• 2020-06-01 08:00:12
  • ព័ត៌មាន

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ និង៥៣១បំណែកកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

  • 2020-06-01 08:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបិយ នៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន ៧១១បំណែក ដែលប្រមូលបានពីប្រជាជន និងនៅតាមប្រាសាទទាំង៩១ ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាព និងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឱ្យដឹងថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែក ដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គ ឬជើងទម្របំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ ក្រៅពីការចុះបញ្ជីវត្ថុសិល្បៈដែលបានទទួលពីប្រជាជន និងកំណាយស្រាវជ្រាវផ្សេងៗខាងលើ ក្រុមចុះបញ្ជីក៏បានចុះបញ្ជីវត្ថុសិល្បៈដែលនៅជុំវិញបរិវេណប្រាសាទទាំង៩១បានមួយចំនួនដែរ។

ការចុះបញ្ជីវត្ថុសិល្បៈដែលនៅតាមប្រាសាទទាំង៩១នេះ គឺមានគោលបំណងចងក្រងឯកសារ កំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះដើម្បីចូលរួមទប់ស្កាត់ការចល័តឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ នៅក្នុងទម្រង់នៃការកំណត់អត្តសញ្ញាណនេះ គឺបានផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗ ហើយព័ត៌មានទាំងនេះឯងដែលអាចជួយសម្រួលដល់ការងារជួសជុល និងការទាមទារត្រឡប់មកវិញក្នុងករណីបាត់បង់ណាមួយ។

លោក សុម៉ាឡា បន្តទៀតថា ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាកេរមរតកបេតិកភណ្ឌ ត្បិតអតីតរាជធានីនៃចក្រភពអង្គរ មានវិសាលភាពធំធេងណាស់ ហើយនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលកំពុងនៅរាយប៉ាយលើដីនិងក្រោមដី ដែលត្រូវបន្តចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាបន្តបន្ទាប់។

តួយ៉ាងដូចជាថ្មីៗនេះ ក្រុមការងារចុះបញ្ជីសារពើភណ្ឌបានប្រមូលចម្លាក់ព្រះពុទ្ធបដិមានិងវត្ថុសិល្បៈផ្សេងទៀតដែលមានចំនួន៥៣១បំណែកពីរោងឆ្មាំខាងត្បូងប្រាសាទអង្គរវត្ត យកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការសិក្សាបន្ថែមរង់ចាំការងារជួសជុលនាពេលខាងមុខ។ កិច្ចការចុះបញ្ជីវត្ថុសិល្បៈបេតិកភណ្ឌរូបីនៅក្នុងរមណីយដ្ឋានអង្គរនៅតែបន្តជាប្រចាំ ដើម្បីចូលរួមថែរក្សា និងការពារវត្ថុសិល្បៈនានានៅតាមប្រាសាទទាំង៩១ ឱ្យមានអត្តសញ្ញាណច្បាស់លាស់ ទប់ស្កាត់ការចល័តនិងការបាត់បង់៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ Tep Sovannmoly

មតិយោបល់