• 2020-08-28 08:57:44
  • ព័ត៌មាន

ទិដ្ឋភាពខាងលិចប្រាសាទ​អង្គរវត្ត​ កំពុងកែប្រែ​ឲ្យ​កាន់តែស្អាត​

  • 2020-08-28 08:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០អំពីការអភិវឌ្ឍនៅបរិវេណខាងលិចប្រាសាទអង្គរវត្តថា៖ ចាប់ពីថ្ងៃនេះទៅ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។ សូមកុំភ្លេចមកលេងអង្គរវត្ត! មកម្តងនេះ ភ្ញៀវទេសចរពិតជាប្លែកភ្នែកនឹងភាពស្រស់ស្អាតត្រជាក់ចិត្តមិនខាន!»។

គំរូប្លង់

លោក កុសល បញ្ជាក់ថា ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។ ក្នុងនោះដែរ យើងក៏បានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍។

សូមបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ពន្ធនិងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរផង។ មកដល់ពេលនេះ យុទ្ធនាការរុះរើសំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នងក៏បានរួចរាល់អស់ទាំងស្រុងដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ ហើយទីធ្លាខាងលិចប្រាសាទអង្គរវត្តនេះក៏ពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនិងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងប្លែកភ្នែកជាខ្លាំងដល់ទេសចរតាមការគ្រោងទុក៕

រូបភាព៖ លោក ហាប់ គឹមអាន / លោក យី សុថា

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

មតិយោបល់