• 2020-09-01 03:34:22
  • ព័ត៌មាន

អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារជាច្រើននាក់ កើតជំងឺគ្រុនផ្តាសាយធំ

  • 2020-09-01 03:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីជំងឺគ្រុនផ្តាសាយធំ​ (Influenza A) បានកើតឡើងលើក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា៖

ក្រសួងសុខាភិបាល​ បានជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖​ នាព្រឹកវេលាម៉ោង​ ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​ បានទទួលព័ត៌មានអំពី ហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ​ ជាច្រើន​នាក់​ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ​ ក្រោយពីការចុះស្រាវជ្រាវ​ និងពិនិត្យស្ថានភាពជំងឺ​ ដោយក្រុមការងារឆ្លើយតបបន្ទាន់​ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ​ តាមលក្ខណ:បច្ចេកទេស​ អ្នកជំងឺ​ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វេីការបែងចែកចេញដូចខាងក្រេាមៈ

១ - អ្នកជំងឺចំនួន ១៤៧នាក់ (ស្ដ្រី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក​ ផ្តល់ការព្យាបាល​ និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩​

២ - អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបាន​ដាក់ឲ្យនៅបន្ទប់ដាច់ដេាយឡែកផ្សេងមួយទៀត​ និង

៣ -​ អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្ដ្រី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដេាយឡែកផ្សេងៗគ្នា។

នៅថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២០​ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ:​ បានបង្ហាញ​ថា​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នា​ ដូច្នេះ​ មិនមែនជាករណីជំងឺកូវីដ-១៩​ នោះទេ​ ហើយលទ្ធផលវិភាគ​មន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា​ ជាករណីជំងឺផ្តាសាយធំ​ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា​បានក្នុងទ្រង់ទ្រាយបែបនេះដែរ​ ប្រសិនបើបុគ្គល​ម្នាក់ៗ​ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ​ ក៏បានធ្វេីការអប់រំ​សុខភាព​ ដើម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន​ កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

បច្ចុប្បន្ន​ ស្ថានភាពសុខភាពរបស់អ្នកជំងឺ​ មានសភាពល្អប្រសើរជាបណ្តើរៗ​ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន​ មេត្តាជ្រាបជាព័ត៌មាន​ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩​ផង និងការពារជំងឺផ្តាសាយធំ​ផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ ឫឆ្លងនៅក្នុងក្រុមគ្រួសារ​ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕

ប្រភព៖ ក្រសួងសុខាភិបាល

មតិយោបល់