• 2020-08-01 07:45:01
  • ព័ត៌មាន

Forte Life Assurance និង E-School Cambodia ចុះ MoU ដើម្បីផ្ដល់ការធានារ៉ាប់រងអាយុជីវិតដល់សិស្ស Online ១៥០០០នាក់

  • 2020-08-01 07:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងដំណាក់កាលដំបូង ដើម្បីផ្ដល់ការធានារ៉ាប់រងអាយុជីវិត និងសុខុមាលភាព ដល់សិស្សនិស្សិតចំនួន ១៥,០០០នាក់ ដែលកំពុងរៀន Online តាមរយៈ E-School Cambodia ក្រុមហ៊ុនធានារ៉ាប់រង Forte Life Assurance និងសាលា Online មួយនេះបានចុះអនុសារណៈយោគយល់គ្នា (MoU) មួយ កាលពីថ្ងៃទី ៣១ កក្កដា ២០២០ នេះ។

អនុសារណៈយោគយល់គ្នារវាង Forte Life Assurance និង E-School Cambodia ធ្វើឡើងក្នុងខ្លឹមសារដើម្បី «ផ្ដល់ការធានារ៉ាប់រងអាយុជីវិតទំពាំងស្នងឫស្សីនៅកម្ពុជា» ដែលបញ្ជាក់ឲ្យឃើញថា ក្នុងដំណាក់កាលកំពុងជួបការលំបាក ប្រឈមនឹងបញ្ហារីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនទាំងពីរ បានយកចិត្តទុកដាក់ចូលរួមចំណែកដោះស្រាយបញ្ហានេះបានមួយផ្នែក។

លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Forte Life Assurance លើកឡើងថា «តាមរយៈអនុសារណៈយោគយល់គ្នានេះ គឺធានាដល់សិស្សនិស្សិតនូវ សុវត្ថិភាពក្នុងពេលសិក្សា និរន្តរភាពនៃការសិក្សា និងជំរុញឲ្យមានគម្លាតសង្គម ដើម្បីការពារសុខភាពពីជំងឺកូវីដ-១៩។»

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់នៃ E-School Cambodia ប្រាប់ថា Forte Life Assurance ធានារ៉ាប់រងលើអាយុជីវិត និងនិរន្តរភាពនៃការសិក្សា E-School Cambodia ធានាលើ ប្រសិទ្ធភាពនៃការបង្រៀន និងរៀន ដោយមានគ្រូដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ សិស្សរៀនតាម Online រៀនដោយពេញចិត្ត ស្មើភាពគ្នា និងរៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

លោកបញ្ជាក់ថា «ក្នុងកាលៈទេសៈកូវីដ-១៩ សាលារបស់លោកនឹងប្រឹងប្រែងជួយវិស័យអប់រំឲ្យដើរទៅមុខដោយរលូន និងជោគជ័យ។ ស្ថានភាពនេះ នឹងធូរស្រាលឡើងវិញ ហើយសិស្សនិស្សិតអាចចូលរៀននៅក្នុងសាលាធម្មតា E-School Cambodia ក៏មិនមានទិសដៅដើម្បីប្រជែងនឹងវិស័យអប់រំរបស់រដ្ឋនោះទេ ផ្ទុយមកវិញសាលា Online នឹងដើរតួនាទីជាអ្នកបំពេញបន្ថែមនូវចំណុចខ្វះខាត និងតម្រូវការរបស់សិស្សនិស្សិត ឲ្យកាន់តែប្រសើរឡើង»

មតិយោបល់