• 2020-06-20 01:36:42
  • ព័ត៌មាន

អាស៊ានពិចារណា លើការជំរុញការធ្វើដំណើរក្នុងតំបន់ឡើងវិញ ដែលធានាបានសុវត្ថិភាពទេសចរណ៍

  • 2020-06-20 01:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសទាំងឡាយរបស់អាស៊ាន បានបើកកិច្ចប្រជុំរួមគ្នា ក្នុងក្របខណ្ឌសហព័ន្ធសមាគមការធ្វើដំណើរអាស៊ី (FATA) តាមរយៈប្រព័ន្ធ Video Conference នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ ដើម្បីពិភាក្សាលើការបើកព្រំដែនឡើងវិញ សម្រាប់ទេសចរក្នុងតំបន់អាស៊ាន គោលនយោបាយ ក្នុងការជំរុញការធ្វើដំណើររបស់ទេសចរ ក្នុងស្រុករវាងប្រទេសអាស៊ាន ក៏ដូចជាការលើកទឹកចិត្ត (Incentives) និងផែនការ (Promotional Plans) ជំរុញការផ្សព្វផ្សាយ ដើម្បីជំរុញការធ្វើដំណើរក្នុងអាស៊ានផងដែរ។

ភាគីកម្ពុជា ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលពីលោក Honorable Tan Sri Dr. Ong Hong Peng អតីតអគ្គលេខាធិការនៃក្រសួងទេសចរណ៍ម៉ាឡេស៊ី និងមានការចូលរួមពីបណ្តារប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឥណ្ឌា។

ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានបង្ហាញពីបច្ចុប្បន្នភាពជូនអង្គសន្និសីទអំពីស្ថានភាពកូវីដ-១៩នៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មីៗមួយចំនួន រួមមាន វិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ (New Normalization Protocols for Health and Safety) ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ ស្របពេលដែលទេសចរផ្ទៃក្នុងកំពុងមានការកើនឡើង។ ការអនុវត្តនូវវិធានការសុវត្ថិភាព និងអនាម័យសម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍សម្រាប់ជំហានទី១ ដោយមានការសហការពីអង្គការទេសចរណ៍ពិភពលោក ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។

ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានបញ្ជាក់ថា កម្ពុជាពុំដែលបិទព្រំដែនជាមួយប្រទេសជិតខាងឡើយ ដោយទេសចរអន្តរជាតិ ដែលមកកម្ពុជាតម្រូវឱ្យមានលិខិតធានារ៉ាប់រងសុខភាពយ៉ាងតិច ៥ម៉ឺន ដុល្លារអាមេរិក និងតម្កល់ប្រាក់ចំនួន ៣ពាន់ ដុល្លារអាមេរិក សម្រាប់សេវាកម្មផ្សេងៗពាក់ព័ន្ធកូវីដ១៩ និងលិខិតបញ្ជាក់អវិជ្ជមាន COVID-19 ពីសំណាក់អាជ្ញាធរសុខាភិបាលរបស់ប្រទេសខ្លួន ដែលមានសុពលភាព ៧២ ម៉ោងមុនពេលធ្វើដំណើរមកកម្ពុជា។ តំណាងប្រទេសនីមួយៗបានលើកឡើងអំពីគោលនយោបាយ និងវិធានការពិសេសមួយចំនួនរបស់ប្រទេសខ្លួន។

ជាមួយគ្នានោះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ (CATA) ក៏បានលើកឡើងអំពីស្ថានភាពទីភ្នាក់ងារទេសចរណ៍នៅកម្ពុជា ៩៥% ប្រតិបត្តិករទេសចរណ៍បានផ្អាកអាជីវកម្ម ចំណែកប្រតិបត្តិករទេសចរណ៍ ៥% ទៀតកំពុងខិតខំបង្កើតសកម្មភាព ផលិតផលថ្មីដើម្បីទាក់ទាញទេសចរក្នុងស្រុក ក្នុងនោះទេសចរវ័យជំទង់កំពុងពេញនិយមក្នុងការឡើងភ្នំ និងបោះតង់។

សមាគម CATA បាននិងកំពុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុវត្ថិភាពក្នុងសេវាកម្មទេសចរណ៍ រួមមាន សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក៕

  • ក្រុមការងារគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមក្រសួងទេសចរណ៍
  • ក្រសួងទេសចរណ៍
  • Ministry_Of_Tourism

ប្រភព៖ ក្រសួងទេសចរណ៍

មតិយោបល់