• 2020-06-06 03:52:49
  • ព័ត៌មាន

ផល ពិសាល​៖ ​ខ្ញុំ​មិន​រំពឹង​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​សារ​ខ្ញុំ​​​ឲ្យ​តម្លៃ​លើ​វប្បធម៌​ចែករំលែក និង​ការ​ធ្វើ​ល្អ​បានល្អ

  • 2020-06-06 03:52:49
  • ចំនួនមតិ 32 | ចំនួនចែករំលែក 64

ចន្លោះមិនឃើញ

ស្របពេលនឹង​ការ​ផ្ទុះ​ឡើង និងការ​រីករាលដាល​នៃជំងឺ​កូវីដ១៩ នៅ​លើ​សាកលលោក​ គម្រោង​មួយ​របស់​ ធី អឹម អេហ្វ (TMF) ដែល​មានឈ្មោះថា "ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុត​គ្រា​លំបាក​នេះជាមួយគ្នា" ក៏ត្រូវបាន​ផ្ដួចផ្ដើមឡើង។

គម្រោងនេះ​បង្កើត​ឡើង​ក្នុង​បុព្វហេតុ​សង្គម​ដោយ​មាន​ទស្សនៈ​វិស័យ​ប្រមូលផ្ដុំ​ការ​ចូលរួម​ពីគ្រប់​វិស័យ ដើម្បី​ផ្ដល់​ការ​គាំទ្រ​ទៅនឹង​តម្រូវ​ការ​នានា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​អនាម័យ និង​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដែលកំពុង​កើតមាន​ឡើង​ក្នុង​សង្គម។

ទន្ទឹម​នឹង​លទ្ធផល​វិជ្ជមាន​នេះ ដំណើរ​ការ​គម្រោង​ក៏បាន​ជួប​ប្រទះ​បញ្ហា​ចម្បង​មួយ​ពាក់ព័ន្ធនឹងការ​ជ្រើសរើស​យុវជនស្ម័គ្រ​ចិត្ត។ បើទោះ​បីជា​យុវជន​ស្ម័គ្រចិត្ត​គ្រប់រូប​មានទំនុកចិត្ត​ខ្ពស់​លើ​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​ទាំងមូល និង​បរិស្ថាន​ការងារ​សហភាព​ តែការ​ព្រួយ​បារម្ភ​ពី​សំណាក់​គ្រួសាររបស់​ពួកគេមួយចំនួន ទាក់ទិន​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន បានក្លាយជា​ឧបសគ្គ​ក្នុង​ការ​បន្ត​ការងារ​របស់​ពួកគេ។

លោក​ ផល ពិសាល នាយកប្រតិបត្តិ​គម្រោង​មូលនិធិម៉ានី ហៅកាត់​ថា TMF បាន​ឲ្យដឹងថា៖ "កន្លងមក ខ្ញុំ​អាច​ប្រមែប្រមូល​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ​ជា ២០០នាក់ ក្នុង​១សប្ដាហ៍ ដើម្បី​ចូលរួម​ប្រតិបត្តិ​គម្រោង​នានាបាន​ដោយ​ងាយស្រួល តែស្ថិតក្នុង​កាលៈទេសៈ​ប្រឈម​នេះ វា​ធ្វើ​ឲ្យ​មាន​ការលំបាកខ្លះៗ ក្នុង​ការ​ស្វែងរក​អ្នកស្ម័គ្រចិត្ត​ ហើយ​យើង​ទទួល​បាន​អ្នក​ស្ម័គ្រ​ចិត្ត​មិន​បាន​ដល់ ១០នាក់​ផង​ក្នុង​មួយ​សប្ដាហ៍។ ការ​ថមថយ​ចំនួន​យុវជន​ស្ម័គ្រ​ចិត្ត​នេះ ជាយថាហេតុបានក្លាយជា​បញ្ហា​ប្រឈម​នៃ​កង្វះ​កម្លាំង​ស្នូល​ក្នុង​ប្រតិបត្តិការ​គម្រោង។ យ៉ាង​នេះ​ក្ដី ក្រុម​ការងារ​បានកំពុង​ខិតខំ​យ៉ាង​ស្វាហាប់​ក្នុង​ការ​ជ្រើសរើស​ និងបែងចែក​កម្លាំង​ស្នូល​ដើម្បី​ឆ្លើយតប​នឹងតម្រូវការ​គម្រោង"។

លោក​បន្ត​ថា៖ "ស្របពេល​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​ជួប​ប្រទះ​ និង​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ​កូវីដ១៩នេះ ការជួយ​សង្រ្គោះ​ពួក​គាត់​ពី​ការ​ចម្លង​ និង​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស​នេះ គឺជា​រឿង​ល្អ​មួយ​ដែល​មនុស្ស​គ្រប់ៗ​រូប​គួរ​ធ្វើ ហើយ​សម្រាប់​ខ្ញុំ និង​ក្រុម​ការងារ ពិត​ជា​ទទួល​បាន​អារម្មណ៍​ល្អបំផុត នៅ​ពេល​បាន​រួម​ចំណែក​ជួយ​ដល់​ជន​រួមជាតិ។ បច្ចុប្បន្ន​យើង​ក៏​បាន​ឃើញ​ពី​លទ្ធផល​វិជ្ជមាន​ជាច្រើន ដែល​កើត​មាន​ជា​បណ្ដើរ​ៗ បន្ទាប់​ពី​ធ្វើ​គម្រោង​មួយ​នេះ ទទួល​បាន​ជោគជ័យ"។

បច្ចុប្បន្ន​យុវជន​ស្ម័គ្រចិត្ត​ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន បាន​ចូលរួម​ទ្រទ្រង់​ដល់​គម្រោង​មួយនេះ ដែល​ក្នុង​នោះ​​ កញ្ចប់​អំណោយ​មនុស្សធម៌ចំនួន ១១០០០កញ្ចប់ ត្រូវ​បាន​បែងចែក​ផ្ដល់​ជូន​ដល់​សហគមន៍​ចំនួន ១០៥ ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ជោគជ័យ។ កញ្ចប់​អំណោយនីមួយៗ មានដូចជា អង្ករចំនួន ៥គីឡូក្រាម សាប៊ូលាងដៃ​ចំនួន ១ដុំ ទឹកស៊ីអ៊ីវ​ចំនួន ១ដប និង​ទឹកភេសជ្ជៈ​ចំនួន ១កំប៉ុង។

លោក​ពិសាល លើក​ឡើង​ទៀតថា "សម្រាប់​ខ្ញុំផ្ទាល់ គឺ​មិន​បាន​រំពឹង​ទុក​នូវ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា​មួយ​ឡើយពី​ការ​អនុវត្ត​គម្រោង​នេះ ដោយ​សារ​ខ្ញុំ​តែង​តែ​ឲ្យ​តម្លៃ​លើ​វប្បធម៌​ចែករំលែក និង​ការ​ធ្វើ​ល្អ​បានល្អ។ ខ្ញុំជឿជាក់​យ៉ាង​មុតមាំថា ការផ្ដល់​ការ​ទំនុកបម្រុង​ទៅកាន់​សង្គម​ទាំង​មូល​ជា​រឿង​ល្អ​គាប់​ប្រសើរ​មួយ"។

សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិតផ្នែក​ច្បាប់​អន្តរជាតិ​នៅ​ប្រទេស​បារាំង លោក​ ផល ពិសាល ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ មកបំពេញ​ការងារ​ក្នុង​ផ្នែកអភិវឌ្ឍ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ចូលរួម​សកម្មភាព​ក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិញ។ បន្ថែម​ពីនេះ លោក​ក៏​ជា​​ជា​សាស្រ្ដាចារ្យ​មួយរូប​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញផងដែរ។ លោក​​ធ្លាប់​បាន​ដឹកនាំ​គម្រោង​សង្គម​មួយចំនួន និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ និង​ជោគជ័យ​ជាច្រើន។ ជាក់ស្ដែង​គម្រោង​ភ្នំពេញស្អាត ដែល​ជាយុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់នៃអនាម័យ​ក្នុង​ជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់​មនុស្ស​ទូទៅ ក្នុង​ប្រទេស​កម្ពុជា៕

មតិយោបល់