• 2020-08-20 03:51:24
  • សេដ្ឋកិច្ច

ស្រស់ស្រាយបំផុត!​ ទឹកធ្លាក់អន្លង់ធំ ខេត្តកំពត ទាក់ចិត្តអ្នកចូលចិត្តងូតទឹកជ្រោះធ្លាក់ពីលើភ្នំ

  • 2020-08-20 03:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកជ្រោះ អន្លង់ធំ ស្ថិតនៅក្នុងសហគមន៍​ព្រែកត្នោត ជារមណីយដ្ឋានបែបធម្មជាតិ ទាក់ចិត្តភ្ញៀវទេសចរណ៍គ្រប់គ្នា​មក​ទស្សនាកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ និង​ថ្ងៃឈប់សម្រាក។ តើទឹកធ្លាក់​អន្លង់ធំ មានអ្វីប្លែក និងអស្ចារ្យ?

ទឹកធ្លាក់អន្លង់ធំ​ គឺជារមណីយដ្ឋាន​ ដែល​ទាក់ចិត្តភ្ញៀវទេសចរបំផុត ព្រោះជា​មានទឹកធ្លាក់ពីលើ​ភ្នំបូកគោ ហើយ​ទឹក​ហូរ​ធ្លាក់ទៅ​កាន់​តំបន់​សមុទ្រ ហើយមានព្រៃឈើ​ច្រើន និង​មាន​ថ្មដុះច្រូងច្រាង ធ្វើ​ឲ្យ​ទឹក​ហូរ​បោក​លើ​ផ្ទៃថ្មធំ​ ជាទីចាប់អារម្មណ៍ និង​ទឹកថ្លាឈ្វេង មាន​មច្ឆាតូចធំ​ ហែលប្រដេញគ្នា​ គួរជាទីសែនមនោរម្យ សម្រាប់អ្នក​និយម​ចូលចិត្ត​ហែរទឹកកម្សាន្ត​នៅ​ទី​ភ្នំបែប​ធម្មជាតិ។​

ទឹកជ្រោះ​ខាង​លើ​នេះ​ស្ថិត​នៅ​ចម្ងាយប្រមាណជា ២៧គីឡូម៉ែត្រ​ពីទីរួមខេត្តកំពត​ ដោយ​ធ្វើ​ដំណើរ​តាមផ្លូវ​ទៅ​កាន់​វាលរេញ​ មក​ដល់​ត្រឹម​គីឡូម៉ែត្រ​លេខ ១៧៧-១៧៨ នៅខាងស្ដាំដៃ​នឹង​ឃើញ​ឈ្មោះវិទ្យាល័យ ហ៊ុន សែន​ ព្រែកត្នោត ហើយ​បន្ដ​ដំណើរ​តាមផ្លូវ​សាលានេះ ក្នុង​ចម្ងាយ​ប្រមាណ​ជា​ជាង​១គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​ឈ្មោះ​របស់​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ធំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ក្រែង ឃុំព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត។

អ្នកលក់ដូរ​នៅ​រមណីយដ្ឋាន​អន្លង់​ត្នោត បាន​និយាយប្រាប់​ Sabay ថា នៅ​អំឡុង​នៃការ​ផ្ទុះ​ជំងឺកូវីដ១៩​ដំបូង រមណីយដ្ឋាន​នេះ​ឆ្ងាត់ជ្រងំ ប៉ុន្ដែ​ក្រោយ​ពីស្ថានភាព​ជំងឺកូវីដ១៩​ ហាក់​ធូរស្បើយ​ នៅ​អំឡុង​១ខែមកនេះ ភ្ញៀវ​ទេសចរណ៍​ ហាក់​មក​កម្សាន្ត​ច្រើន​ខុសពី​ធម្មតា ជាពិសេស​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​​ ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​ ជំនួសថ្ងៃចូលឆ្នាំនេះ​។​

ចំពោះម្ហូប​អាហារ​នៅទីនេះ​មានសម្បូរបែប​ មានទាំងមាន់​ សម្លកុម្ម៉ង់ ហើយ​ក៏មាន​គ្រឿង​សមុទ្រ​ធ្វើ​ភ្លាមៗ​ តាមតម្រូវ​ការ​ភ្ញៀវទេសចរ ហើយ​តម្លៃធូរថ្លៃ ទោះថ្ងៃ​បុណ្យ​ក៏​លក់ដូរ​ធម្មតា ព្រោះ​មាន​តារាង​បង្ហាញ​ដោយ​សហគមន៍​ទេសចរណ៍​។

គួរកត់សម្គាល់ថា រមណីយដ្ឋាន​ធម្មជាតិ​អន្លង់​ធំ​បាន​បង្កើត​ឡើង​អំឡុងឆ្នាំ ២០០៣ លើ​ផ្ទៃ​ដីជិត ២០០ហិកតា គាំទ្រ និង​ឧបត្ថម្ភ​ពី​សំណាក់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា (SCW) និង​អង្គការ​ជួយ​ជន​ក្រីក្រ (CRS)។ រមណីយដ្ឋាន​អន្លង់​ធំ ក៏​មាន​សេវា​ផ្តល់​ផ្ទះ​សម្រាប់​ជូន​ភ្ញៀវ​ស្នាក់​នៅ​ផង​ដែរ ដោយ​ផ្ទះ​ទាំង​នោះ​ជ្រើស​រើស​យក​ផ្ទះ​ប្រជា​ពលរដ្ឋ​សហគមន៍​ទាំង​បួន​ភូមិ​ទូទាំង​ឃុំ​តែ​ម្តង​៕​

កន្លែងលក់ដូរផ្នែកខាងលើ មានកុម្ម៉ង់ម្ហូប និង​លក់ដូរឥវ៉ាន់ច្រើន
ធ្វើដំណើរប្រមាណជា​១៥០ម៉ែត្រ ពីកន្លែងលក់ដូរ​មកដល់ស្ពាន​នេះ ហើយដើរឆ្លងទៅ​កន្លែងទឹកធ្លាក់
ដើរឆ្លងកាត់ស្ពាន​ហើយ នៅផ្នែកខាងមុខ​មាន​កញ្ចុះ​ជាច្រើន​ឆ្វេង ស្ដាំ តាមជ្រលងទឹកធ្លាក់ពីលើភ្នំបូកគោ​ គួបផ្សំ​នឹង​ដើមឈើ តូច ធំ រួមនឹង​ផ្ទាំងថ្មផង​ កាន់តែធ្វើ​ឲ្យ​ការសម្រាកលំហែរ​ មានអារម្មណ៍ស្រស់ស្រាយ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់