- 2020-05-27 02:47:09
- ព័ត៌មាន
នៅផ្ទះអត់ធ្វើអីសោះ ចេះតែមានអារម្មណ៍ល្វើយៗ នេះអាចជាមូលហេតុ និងដំណោះស្រាយ
- 2020-05-27 02:47:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅផ្ទះអត់ធ្វើអីសោះ ចេះតែមានអារម្មណ៍ល្វើយៗ នេះអាចជាមូលហេតុ និងដំណោះស្រាយ
ចន្លោះមិនឃើញ
រយៈពេលជិតកន្លះឆ្នាំហើយដែលមេរោគកូវីដបានផ្ទុះឡើង ធ្វើឲ្យគ្រប់គ្នាពិបាកចេញក្រៅ ជួបជុំមិត្តភ័ក្ដិ, ទៅធ្វើការ, និងទៅសាលារៀន។ ស្ថានការណ៍នេះបានផ្លាស់ប្ដូរ ទម្លាប់នៃការរស់នៅស្ទើរទាំងស្រុង។ ធ្លាប់គិតថានៅផ្ទះច្រើនមិនចំណាយកម្លាំង មិនសូវហត់នឿយប៉ុន្តែផ្ទុយទៅវិញ មនុស្សភាគច្រើនមានអារម្មណ៍ថាធុញថប់ អស់កម្លាំង និងល្វើយៗរហូត ។
ខាងក្រោមនេះអាចជាមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះ ៖
១. បញ្ហាផ្លូវចិត្ត ៖ ការសិក្សាបានបង្ហាញថា ភាពនឿយហត់ បណ្ដាលមកពីភាពតានតឹង ថប់អារម្មណ៍ អផ្សុកដោយសារមិនបានចេញពីផ្ទះ។ ម្យ៉ាងការងារ ឬ របររកស៊ីសុទ្ធតែរងការប៉ះពាល់ដោយសារកូវីដ ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ស្មុគស្មាញ គិតច្រើន ហើយទៅជាស្រេ្តស និងដេកមិនលក់ថែមទៀត។
២. ចំណាយពេលនៅលើគ្រែច្រើនពេក (ទម្រន់ ) ៖ ភាគច្រើនអ្នកចំណាយពេលនៅក្នុងបន្ទប់គេងច្រើន បន្ទាប់ពីភ្ញាក់ពីដំណេកមិនដឹងធ្វើអី ។ អ្នកខ្លះនៅចុចទូរសព្ទលើគ្រែយូររាប់ម៉ោង ដែលបណ្តាលឲ្យខ្លួនប្រាណស្ពឹកស្រពន់ ដោយសារដេកយូរ ឈាមក្នុងខ្លួនរត់មិនស្រួល ឬ គេច្រើនហៅថា "ពុលដំណេក " ដែលចង់តែដេក រហូតមិនចង់ក្រោកទាល់តែសោះ។
៣. ចំណាយពេលច្រើនជាមួយអ៉ីនធឺណិត ឬ មើលទូរទស្សន៍ ៖ ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃក្នុងស្ថានការណ៍នេះពិតជាសំខាន់។ ប៉ុន្តែនៅមុខកុំព្យូទ័រ ឬកញ្ចក់ទូរស័ព្ទច្រើនពេក (ច្រើនជាង ៥ម៉ោង) បណ្ដាលឲ្យអ្នកមានអារម្មណ៍ចេះតែអស់កម្លាំងទៅរហូត ព្រោះភ្នែកប្រឹងសម្លឹងមើល ឯខួរក្បាលវិញដិតដាមជាមួយរឿងក្នុងទូរស័ព្ទ ខ្លះធ្វើឲ្យជក់ដល់ថ្នាក់ភ្លេចញុំាបាយទឹកក៏មាន។
៤. ខួរក្បាលមិនសូវដំណើរការ ៖ ដោយសារមានពេលវេលាទំនេរច្រើនពេក មិនបានធ្វើអ្វីទាំងអស់ធ្វើឲ្យខួរក្បាល ចាប់ផ្ដើមបិទ និងចាប់ផ្ដើមអស់កម្លាំង។
៥. កង្វះសកម្មភាព៖ នៅពេលមិនសូវធ្វើចលនា រាងកាយអ្នកនឹងខ្វះសមត្ថភាពក្នុងការទទួលអុកស៊ីសែន ដែលធ្វើឲ្យកម្រិតថាមពលធ្លាក់ចុះ។
៦. ខ្វះជីវជាតិដែក ៖ អ្នកនឹងមានសភាពស្លេកស្លាំង ចេះតែហត់ ងងុយដេក ល្វើយៗ ឈឺក្បាល និងមួម៉ៅច្រើន ។ មូលហេតុចម្បងដែលបណ្តាលឲ្យខ្វះជាតិដែក គឺរបបអាហារមិនត្រឹមត្រូវ។
៧. បន្ទប់ខ្វះខ្យល់ចេញចូល ឬ ពន្លឺ៖ អ្នកខ្លះយល់ថាបន្ទប់គេង មិនគួរមានពន្លឺចូលពេកទេ អាចរំខានដល់ដំណេក ។ នេះគឺជាការយល់ខុសទាំងស្រុង។ បន្ទប់គេងប្រកបដោយផាសុកភាព ទាមទារឲ្យមានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់។ ជាក់ស្តែង ប្រសិនបើបន្ទប់អ្នកខ្វះខ្យល់ចេញចូល និងពន្លឺ នឹងធ្វើឲ្យអ្នកគេងមិនចង់ងើបឡើយ ឬ ភ្ញាក់ពីដំណេកទាំងមិនស្រឡះ។
បញ្ហាទាំងអស់នេះ សុទ្ធតែអាចដោះស្រាយបាន ដោយការផ្លាស់ប្ដូរទម្លាប់រស់នៅ ឬធ្វើខ្លួនឲ្យរវល់។ ប៉ុន្មានចំណុចខាងក្រោមនេះ អាចឲ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ និងពោរពេញដោយថាមពលឡើងវិញ ដូចជា ៖
១. គេងឲ្យគ្រប់គ្រាន់ (ចូលគេងទៀងម៉ោង) ៖ ទម្លាប់គេង និងក្រោកពីគេងឲ្យទៀងទាត់ ទោះមិនចេញទៅណាក៏ដោយ។ ខួរក្បាលអ្នកប្រៀបបាននឹងកម្មវិធីមួយអីចឹងដែរ បើអ្នកចូលគេងទៀងម៉ោងរាល់យប់ វានឹងចាប់យកទម្លាប់នោះយ៉ាងល្អ។
២. ផ្លាស់ប្ដូរចលនាពេលធ្វើការ ៖ បើអ្នកធ្វើការនៅមុខកុំព្យូទ័រច្រើន អ្នកអាចសាកល្បងឈរធ្វើការ វាអាចឲ្យអ្នកមានអារម្មណ៍ថាខ្លួនប្រាណមានសកម្មភាព និងចរន្តឈាមដើរស្រួល។
៣. ញ៉ាំអាហារសុខភាព ៖ ដោយសារនៅផ្ទះមិនសូវត្រូវពន្លឺថ្ងៃ និងប្រើថាមពលច្រើនដូចនេះ អ្នកគួរញ៉ាំអាហារដែលសម្បូរវីតាមីន C និងប្រូតេអ៉ីនឲ្យបានច្រើន ដើម្បីជួយទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អ និងបង្កើនកម្លាំងក្នុងខ្លួន។
៤. តុបតែងខ្លួនឲ្យស្រស់ស្អាត ៖ អ្នកខ្លះអត់ត្រូវចេញពីផ្ទះ មិនខ្វល់រឿងតែងខ្លួនឡើយ ដូចជាខ្ជិលលាបឡេ ផាត់ម្ស៉ៅ ឬ សិតសក់ជាដើម។ ជាក់ស្តែងសម្រស់ពាក់ព័ន្ធនឹងផ្លូវចិត្តរបស់អ្នក ប្រសិនបើអ្នកចង់ឲ្យមានអារម្មណ៍ស្រស់ស្រាយ គួរតុបតែងខ្លួនជាប្រចាំ ឬស្លៀកពាក់ឲ្យស្រស់ស្អាតតាមរបៀបនៅផ្ទះថតរូបទុកមើលលេងក៏បាន។
៥. រៀនធ្វើនំ ឬធ្វើម្ហូប ៖ បានទាំងចំណេះដឹង និងកម្សាន្តអារម្មណ៍ផងដែរ រៀនធ្វើនំ ឬធ្វើម្ហូបធ្វើឲ្យអ្នកមានចលនា ទាំងរាងកាយ និងខួរក្បាល។
៦. បង្កើតល្បែងកម្សាន្ត ៖ រីករាយជាមួយក្មេងតូចៗ ក្នុងគ្រួសារដោយបង្កើតល្បែងដូចជា៖ រត់ប្រណាំង, លោតអន្ទាក់, ដោះប្រស្នា លេងបិទពួន ឬ បង្រៀនក្មេងធ្វើកិច្ចការសាលាជាដើម។ មួយវិញទៀត អ្នកអាចបង្កើតសកម្មភាពផ្សេងៗជាមួយសត្វចិញ្ចឹមរបស់អ្នក។
៧. ធ្វើការងារផ្ទះ (ចាត់ទុកដូចការហាត់ប្រាណ) ៖ ការងារផ្ទះ ដូចជា បោសផ្ទះ ជូតផ្ទះ រៀបចំអីវ៉ាន់ ទុកដាក់ឲ្យមានរបៀប ប្រៀបបាននឹងលំហាត់ប្រាណដ៏ល្អសម្រាប់រាងកាយអ្នក ព្រោះអ្នកអាចធ្វើចលនាអោនងើបបានទាំងដៃ និងជើងព្រមគ្នា ពិសេសចំណេញបានស្អាតផ្ទះទៀត។
៨. ហាត់កីឡា ឬ រាំលេងពេលនៅផ្ទះ ៖ អ្នកគួររៀបចំម៉ោងពេលហាត់កីឡា យ៉ាងហោចណាស់ឲ្យបាន ៣០នាទី ទៅ១ម៉ោងជារៀងរាល់ថ្ងៃ នៅពេលព្រឹក និង ពេលល្ងាច។ បើមិនដឹងត្រូវហាត់អីល្អ ឲ្យបែកញើស អ្នកអាចរៀនរាំតាមចង្វាក់ភ្លេងដែលអ្នកចូលចិត្តក៏បាន។ ធ្វើបែបនេះបានតែ ២សប្តាហ៍ប៉ុណ្ណោះអ្នកនឹងឃើញលទ្ធផលប្លែក ដែលផ្តល់ភាពវិជ្ជមានចំពោះសុខភាព។ ពេលហាត់ប្រាណ កុំភ្លេចញុំាទឹកឲ្យបានច្រើនផង ទើបរាងកាយបញ្ចេញញើសបានល្អ៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព