• 2020-06-09 03:00:38
  • សេដ្ឋកិច្ច

តោះ! មកស្វែងយល់ពីប្រវត្តិប្រាសាទតាមាន់ នៅខេត្តឧត្តរមានជ័យ

  • 2020-06-09 03:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយ ពីទីរួមក្រុង សំរោង ៤៨គីឡូម៉ែត្រ ។ ពីប្រាសាទតាមាន់ធំ ទៅប្រាសាទតាមាន់តូចមានចម្ងាយជិត ២គីឡូម៉ែត្រ។

ប្រាសាទតាមាន់ធំមានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែកដោយ ប្រាសាទនេះ បានធ្វើការចុះបញ្ជីសារពើភណ្ឌ័របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួចហើយ។

តាមការវាយតម្លៃរបស់អ្នកបុរាណវិទ្យា បានបញ្ជាក់ថា សំណង់ស្ថាបត្យកម្មប្រាសាទនេះ បានសាងសង់រួចហើយ តែផ្នែកចម្លាក់រចនាវិញយើង សងេ្កតឃើញថានៅ សល់ផ្ទៃច្រើននៃប្រាសាទ ដែលមិនទាន់ឆ្លាក់។ ម្យ៉ាងទៀតប្រាសាទតាមាន់ មានកំពែង ព័ទ្ធជុំវិញបែរ ទៅរកទិសខាងត្បូងដែលគេឆ្ងល់ថាហេតុ អ្វី? នេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំង ភូមិសាស្រ្ត គឺខ្ពង់រាប ចំណុចនេះមានចម្រាក់បែរទៅរក ទិសខាងត្បូង។ ចំណែកឯតួប្រាសាទទាំងមូល សាងសង់ មកជាប់នឹងចម្រាក់ដីតែម្តង។

អ្នកដែលធ្លាប់សិក្សាសំណង់ស្ថាបត្យកម្ម និង សិល្បៈខ្មែរបុរាណអាចនិងយល់ស្របគ្នាថា ប្រាសាទនេះ គឺជាស្នាមព្រះហស្ថ នៃព្រះបាទសូរ្យវរ្ម័នទី១ បើពុំនោះក៏ នៅជំនាន់ ឬរាជ្យនោះ (ផ្នែកទី១ នៃសតវត្សទី១១) ថ្វីត្បិត តែពុំឃើញមានសិលាចារឹកហើយពុំមានចម្លាក់រចនាបថក៏ដោយ។

បើតាមប្រភពឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ក្នុងរជ្ជ កាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ តាមរយះសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាងរបស់ប្រាសាទបានបញ្ជាក់ ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះសីវៈ។ នៅក្នុងប្រាសាទនេះ មានតំកល់ សសរលិង្គរបស់ព្រះសីវៈ ដែលគេហៅថា ស្វ័យម្ភូវលិង្គ “Svayambhuva Linga” មានន័យថា លិង្គកើតឡើង ដោយឯកឯង។

ស្វ័យម្ភូវលិង្គ “Svayambhuva Linga” គឺជាទីតាំងដ៏ពិសេសបំផុត សម្រាប់សម័យបុរាណហើយ ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងទីតាំងប្រាសាទនេះ គឺជាទីកន្លែងអាស្រម មួយ កាលពីសម័យមុនអង្គរនេះ យើងយោងទៅតាម សិលាចារឹកនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។

ប្រការគួរអោយចាប់អារម្មណ៍មួយទៀត គឺគេពុំ បានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺគេសាងសង់ផ្ទាល់លើថ្មភ្នំដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយប្រហែលជាយកថ្មនៅទីនោះ តែម្តងមកសង់ប្រាសាទ។ ចំពោះបដិមាវិញយើងពុំទាន់ឃើញមាន អ្វីទាំងអស់លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមា ធម្មជាតិស្រាប់។ នេះគឺជាសាច់ថ្មដុះមកលើត្រង់ហើយ ដែលខ្មែរបុរាណចាត់ទុកថាជាលិង្គ ។សូមជ្រាបថាលិង្គ មានពីរបែប។ លិង្គដែលមនុស្សឆ្លាក់ហើយអាចប្តូរទី កន្លែងបានដែលគេតែងយកទៅ តំកល់បញ្ចុះក្នុងយោនី នោះគេហៅថា“ស្ថាបិតលិង្គ“។ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុង ដីហើយដែលមានរូបរាងលេចចេញមកលើល្មមអាចឱ្យគេចាត់ទុកថា ជាលិង្គបានគេហៅថា “ស្វ័យម្ភូវ លិង្គ “ ន័យថា លិង្គដែលកើតឡើងដោយឯកឯង។

ចំពោះការគោរពសក្ការៈនៃលិង្គទាំងពីរគឺមានដូចគ្នា ប៉ុន្តែស្វ័យម្ភូវ លិង្គនៅទីនេះភ្ជាប់នៅក្រៅបរិវេណ ប្រាសាទតាមចង្អូរថ្ម ឬទរបង្ហូរទឹកមន្ត “ សោមសូទ្រ “ ដែលគេរៀបចំសម្រាប់ទឹកមន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅដើម្បីសាសនិក នានាត្រង យកទៅប្រើ ក្នុងជំនឿផ្សេងៗរៀងៗខ្លួន ។

(ប្រភព៖ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ)

មតិយោបល់