• 2020-05-28 06:28:26
  • ព័ត៌មាន

មុននឹងបានចំណាត់ថ្នាក់ ផ្កាយ១ ដល់ ផ្កាយ៥ សណ្ឋាគារត្រូវតែមានចំនុចទាំងអស់នេះ

  • 2020-05-28 06:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

យោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីអំពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ត្រង់មាត្រា៧ ជំពូកទី២ ការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ បានបញ្ជាក់ថា គោលការណ៍សម្រាប់វិនិច្ឆ័យផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍មានដូចជា៖

ស្លាកសញ្ញាបញ្ជាក់សណ្ឋាគារចំណាត់ថ្នាក់ផ្កាយ១ ដល់ផ្កាយ៥ រូប៖ cambodiatourismrating.org
  • ទីតាំង ស្ថាបត្យកម្ម និងទិដ្ឋភាពទូទៅ ដោយរាប់បញ្ចូលទាំងគុណភាព និងលក្ខខណ្ឌផ្នែកខាងក្រៅអាគារ ទស្សនីយភាព ទីសាធារណៈក្នុងអគារ និងបន្ទប់ភ្ញៀវ
  • ការបំពាក់សម្ភារៈ បរិក្ខារ ដោយរាប់បញ្ចូលផ្ទៃកម្រាល និងជញ្ជាំង វាំងនន អគ្គិសនីបំភ្លឺ ប្រព័ន្ធប្រើប្រាស់ អគ្គិសនី គ្រឿងសង្ហារឹម ព័ត៌មាន និងទូរគមនាគមន៍
  • អនាម័យ និងការថែទាំង ដោយរាប់បញ្ចូលបន្ទប់ភ្ញៀវ បន្ទប់ទឹក កន្លែងសាធារណៈ កន្លែងកម្សាន្ត
  • សេវា និងគុណភាពសេវា ដោយរាប់បញ្ចូលឯកសណ្ឋាន អាកប្បកិរិយារបស់បុគ្គលិកចំពោះភ្ញៀវ ការគ្រប់គ្រង និងទំនាក់ទំនងរវាងបុគ្គលិក និងភ្ញៀវ សុវត្ថិភាព និងសន្តិសុខភ្ញៀវ
  • សេវាកម្មផ្តល់ម្ហូបអាហារ ដោយប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាព និងអនាម័យរាប់បញ្ចូលភោជនីដ្ឋាន ការបម្រើអាហារដល់បន្ទប់ គុណភាពម្ហូបអាហារ ចំនួនមុខម្ហូប ការរៀបចំតុ និងពិធីផ្សេងៗ ភ្លេងប្រពៃណី និងរបាំបុរាណខ្មែរ។

ក្រៅពីចំណុចធំទាំង ៥ខាងលើនេះ ក៏នៅមានចំណុចតូចៗជាច្រើនផ្សេងទៀតសរុបទាំងអស់មាន ១២៦ចំណុច ដែលត្រូវពិនិត្យក្នុងសណ្ឋាគារនីមួយៗ។

ទិដ្ឋភាពសណ្ឋាគារចំណាត់ថ្នាក់ផ្កាយ៥ បុរីអង្គរ នៅខេត្តសៀមរាប រូបថត៖ boreiangkor.com

មាត្រា៨បានបញ្ជាក់ថា លក្ខខណ្ឌដើម្បីទទួលចំណាត់ថ្នាក់ផ្កាយនេះក៏តម្រូវឲ្យសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ត្រូវមាន៖

  • ត្រូវមានការចុះបញ្ជីពាណិជ្ជកម្ម
  • អគារសំណង់ត្រូវមានលិខិតអនុញ្ញាត និងការទទួលស្គាល់ជាផ្លូវការ
  • មានវិញ្ញាបនបត្រធានារ៉ាប់រង
  • អគារស្នាក់នៅត្រូវធានាសន្តិសុខ សុវត្ថិភាព បង្ការអគ្គីភ័យ
  • ការពារបរិស្ថាន
  • មានអនាម័យល្អ
  • អនុវត្តតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗទៀតរបស់រដ្ឋ។

ចំណាត់ថ្នាក់ផ្កាយនេះក៏តម្រូវឲ្យសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នេះមានសុពលភាពរយៈពេល ២ឆ្នាំតែប៉ុណ្ណោះ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់