• 2020-07-27 09:00:32
  • ព័ត៌មាន

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា បដិមាដែលប្រទះឃើញនៅប្រាសាទអង្គរវត្តគឺមិនមែនជាការកប់ចោលទេ

  • 2020-07-27 09:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ដើម្បីចែករំលែកជុំវិញការងារដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះពុទ្ធបដិមាច្រើនអង្គ ក្នុងរណ្ដៅដីនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ តាមបទបង្ហាញរបស់ក្រុមអ្នកជំនាញ បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។

បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អំឡុងពេលធ្វើបាឋកថាបានរៀបរាប់ថា តាមការសិក្សាយ៉ាងលម្អិត និងត្រួតពិនិត្យនៅក្នុងរណ្ដៅកប់បំណែកព្រះពុទ្ធបដិមា ឃើញថាការកប់នេះមិនមែនជាការកប់បោះចោលនោះទេ។ លោកស្រីពន្យល់ថា ការកប់នេះគឺមានការយកចិត្តទុកដាក់បំផុត ដោយមានការកប់ជាដំណាក់ៗនិងដោយព្រឹត្តព្រៀងបំផុតដើម្បីចំណេញទីតាំង។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ពន្យល់បន្ថែមថា ជាទូទៅសម្រាប់អ្នកមានជំនឿដែលជឿលើបដិមាដែលស័ក្ដិសិទ្ធិទាំងនោះ គឺតែងរៀបចំរូបដែលបាក់បែកនៅកន្លែងទីតាំងសមរម្យ តែមិនមែនមានន័យថាបោះចោលទេ។ តួយ៉ាងករណីនៅប្រាសាទអង្គរវត្តនេះ គឺចាស់បុរាណសម័យមុនទុកដាក់រៀបចំកប់ត្រឹមត្រូវ និងដោយការគោរពវត្ថុទាំងនោះ។

គួររំលឹកថា នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានគ្រប់គ្រងទឹក ក្នុងគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត បានប្រទះឃើញបំណែកព្រះពុទ្ធបដិមាច្រើនអង្គក្នុងរណ្ដៅរួមមួយ។ បំណែកទាំងនោះមាន ដងខ្លួនព្រះពុទ្ធបដិមាសម័យក្រោយអង្គរ បំណែករូបសិល្បៈ សម្ភារប្រើប្រាស់ កាំបិទ ដប។ល។ ដែលតាមការសន្និដ្ឋានរូបទាំងនោះត្រូវបាននាំយកពីរូតព្រះពាន់ និងតាមការសន្និដ្ឋាន ការកប់នេះអាចធ្វើឡើងនៅអំឡុងឆ្នាំ១៩៨០ប៉ុណ្ណោះ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់