• 2020-05-28 05:32:49
  • ព័ត៌មាន

មានដឹងអត់ ! តើមណ្ឌលកីឡាហែលទឹកក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបងសម្រេចបានប៉ុន្មានភាគរយហើយ?

  • 2020-05-28 05:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រី រាជការជុំវិញខេត្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យបាត់ដំបង។

មណ្ឌលហែលទឹកនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើងតាមស្តង់អន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណពីរលានដុល្លារសហរដ្ឋអាមេរិក គ្រោងចំណាយពេលសាងសង់ប្រមាណ២៤ខែ ហើយគិតរហូត មកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ៦៩,៥ ភាគរយហើយ។

លើសពីនេះទៀត មណ្ឌលហែលទឹកនេះរួមមាន៖ កន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ បន្ទប់ឃ្លាំង បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទឹកកីឡាករកីឡាការីនី បន្ទប់ទឹកសាធារណៈ ទីធ្លាចំណតរថយន្តនិងទោចក្រយានយន្ត អាគារពហុបំណង បន្ទប់ពិសេសសម្រាប់គណៈអធិបតី បន្ទប់បញ្ជាការប្រកួត បន្ទប់ សង្គ្រោះបន្ទាន់ បន្ទប់អាជ្ញាកណ្តាល កន្លែងសម្រាករយៈពេលខ្លីក្នុងពេលប្រកួត បន្ទប់ស្នាក់នៅសម្រាប់ កីឡាករទាំងពីរភេទ បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ។

មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឱ្យកីឡាករ កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាដើម្បីសុខភាព ឬក៏ដូច ជាដើម្បីត្រៀមចូលរួមដណ្តើមយកមេដាយក្នុងការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ នៃការប្រកួត៕

ប្រភព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់