• 2020-06-24 07:08:15
  • ព័ត៌មាន

បន្ទាយស្រីនឹងក្លាយជាស្រុកដែលគ្មានសំរាមដោយចំណាយពេល «មួយថ្ងៃក្នុងមួយខែម្តង» ដើររើសសំរាម

  • 2020-06-24 07:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងចំណាយពេលយ៉ាងហោចណាស់”មួយថ្ងៃក្នុងមួយខែម្តង” ដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ យុវជន និងសិស្សានុសិស្ស ដើររើសសំរាម និងធ្វើការងារបរិស្ថាននៅក្នុងភូមិរបស់ខ្លួនជារៀងរាល់ខែ។

ក្រោយពីទទួលបានការឯកភាពជារួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកាលពីព្រឹកមិញនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសម្របសម្រួលតាមដានការងារនេះជាប្រចាំ ដើម្បីធានាអោយបាននូវយន្តការអចិន្ត្រៃយ៍ថ្នាក់ភូមិមួយ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅតាមទីសាធារណៈនៅក្នុងភូមិឃុំ និងប្រែក្លាយបន្ទាយស្រីអោយស័ក្តិសមជាស្រុកទេសចរណ៍មួយ។ សកម្មភាពនេះនឹងបំពេញអោយការផ្តល់សេវាប្រមូលសំរាមនៅក្នុងស្រុក ដែលនឹងចាប់ផ្តើមក្នុងពេលទន្ទឹមគ្នានៅក្នុងខែកក្តដានេះ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ“២០២០ បន្ទាយស្រីស្អាត"ផងដែរ។

អនាម័យ ភាពស្អាត និងការស្រលាញ់បរិស្ថាន ចាំបាច់ត្រូវកើតចេញពីទម្លាប់ និងការស្ម័គ្រចូលរួមយ៉ាងទូលំលាយពីសំណាក់បងប្អូនប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋាន ហើយទាមទារអោយមានការដឹកនាំ អប់រំ និងជម្រុញលើកទឹកចិត្តជាប្រចាំផងដែរ។ រើសសំរាម ជម្រះស្មៅ ដាំផ្កា ដាំដើមឈើ និងរៀបចំអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ! ប្រសិនបើយើងនាំគ្នាធ្វើវាបន្តិចម្តងៗ ហើយធ្វើវាជាប្រចាំ និងធ្វើអោយបានគ្រប់ៗភូមិ ខ្ញុំជឿថាយើងនឹងអាចផ្លាស់ប្តូរឥរិយាបថរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថាន និងកែប្រែមុខមាត់របស់បន្ទាយស្រី អោយរឹតតែមានសោភ័ណភាពបន្ថែមទៀត។

រដ្ឋបាលស្រុកក៏នឹងរៀបចំអោយមានការប្រលងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់“ភូមិស្អាត ភូមិគំរូ” ក្នុងចំណោមភូមិទាំង៣៦ ដើម្បីជម្រុញអោយមានការខិតខំប្រឹងប្រែងរបស់ភូមិនីមួយៗរឹតតែខ្លាំងផងដែរ។

ប្រភព៖ ហ្វេសប៊ុកអភិបាលស្រុកបន្ទាយស្រី

មតិយោបល់