• 2020-08-03 06:37:41
  • ព័ត៌មាន

«ធុងសំរាមបន្ទាយស្រី» ស្នាដៃកូនខ្មែរ សាមញ្ញ ងាយស្រួលធ្វើ មានភាពទាក់ទាញ

  • 2020-08-03 06:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ធុងសំរាមបន្ទាយស្រី» គឺជាធុងសំរាមសហគមន៍នៅជនបទ ដែលបង្កើតឡើងក្នុងគោលបំណង អប់រំឲ្យភ្ញៀវទេសចរដែលឆ្លងកាត់ ឬមកលេងក្នុងភូមិព្រះដាក់ និងអ្នកភូមិខ្លួនឯងផ្ទាល់ផង យល់ពីសារៈសំខាន់នៃអនាម័យ ការដាក់សំរាមនៅក្នុងធុង មិនបោះចោលពាសវាលពាសកាល។

គួរបញ្ជាក់ដែរថា ការកែច្នៃធុងសម្រាម ប្រភេទនេះនៅក្នុង ស្រុកបន្ទាយស្រី ព្រោះហេតុផលទី១ នោះគឺសោភ័ណភាព និងអនាម័យ ឬឯហេតុផលទី២ ដោយសារតំបន់នេះជាតំបន់ទេសចរណ៍ និងជាភូមិបុរាណនៅក្នុងតំបន់បេតិកភ័ណ្ឌ។ ការជ្រើសរើសយកជាលរពាក់ និងឫស្សីយកមកប្រើប្រាស់ គឺដើម្បីរក្សាអត្តសញ្ញាណនៃតំបន់នេះ ឬឯការរចនាកែច្នៃទៀតសោតត្រូវតែសាមញ្ញ មិនប៉ះពាល់បន្ថែមដល់បរិស្ថាន ងាយធ្វើដោយខ្លួនឯង និងមិនចំណាយច្រើន។

ឫស្សីដែលយកមកធ្វើជាដងទម្រនេះអស់មិនដល់១០០០០រៀលផង ហើយអាចប្រើបានយូរទៀត ចំណែកឯជាលរពាក់នោះគឺមួយតែ៧០០០រៀលប៉ុណ្ណោះ។ ជាការពិត ជាលរពាក់បើទុកហាលក្តៅហាលភ្លៀង មិនបានយូរអង្វែងទេ តែបើព្យួរវាផុតពីដីបែបនេះហើយមានលាបជ័រទឹករឺបាញ់ថ្នាំវ័គនីពីលើទៀត វាអាចមិនងាយដាច់គូទ និងប្រហែលជាអាចប្រើបាន១ឆ្នាំអីដែរ។ ចំណែកឯការប្រើប្រាស់វិញ បើមានដាក់ថងខ្មៅទ្រាប់ពីក្នុងទៀតក៏អាចជួយឲ្យប្រើបានរឹតតែបានយូរ តែនោះគឺជាជម្រើសរៀងៗខ្លួនរបស់ម្ចាស់ផ្ទះនីមួយៗតែប៉ុណ្ណោះ ព្រោះថង់អាចបន្ថែមចំណាយរាល់ថ្ងៃដែរ។ តែយើងក៏មិនគួររំពឹងទុកហួសហេតុពេកពីរបស់តម្លៃត្រឹមតែ៧០០០រៀលនោះដែរ បើប្រើបាន១ឆ្នាំមែន វាអស់ប្រហែលតែ២០រៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ មិនខុសអីពីជំនាន់យើងមិនទាន់មានថងផ្លាស់ស្ទីកប្រើនោះទេ ទោះបីស្លឹកឈូកនិងស្លឹកចេកប្រើម្តងហើយបោះចោល ក៏នៅតែប្រើបានព្រោះវាធូរថ្លៃ។ ម្យ៉ាង ប្រដាប់ដាក់សំរាមបើប្រើយូរពេកក៏មានមេរោគច្រើនដែរ ហើយបើខូចបោះចោលទៅរពាក់និងឫស្សីមិនប៉ះពាល់បរិស្ថានទេ តែបើទិញថ្មីវិញក៏បានជួយជាចំណូលអ្នកលក់ជាលទៀតផង។

ជាក់ស្តែង រដ្ឋបាលស្រុកនឹងចែកដងបង្គោលឫស្សីមួយចំនួនជូនដល់តាមកន្លែងមានលក់ជាលរពាក់ទាំងនេះ ព្រោះពួកគាត់មានជាលនេះស្រាប់ ដោយសុំឲ្យគាត់ដាក់ជាលដោយខ្លួនឯងផង តាំងបង្ហាញជាគំរូដល់អ្នកភូមិផង និងប្រាប់ថាជាលរពាក់ទាំងនេះអាចរកទិញបានក្នុងតម្លៃធូរថ្លៃនៅទីនេះផង។

លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណុង បានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោកថា មិនអាចមានពាក្យថា«ភូមិគំរូ»ដោយមិនមានវត្តមាននៃ«ប្រជាជនគំរូ»នោះទេ ក្នុងនោះដែរ ការងារគ្រប់គ្រងសំរាមនៅក្នុងភូមិព្រះដាក់ នឹងក្លាយទៅជាវិញ្ញាសាមួយដ៏សំខាន់នាពេលអនាគត សម្រាប់ការប្រកួតប្រជែងពីកម្រោងភូមិគំរូនេះផងដែរ៕

ប្រភព ៖ ហ្វេសប៊ុកផ្លូវការ អភិបាលស្រុកបន្ទាយស្រី

អត្ថបទ ៖ Art

មតិយោបល់