15:17:13
  • ព័ត៌មាន

រំជួលចិត្ត! ប្រវត្តិ​សុនខ​​ភក្ដី​​​ ​Hachiko ដ៏​កម្សត់​របស់​​​ជប៉ុន

  • 2020-05-25 15:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ស្ថានីយរថភ្លើង​ ​Shibuya សារមន្ទីរ ​Akita និង​នៅ​សាកលវិទ្យាល័យ​​តូក្យូប្រទេស​ជប៉ុន គេ​​​ឃើញ​មាន​​រូប​សំណាកសត្វ​សុនខ​​មួយ​​ក្បាល។ រូប​សំណាក​​នោះ​ ត្រូវ​គេ​ធ្វើ​​​​​​ឡើង​​ដើម្បី​តំណាង​ឲ្យ​​​សត្វ​សុនខ​​​ឈ្មោះ​ Hachiko ​​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ម្ចាស់​របស់​វា។ វា​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​នៃ​ភាព​ស្មោះ​ត្រង់ និង​​​​​ស្ថិត​ជាប់​ក្នុង​បេះ​ដូង​​​​ប្រជាជន​​ជប៉ុន​​ទាំង​ឡាយ​។

Hachiko

រូប​សំណាក​ Hachiko

ប្រវត្តិ​សុនខ Hachiko

Hachiko ​​បាន​កើត​នៅ​ឆ្នាំ​១៩២៣​ ​ក្នុង​​កសិដ្ឋាន​​មួយ ​នៅ​ក្រុង​ Odate ​​នៃ​ខេត្ត​ Akita។ វា​ត្រូវ​បាន​​សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ Hidesaburo Ueno យក​មក​ចិញ្ចឹម​ និង​ចាត់​ទុក​​វា​ដូច​​​សមាជិក​ក្រុម​គ្រួសារ​​​ដែរ។ ជា​រៀង​រាល់​ថ្ងៃ Hachiko​​ តែង​ជូន​ដំណើរ​ម្ចាស់​វា​ទៅ​​ដល់​ស្ថានីយ​រថភ្លើង ​Shibuya ហើយ​ក៏តែង​​រង់​ចាំ​​ពេល​លោក​​សាស្ត្រាចារ្យ​ត្រលប់​​មក​ពី​ធ្វើ​ការ​វិញ​ដែរ។

dog

​រង់​ចាំ​ម្ចាស់​​ មិន​ឃើញ​ត្រលប់​មក​វិញ​​

ក្នុង​ឆ្នាំ​១៩២៥​ ជា​អកុសល​លោក​សាស្ត្រាចារ្យ​ដែល​ជា​​ម្ចាស់​​របស់ Hachiko​ បាន​ស្លាប់​ដោយ​សារ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​មិន​អាច​វិល​​ត្រលប់​មក​ជួប​គ្រួសារ ព្រម​ទាំង​សុនខ​​ Hachiko ជា​រៀង​រហូត។ Hachiko​ បាន​រង់​ចាំ​ម្ចាស់​របស់​ខ្លួន​រៀងរាល់ថ្ងៃ រយៈ​ពេល​១០ឆ្នាំ មិន​ដែល​ខាន​មួយ​ថ្ងៃ​ណា​ឡើយ បើ​ទោះ​បី​ជា​វា​​​ត្រូវ​​បាន​មើល​ថែ​រក្សា​​​​ពី​ក្រុម​គ្រួសារ​លោក​សាស្ត្រាចារ្យ​ក្ដី​។ វា​តែង​តែ​ទៅ​រង់​ចាំ​​​​យ៉ាង​អន្ទះសារ​ នៅ​ពេល​​​រថភ្លើង​ស្ថានីយ​ ប៉ុន្តែ​ការ​រង់ចាំ​ជួប​ម្ចាស់​របស់​ខ្លួន ពុំ​បាន​ក្លាយ​ជា​ការ​ពិត​នោះ​ឡើយ។

dog1

​​ភាព​ស្មោះ​ត្រង់​របស់ ​Hachiko ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ជប៉ុន​​

រឿង​របស់​សុនខ​ដែល​មាន​ភក្ដីភាព​ចំពោះ​ម្ចាស់ ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដំណើរ រហូត​ល្បី​ដល់​​​​ប្រជាជន​ជប៉ុន​​ជា​ច្រើន​ទៀត ដែល​​ធ្វើ​ឲ្យ​ពួក​គេ​​នាំ​គ្នា​មក​មើល​​សុនខ​ Hachiko ដល់​ស្ថានីយ៍​រថភ្លើង។ ​អ្នក​ដំណើរ និង​បុគ្គលិក​ស្ថានីយ​រថភ្លើង ​ដែល​ធ្លាប់​ដឹង​រឿង​របស់​ Hachiko និង​ម្ចាស់​​ សុទ្ធ​តែ​រំជួល​ចិត្ត​ ពេល​ឃើញ​វា​ចាំ​ម្ចាស់​​ដែល​មិន​អាច​ត្រលប់​មកជួប​បែប​នេះ។ ក្នុង​​ខែ​មិនា​​ឆ្នាំ​១៩៣៥​  ពោល​គឺ​១០ឆ្នាំ​នៃ​ការ​រង់​ចាំ សត្វ​សុនខ​ដែល​​​មាន​ភក្ដី​ភាពនេះ​​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ងាប់​​​នៅ​លើ​ដង​​ផ្លូវ​នៃ​សង្កាត់​ Shibuya។ ក្រុម​គ្រួសារ​របស់​លោក​សាស្ត្រាចារ្យ​ និង​បុគ្គលិក​នៃ​ស្ថានីយ​រថភ្លើង​ បាន​ធ្វើ​បុណ្យ​​កាន់​ទុក្ខ​ ឯ​​រូប​​សំណាកក៏​​ត្រូវ​បាន​គេ​ធ្វើ​​ឡើង​​ ដើម្បី​រំលឹក​ពី​ភក្ដីភាព​របស់​វា​។  

dog3

ក្នុង​ឆ្នាំ​២០០៩ រឿង​​រ៉ាវ​សត្វ​សុនខ​ស្មោះ​ត្រង់ ​​ត្រូវ​​បាន​បរិយាយ​ក្នុង​ភាពយន្ត​ហូលីវូដ​មួយ​ដែល​មាន​​​ចំណង​ជើង​ថា Hachi: A dog's Tale ដែល​ផ្អែក​លើ​រឿង​ពិត​របស់​​សត្វ​សុនខ​ Hachiko។

​សព្វ​ថ្ងៃ​រូប​សំណាក​របស់​សត្វ​សុនខ​មួយ​នេះ​ត្រូវ​បាន​​គេ​ធ្វើ​ឡើង​ នៅ​តាម​ទី​កន្លែង​ជា​ច្រើន ដូច​ជា​ស្ថានីយ​​រថភ្លើង Shibuya និងនៅ​សារមន្ទីរ ​Akita ជា​ដើម​ ហើយ​​ផ្នូរ​របស់​វា​ ក៏​ត្រូវ​បាន​គេ​​ធ្វើ​ជិត​ផ្នូរ​របស់​​លោក​សាស្ត្រាចារ្យ Ueno ផង​ដែរ។ សត្វ​សុនខ​ Hachiko បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ភាព​ស្មោះ​ត្រង់​ ​​​​សម្រាប់​ប្រជាជន​ជប៉ុន​ដោយ​​សារ​ភក្ដីភាព​របស់​វា​ចំពោះ​ម្ចាស់៕

ខ្សែភាពយន្ត Hachi: A dog's Tale ដែល​លេង​តាម​រឿងពិត​របស់​សុនខ Hachiko៖

dog2
 

ប្រភព៖ elitereaders ប្រែ​សម្រួល៖ រតនា

មតិយោបល់